បទយកការណ៍ទេសចរណ៍៖ ជិះកង់ហាត់ប្រាណគយគន់ទេសភាពបេតិកភណ្ឌ ជានិន្នាការថ្មីរបស់ពលរដ្ឋនៅសៀមរាប-អង្គរ

(សៀមរាប)៖ វិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជារងផលប៉ះពាល់យ៉ាងខ្លាំង ភ្ញៀវទេសចរអន្តរជាតិក៏មិនអាចដើរចេញទស្សនាក្រៅប្រទេសបាន រីឯភ្ញៀវទេសចរជាតិក៏ស្ថិតនៅក្នុងផ្ទះមិនសូវដើរចេញក្រៅប៉ុន្មានឡើយ ធ្វើឱ្យរមណីយដ្ឋានទេសចរណ៍នានាជួបនូវភាពខ្សត់វត្តមានភ្ញៀវទេសចរ ក្នុងនោះសៀមរាប-អង្គរក៏មិនខុសគ្នាដែរ។
ប៉ុន្តែការផ្លាស់ប្ដូរនូវមធ្យោបាយទេសចរណ៍ថ្មីមួយក៏បានលេចឡើងនៅអង្គរ-សៀមរាប ដោយគេឃើញមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរភាគច្រើនបាននាំគ្នាជិះកង់ហាត់ប្រាណ ឬរត់ហាត់ប្រាណកម្សាន្តនៅតាមរមណីយដ្ឋានបេតិកភណ្ឌពិភពលោកមួយនេះយ៉ាងពេញនិយម។
ពួកគេជិះកង់ចេញពីក្រុងសៀមរាបឆ្ពោះទៅឧទ្យានអង្គរ ដោយភាគច្រើនកាត់តាមមុខប្រាសាទអង្គរវត្ត ភ្នំបាខែង ចូលក្រុងអង្គរធំតាមខ្លោងទ្វារទន្លេអុំ ប្រាសាទបាយ័ន្ត ប្រាសាទបាពួន ព្រះលានជល់ដំរី។ នៅពេលមកដល់កន្លែងនេះ អ្នកខ្លះក៏ឈប់សម្រាកសិន ឯអ្នកខ្លះទៀតក៏បន្តដំណើរតាមផ្លូវវង់តូច ដោយកាត់តាមខ្លោងទ្វារជ័យ សួនបណ្ដុះកូនឈើរបស់អាជ្ញាធរជាតិអប្សរា ប្រាសាទតាកែវ ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយក្ដី ស្រះស្រង់ ប្រាសាទក្រវាន់ជាដើម។
ចំណែកឯអ្នកខ្លះក៏បន្តពីព្រះលានជល់ដំរីទៅតាមផ្លូវវង់ធំកាត់តាមខ្លោងទ្វារដីឆ្នាំង ប្រាសាទក្រោលរមាស ប្រាសាទព្រះខ័ន បារាយណ៍ខាងជើង ដែលមានប្រាសាទនាគព័ន្ធនៅចំកណ្ដាល ប្រាសាទក្រោលគោ ប្រាសាទតាសោម បារាយណ៍ខាងកើត និងប្រាសាទមេបុណ្យខាងកើត ប្រាសាទប្រែរូប ស្រះស្រង់ជាដើម និងបន្តមកដល់កសិន្ធុខាងកើតប្រាសាទអង្គរវត្ត។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍សៀមរាប បានឱ្យដឹងថា ឱ្យតែដល់ម៉ោង៤ទៀបភ្លឺឡើង ប្រជាពលរដ្ឋ និងភ្ញៀវទេសចរចាប់ផ្ដើមជិះកង់ និងរត់ហាត់ប្រាណរហូតដល់ម៉ោង ៧-៨ ព្រឹក ក៏នៅតែមានអ្នកជិះកង់ដែរ ហើយនៅពេលល្ងាចវិញ គេឃើញមានអ្នកជិះកង់ចាប់ពីម៉ោង ៤ រហូតដល់ព្រលប់ក៏មាន។
