រាជរដ្ឋាភិបាល សម្រេចដាក់ខេត្តបាត់ដំបងជាបេក្ខភាព «ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ» របស់អង្គការយូណេស្កូ

(ភ្នំពេញ)៖ យោងតាមសំណើរបស់ ក្រសួងទេសចរណ៍ និងដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងរដ្ឋបាលខេត្តបាត់ដំបង រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍អនុញ្ញាតដាក់បេក្ខភាពទីក្រុងបាត់ដំបង ចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network) «ក្នុងប្រភេទទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ»។ នេះបើតាម ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានមាន
ប្រសាសន៍ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ។
ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ការជ្រើសរើសយកទីក្រុងបាត់ដំបង ដើម្បីចូលជាសមាជិកបណ្តាញទីក្រុងនេះលើផ្នែក «ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ» ដោយសារតាមការវាយតម្លៃរបស់ក្រុមការងារជំនាញទីក្រុងបាត់ដំបងមកថា ខេត្តបាត់ដំបងសម្បូរទៅដោយម្ហូបអាហារជាច្រើនប្រភេទ និងច្រើនទម្រង់ដែលត្រូវបានរៀបចំ និងកែច្នៃ ដើម្បីចែករំលែក និងផ្សព្វផ្សាយលើឆាកអន្តរជាតិ។
ការចូលជាសមាជិកបណ្តាញនេះ នឹងអនុញ្ញាតឲ្យកម្ពុជាមានសិទ្ធិប្រើប្រាស់និម្មិតសញ្ញា (Logo) របស់បណ្តាញ ដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពល និងភាពពិសេសៗរបស់ទីក្រុងខ្លួនទៅកាន់ទីក្រុងនានាជាសមាជិកបណ្តាញ និងក្នុងក្របខណ្ឌរបស់អង្គការយូណេស្កូ ក្នុងការលើកស្ទួយនូវវប្បធម៌ សក្តានុពលទេសចរណ៍ទីក្រុង និងមុខមាត់របស់ទីក្រុងជ័យលាភី ក៏ដូចជាប្រទេសជាតិទាំងមូល ពិសេសការតម្រង់ឆ្ពោះទៅរកការផ្សព្វផ្សាយទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism) ដែលជានិន្នាការថ្មីរបស់ពិភពលោក ហើយដែលកម្ពុជា ពិសេសទីក្រុងបាត់ដំបងតែម្តង មានសក្តានុពលសម្បូរបែប។
គួរបញ្ជាក់ថា បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងចំណោមទីក្រុងមានភាពច្នៃប្រឌិតលើសមាសភាពសំខាន់ៗមួយចំនួន ដែលជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។
* បច្ចុប្បន្ន បណ្តាញនេះមានទីក្រុងចំនួន ២៤៦ នៅជុំវិញពិភពលោក ដែលចែកចេញជា ៧ ប្រភេទ ដែលរួមមាន៖
១៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកសិប្បកម្ម និងសិល្បៈប្រជាប្រិយ (Crafts and Folk Arts)
២៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកសិល្បៈនៃការផ្សព្វផ្សាយ (Media Arts)
៣៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកខ្សែភាពយន្ត (Film)
៤៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែករចនាប័ទ្ម និងការតុបតែង (Design)
៥៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ (Gastronomy)
៦៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកអក្សរសាស្ត្រ (Literature)
៧៖ ទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកតន្ត្រី (Music)។
ដោយឡែក នៅតំបន់អាស៊ានមានទីក្រុងចំនួន ៦ ក្នុងប្រទេសចំនួន ៤ ដែលជាសមាជិកក្នុងបណ្តាញទីក្រុងរបស់អង្គការយូណេស្កូនេះ រួមមាន៖ ប្រទេសថៃ មានទីក្រុងភូកេត និងទីក្រុងឈាងម៉ៃ, ប្រទេសឥណ្ឌូណេស៊ី មានទីក្រុងបានឌុង (Bandung) និងទីក្រុងផេកាឡុងហ្កាន (Pekalongan), ប្រទេសសិង្ហបុរី មានទីក្រុងសិង្ហបុរី និងប្រទេសហ្វីលីពីន មានទីក្រុងបាកជីអូ (Baguio)។ ដូច្នេះហើយទើបកម្ពុជាប្រឹងស្រវាស្រទេញ ដើម្បីបានដាក់បេក្ខភាពទីក្រុងបាត់ដំបងនេះទៅក្នុងប្រភេទទី៥៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.