ឯកឧត្ដម ថោង ខុន៖ វិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍ ថ្លែងអំណរគុណសម្តេចតេជោ ដែលអនុញ្ញាតឲ្យទេសចរអន្តរជាតិ និងអ្នកដំណើរចូលកម្ពុជាដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា គ្រប់វិស័យឯកជនទាំងអស់នៅក្នុងឧស្សាហកម្មទេសចរណ៍ បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរហូតបានស្ទើរតែ១០០% និងបានឈានដល់ការបើកដំណើរសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ ជាពិសេសការបើកទទួលទេសចរអន្តរជាតិឡើងវិញដោយមិនតម្រូវឱ្យធ្វើចក្តាឡីស័ក។
ឯកឧត្ដម ថោង ខុន បានបញ្ជាក់ដូច្នេះនារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំមន្ត្រីក្រោមឱវាទ និងមានការចូលរួមពីរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួន ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍ បើកកិច្ចប្រជុំបន្ទាន់ដោយផ្ទាល់ និងតាមប្រព័ន្ធ online ដើម្បីត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងការទទួលភ្ញៀវទេសចរឡើងវិញ។
ឯកឧត្ដម ថោង ខុន បានបញ្ជាក់ថា «វិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍ទាំងអស់ បានបង្ហាញភាពត្រេកអររីករាយ និងអរគុណដ៏ជ្រាលជ្រៅជូនចំពោះដល់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលលោកបានប្រកាសឱ្យបើកប្រទេសជាតិឡើងវិញនេះ ទទួលទេសចរអន្តរជាតិចាក់វ៉ាក់សាំងមកកាន់កម្ពុជាយើង ដោយមិនតម្រូវឱ្យធ្វើចក្តាឡីស័ក។ អ្នកទាំងអស់គ្នាមានការស្វាគមន៍ និងអបអរសាទរ ចំពោះអ្វីដែលជាការដឹកនាំដ៏ឈ្លាសវៃ មោះមុត និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយសង្ឃឹមថាវិស័យទេសចរណ៍កម្ពុជានឹងចាប់ផ្តើមត្រឡប់មកវិញ»។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ការឈានដល់ការបើកដំណើរការឡើងវិញនៃគ្រប់វិស័យនេះគឺដោយសារតែមានការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ដែលលោកបានមើលឃើញថា ប្រជាពលរដ្ឋកម្ពជាមានភាពស៊ាំក្នុងសហគមន៍ដោយសារការចាក់វ៉ាក់សាំងបានច្រើន ដែលគិតមកដល់ពេលនេះបានប្រមាណ ជិត៨៨% នៃប្រជាជនសរុប។
ស្របជាមួយនឹងភាពរីករាយនេះលោករដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញឱ្យវិស័យឯកជនទាំងអស់ ត្រៀមរៀបចំឱ្យបានរួចរាល់ និងបន្តពង្រឹងឱ្យបានកាន់តែរឹងមាំថែមទៀតនូវ វិធានសុវត្ថិភាព(SOP) ដើម្បីទទួលទេសចរផ្ទៃក្នុងនិងទេសចរអន្តរជាតិ ព្រមជាមួយគ្នាក៏ត្រូវតែមានការបង្កើត និងពង្រីកបន្ថែមនូវផលិតផលទេសចរថ្មីៗ ប្លែក និងច្នៃប្រឌិត ដែលអាចទាក់ទាញទេសចរឱ្យបានកាន់តែច្រើន ដែលក្នុងនោះអាចជាទេសចរណ៍វប្បធម៍ ទេសចរណ៍កីឡា ទេសចរណ៍ជនបទ និងកសិទេសចរណ៍ ដែលសុទ្ធតែ អាចទាក់ទាញភ្ញៀវទេសចរបាន។ ព្រមជាមួយនោះក៏ត្រូវខិតខំជំរុញការបណ្តុះបណ្តាល អក្ខរកម្មឌីជីថលឱ្យបានសកម្មផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឲ្យអ្នកដំណើរទាំងជនជាតិខ្មែរ និងជនជាតិបរទេសទាំងដែលធ្វើដំណើរចូលកម្ពុជា ហើយបានចាក់វ៉ាក់សាំងពេញលេញ (២ដូស) គឺមិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ។ លើកលែងតែអ្នកដែល មិនទាន់ចាក់វ៉ាក់សាំង គឺត្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃដដែល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្រាប់អ្នកដំណើរដែលធ្វើដំណើរតាមផ្លូវអាកាសទាំងភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប, តាមផ្លូវទឹក និងតាមផ្លូវគោកជាដើម ត្រូវធ្វើតេស្តរហ័សដែលត្រូវរង់ចាំរយៈពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ គឺអាចដឹងលទ្ធផលបាន។ បន្ទាប់ពីទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន ហើយនោះ អ្នកដំណើរចូលកម្ពុជាទាំងអស់អាចធ្វើដំណើរដោយសេរីទូទាំងប្រទេសកម្ពុជា ដោយមិនកម្រិតតំបន់ ឬខេត្តសម្រាប់ដើរហើយនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងហើយចូលមកកម្ពុជា តម្រូវឲ្យធ្វើតេស្តដោយម៉ាស៉ីន PCR និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែល។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ សូមធ្វើការជាបន្ទាន់នូវការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីអាចដំណើរការការសម្រេចនេះ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ សម្រាប់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីទទួលបានការសម្រេចថ្មីនេះសូមឲ្យមានការលើកលែងការធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការសម្រេចអនុញ្ញាតការមិនតម្រូវធ្វើចត្តាឡីស័ក ចំពោះអ្នកចាក់វ៉ាក់សាំង ពេញលេញ រួចនេះ គឺត្រូវជាមួយប្រទេសថៃ ឡាវ និងវៀតណាមផងដែរ។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ការមិនតម្រូវឲ្យធ្វើចត្តាឡីស័កនេះ គឺឆ្លើយតបទៅនឹងបរិបទថ្មី ដែលយើងត្រូវបានដំណើរការសេដ្ឋកិច្ចឡើងវិញ ខណៈប្រជាពលរដ្ឋខ្មែរ យើង ត្រូវការធ្វើដំណើរចេញចូលប្រទេស ប៉ុន្តែព្រួយបារម្ភអំពីការធ្វើចត្តាឡីស័ក នៅពេលនេះបងប្អូនប្រជាពលរដ្ឋលែងព្រួយបារម្ភ ពីការធ្វើចត្តាឡីស័កទៀតហើយ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.