ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ពេល៣ថ្ងៃនៃបុណ្យអុំទូក មានភ្ញៀវចេញដើរកម្សាន្តជាង៩០ម៉ឺននាក់, ពួកគេធូរស្រាលក្នុងចិត្តព្រោះបានដើរកម្សាន្តពេញលេញឡើងវិញ

(ភ្នំពេញ)៖ បើតាមឯកឧត្ដម ថោង ខុន ដែលបានមានប្រសាសន៍ថា៖ នាឱកាសថ្ងៃឈប់រយៈពល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប៩១០,១៥០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៨៩៩,៨៦៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១០,២៨១នាក់។
ស្ថិតិភ្ញៀវទេសចរប្រចាំថ្ងៃ រួមមាន៖
* ថ្ងៃទី១៖ មានភ្ញៀវសរុបចំនួន១៣២,០១៣នាក់
* ថ្ងៃទី២៖ មានភ្ញៀវសរុបចំនួន៣៣២,៨៧៥នាក់ កើនឡើង ១៥២.១៥% ធៀបនឹងថ្ងៃទី១
* ថ្ងៃទី៣៖ មានភ្ញៀវសរុបចំនួន៤៤៥,២៦២នាក់ កើនឡើង ៣៣.៧៦% ធៀបនឹងថ្ងៃទី២ ហើយបើធៀបថ្ងៃទី១ គឺកើនឡើង ២៣៧.២៨%។
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖
* រាជធានីភ្នំពេញ ១៩៩,៨៣៥នាក់
* ខេត្តសៀមរាប ១១៨,១៤៦នាក់
* ខេត្តព្រះសីហនុ ១១១,៣២២នាក់
* ខេត្តកំពត ៨៣,៤៦៦នាក់
* ខេត្តកែប ៧៥,៨៦៥នាក់
* ខេត្តពោធិ៍សាត់ ៥៣,៨០៧នាក់
* ខេត្តបាត់ដំបង ៣៨,៦៦៧នាក់
* ខេត្តកំពង់ស្ពឺ ៣៧,៤៦៥នាក់
* ខេត្តមណ្ឌលគិរី ៣២,៩៥៧នាក់
* ខេត្តកណ្តាល ២៧,២៨០នាក់
* ខេត្តរតនគិរី ២៤,៥៩៦នាក់
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការកត់សម្គាល់ថា ចំនួនភ្ញៀវទេសចររយៈពេល៣ថ្ងៃនេះ លើសពីរំពឹងទុក ក្នុងនោះយើងឃើញថា តួលេខាងលើមានការកើនឡើង ៥៤.៣៤% ធៀបនឹងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២០ ហើយបើធៀបភ្ញៀវពេលឈប់សម្រាកភ្ជុំបិណ្ឌ៣ថ្ងៃដូចគ្នានាដើមខែតុលា ឆ្នាំ២០២១ ថ្មីៗនេះ គឺមានកើនឡើង ៣៦.៩២%។ ទន្ទឹមនឹងនេះ ក្រៅពីគោលដៅទេសចរណ៍ និងរមណីយដ្ឋានសំខាន់ៗ ក៏មានប្រជាពលរដ្ឋជាច្រើនផ្សេងទៀតដើរកម្សាន្តមិនឆ្ងាយពីគេហដ្ឋាន ដូចជាជួបជុំញ៉ាំអាហារជាក្រុមគ្រួសារនៅតាមភោជនីយដ្ឋាន និងកន្លែងដែលមានការៀបចំជាក្ចុស (ដូចជាតាមបណ្តោយមាត់ទន្លេនៅព្រែកលាប បាក់ខែងជាដើម)។
ឯកឧត្ដមបានបន្តថា ចរន្តភ្ញៀវដ៏ច្រើនក្នុងរយៈពេល៣ថ្ងៃនេះ គឺបានមកពីការអនុញ្ញាតរបស់រាជរដ្ឋាភិបាលក្នុងការដំណើរការ និងជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ការបើកឡើងវិញនូវគោលដៅដែលមានការរៀបចំបានល្អក្នុងកំឡុងពេលជំងឺកូវីដ-១៩នេះ ពិសេសគោលដៅសៀមរាប-អង្គរ និងក្រុងព្រះសីហនុដែលបានកំពុងរៀបចំហេដ្ឋារចនាសម្ពន្ធ និងសោភ័ណភាពបានស្រស់បំព្រងទាក់ទាញបានមកវិញនូវកំណើនភ្ញៀវទេសចរផ្ទៃក្នុង ស្របពេលដែលរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេស ក៏បានបើកដំណើរការឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។
