ឯកឧត្តមបណ្ឌិត ថោង ខុន វាយតម្លៃខ្ពស់ ចំពោះក្រុមការងារសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងដំណាក់កាលកូវីដ-១៩

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការបច្ចេកទេសសម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី២៨ ខែធ្នូនេះ បានដឹកនាំប្រតិភូ ចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់នៃកីឡដ្ឋានធំ (Main Stadium) និងបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងសារជូនពរពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដល់ថ្នាក់ដឹកនាំសាងសង់ វិស្វករ និងកម្មករទាំងភាគីចិន និងកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ខាងមុខផងដែរ។
ឆ្លៀតឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រីបានធ្វើការវាយតម្លៃខ្ពស់ ចំពោះក្រុមការងារសាងសង់ ពិសេសក្រុមហ៊ុនសាងសង់ CSCEC តំណាងភាគីចិន រួមទាំងកម្មករសរុប ៥៣៤នាក់ ដែលបានខិតខំប្រឹងប្រែងសាងសង់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ដោយបន្ដការសាងសង់ធម្មតា និងជំរុញឲ្យសំណង់ជាប្រវត្តិសាស្ដ្រលេចរូបរាងឡើង រហូតមកទល់ពេលនេះសម្រេចលទ្ធផលបានប្រមាណ ៨៥% ហើយគ្រោងនឹងបញ្ចប់ទាំងស្រុង នៅដំណាច់ខែឧសភា ឆ្នាំ២០២១ ខាងមុខ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងថា «ថ្ងៃនេះ គណៈកម្មការបច្ចេកទេសបានមកជួបជុំគ្នា ដើម្បីជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ហើយអរគុណពួកគាត់ និងកោតសរសើរដល់កិច្ចខិតខំរបស់គាត់ប្រកបដោយការទទួលខុសត្រូវ ពិសេសយើងសង្កេតឃើញក្នុងដំណាក់កាលកូវីដ-១៩ ការសាងសង់អត់មានឈប់ទេ គាត់គ្រប់គ្រងបានល្អណាស់ ទាំងកម្មករខ្មែរ និងកម្មករចិន»។
ឯកឧត្តមរដ្ឋមន្ដ្រីបន្ដថា «ក្នុងដំណាក់កាលកូវីដ-១៩ ក៏ត្រូវការអ្នកជំនាញចិនប្រហែល ៥៩នាក់ ដើម្បីរៀបចំដំបូល និងការងារមួយចំនួនដែរ ហើយយើងបានសម្រួលជាមួយគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីឲ្យពួកគាត់បានមក តែត្រូវអនុវត្តវិធានក្រសួងសុខាភិបាលយ៉ាងម៉ត់ចត់ ដោយធ្វើចត្ដាឡីស័ក ១៤ថ្ងៃ។ ដូច្នេះការសាងសង់នៅទីនេះ គឺអត់មានយឺតទេ ទោះការងារខ្លះយឺតតិចតួច ដោយសារសម្ភារៈមួយចំនួន ត្រូវដឹកមកពីក្រៅប្រទេស ដូចជាដំបូល ដែលដឹកនាំពីប្រទេសអាល្លឺម៉ង់ជាដើម»។
ផ្អែកលើសមិទ្ធផលដែលកំពុងបង្ហាញរូបរាងដ៏ទាក់ទាញនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានចាត់ទុកនេះគឺជាមោនទភាពជាតិមួយសម្រាប់ចំណងមិត្តភាព សាមគ្គីភាពរវាងចិន និងកម្ពុជា ហើយក៏ជាសម្បត្តិដ៏អស្ចារ្យដែលជាអនុស្សាវរីយ៍ សម្រាប់ប្រជាជនកម្ពុជាបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយផងដែរ។
សូមបញ្ជាក់ថា បន្ទាប់ពីសាងសង់សំណង់រឹងស្ទើររួចរាល់ ១០០% បច្ចុប្បន្នក្រុមការងារសាងសង់ កំពុងមមាញឹកក្នុងការបំពាក់ដំបូល ដោយសម្រេចបានលទ្ធផលប្រមាណ ៧០% និងជញ្ជាំង ដែលរំលេចនូវផ្ការំដួល បានសម្រេចលទ្ធផលប្រមាណជាង ៩០%។ រីឯការតុបតែងបន្ទប់ និងការសាងសង់ទីលានស្មៅធម្មជាតិ ក៏ដូចជាទីលានរត់អត្តពលកម្មវិញ ក៏កំពុងដំណើរការសាងសង់ជាបន្ដបន្ទាប់ផងដែរ។
កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១៦០លានដុល្លារ។ សមិទ្ធផលដ៏ធំសម្បើម ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់នេះ គឺសាងសង់ឡើង ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.