បើតាមលោក ង៉ូវ សេងកាក់ បច្ចុប្បន្ននៅខេត្តសៀមរាបមិនមានភ្ញៀវទេសចរបរទេសច្រើននោះទេ ភ្ញៀវទេសចរដែលនិយមជិះកង់ហាត់ប្រាណនេះ ភាគច្រើនជាប្រជាពលរដ្ឋរស់នៅក្រុងសៀមរាប និងបណ្ដាស្រុកនានាក្នុងតំបន់អង្គរ ចំណែកឯភ្ញៀវអន្តរជាតិវិញក៏សុទ្ធតែជាអ្នករស់នៅក្រុងសៀមរាបយូរឆ្នាំមកហើយដែរ ខណៈអ្នកខ្លះជាគ្រូបង្រៀន អ្នកជំនួញ អាជីវករ បុគ្គលអង្គការក្រៅរដ្ឋាភិបាលជាដើម។
ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលភាគច្រើនជាអ្នករស់នៅក្រុងសៀមរាបនោះ បានបង្ហាញភាពសប្បាយរីករាយស្រស់ស្រាយចំពោះកីឡាទេសចរណ៍បែបនេះ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបង្ហាញការស្វាគមន៍ចំពោះនិន្នាការទេសចរណ៍ថ្មីនេះនៅតំបន់រមណីយដ្ឋានអង្គរ ដែលបានរួមចំណែកឱ្យរមណីយដ្ឋានទាំងមូលនៅតែជាកន្លែងទស្សនា និងហាត់កីឡាសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ទោះបីមិនមានវត្តមានភ្ញៀវទេសចរអន្តរជាតិច្រើនដូចមុន តែអង្គរនៅតែជាទីផ្ដល់នូវទេសភាព រមណីយភាព ផាកសុកភាព កន្លែងហាត់ប្រាណបំប៉នសុខភាពសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត។
អាជ្ញាធរជាតិអប្សរាក៏បាននិងកំពុងមមាញឹកក្នុងការរៀបចំផ្លូវកង់ទេសចរណ៍មួយខ្សែនៅក្នុងតំបន់រមណីយដ្ឋានផងដែរ ដែលមានប្រវែងប្រមាណ ២៣ គីឡូម៉ែត្រ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាក៏បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលនិយមជិះកង់នៅតំបន់រមណីយដ្ឋានអង្គរ សូមកុំយកកង់ ឬយានជំនិះផ្សេងៗទៅផ្អែកនៅជិតនឹងប្រាសាទ ឬរចនាសម្ពន្ធណាមួយនៃប្រាសាទ ដូចជាថ្មសិលា ខ្លោងទ្វារ កំពែងប្រាសាទជាដើម ដោយប្រជាពលរដ្ឋ ភ្ញៀវទេសចរអាចឈប់សម្រាក ឬទុកដាក់យានជំនិះរបស់ខ្លួននៅទីសមគួរណាមួយ ដែលការអំពាវនាវនេះក៏ដើម្បីបង្ការហានិភ័យនានា ក៏ដូចជាដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ភ្ញៀវទេសចរផងដែរ។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បង្ហាញការសាទរថា ការចូលរួមជិះកង់ហាត់ប្រាណនៅតំបន់អង្គរនេះ ក៏បានរួមចំណែកធ្វើឱ្យអាជីវករលក់ដូរនៅអង្គរទទួលបានប្រាក់ចំណូលខ្លះៗវិញដែរ តាមរយៈការលក់នំចំណី ទឹកដូង ទឹកបរិសុទ្ធ ភេសជ្ជៈ ម្ហូបអាហារផ្សេងទៅឱ្យអ្នកជិះកង់ អ្នកហាត់ប្រាណទាំងឡាយ ហើយចំណែកឯអាជីវករដែលលក់កង់ និងគ្រឿងបម្លាស់នានានៅក្នុងក្រុងសៀមរាប គឺជាអ្នកសប្បាយចិត្តជាងគេ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.