ម្យ៉ាងវិញទៀត ទោះបីពុំមានការរៀបចំការប្រណាំងទូកថា្នក់ជាតិ ប៉ុន្តែប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានចេញដើរកម្សាន្តយ៉ាងច្រើនកុះករនៅមុខព្រះបរមរាជវាំង តាមសួនច្បារបណ្តោយទន្លេចតុមុខ តំបន់កោះពេជ្រ វិមានឈ្នះ-ឈ្នះ ស្របពេលដែលបណ្តាខេត្តមួយចំនួនក៏បានរៀបចំការប្រណាំងទូក និងអុំទូកកម្សាន្ត ដូចជានៅខេត្តកណ្តាល ពោធិ៍សាត់ បន្ទាយមានជ័យ និងកំពង់ស្ពឺជាដើម។ ទន្ទឹមនឹងនេះ នៅតាមបណ្តាវត្តអារាម និងរមណីយដ្ឋានមួយចំនួនក៏បានរៀបចំពិធីអកអំបុក សំពះព្រះខែ ដើម្បីរក្សាទំនៀមទម្លាប់ និងទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងខេត្ត។
ឯកឧត្ដមថា ចំពោះឥរិយាបថភ្ញៀវទេសចរក៏មានប្រែប្រួលខ្លះដែរធៀបនឹងពេលកន្លងមក ដោយក្នុងនោះពួកគាត់មួយចំនួនបានងាកមកប្រើប្រាស់សេវារបស់មូលដ្ឋានអាជីវកម្ម ដូចជាការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ និងសណ្ឋាគារធម្មតា ផ្ទះសំណាក់ ដែលបានធ្វើឲ្យអត្រាកក់បន្ទប់ស្នាក់នៅតាមខេត្តគោលដៅទេសចរណ៍សំខាន់ៗមានកម្រិតខ្ពស់ និងការចូលទទួលទានអាហារដោយផ្ទាល់នៅតាមបណ្តាអាហារដ្ឋាន និងភោជនីយដ្ឋានក៏មានការកើនឡើង ខណៈដែលនាពេលកន្លងមក ពួកគាត់ច្រើនតែត្រៀមសម្ភារៈ និងម្ហូបអាហារដាក់តាមខ្លួនច្រើនជាងចូលទទួលទានផ្ទាល់នៅក្នុងហាង។
ឯកឧត្ដមបានបញ្ជាក់ថា «កត្តាទាំងអស់នេះ សបញ្ជាក់ឲ្យឃើញនូវដំណើរត្រលប់ទៅរកប្រក្រតីភាពថ្មី និងធ្វើឲ្យមានចរន្តសេដ្ឋកិច្ចមានដំណើរការឡើងវិញ ពិសេសសម្រាប់មូលដ្ឋានអាជីវកម្ម និងវិស័យឯកជន ដែលបានផ្អាកសកម្មភាពនាពេលកន្លងមក»។
រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍បានខិតខំក្នុងការជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ SOP និងវិធានការ «៣កុំ និង ៣ការពារ» ក្នុងការទប់ស្កាត់កូវីដ-១៩ ដោយចាត់ក្រុមការងារជំនាញចុះអប់រំណែនាំផ្ទាល់ដល់គ្រប់មូលដ្ឋានអាជីវកម្ម ខណៈដែលបុគ្គលិកបម្រើការក៏ទទួលបានការចាក់វ៉ាក់សាំងពេញលេញផងដែរ។
ឯកឧត្ដមសង្កេតឃើញជារួមថា «ចំពោះភ្ញៀវទេសចរ ពួកគាត់មានរីករាយ និងហាក់មានអារម្មណ៍ធូរស្រាលក្នុងចិត្តក្នុងការដើរកម្សាន្តបានពេញលេញ ពិសេសក្រោយពេលដែលបានចាក់វ៉ាក់សាំងបានពេញលេញ និងស្ថានភាពទូទៅកំពុងត្រលប់ទៅរកប្រក្រតីភាពថ្មីជាបណ្តើរៗ»។
គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត កងកម្លាំងមានសមត្ថកិច្ច ពិតជាបានខិតខំក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ ស្របពេលចរន្តភ្ញៀវទេសចរមានភាពផុសផុលនៅគ្រប់រាជធានី-ខេត្ត៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.