ភ្ញៀវទេសចរកើនឡើង១៧.១៦% នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃ នៅខេត្តរតនគិរី

(រតនគិរី)៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃ (៣១ មករា ១-២កុម្ភៈ ឆ្នាំ២០២២) ខេត្តរតនគិរីទទួលភ្ញៀវទេសចរចំនួន១២,៤៥១នាក់។ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន៥១នាក់ ភ្ញៀវជាតិ១២,៤០១នាក់។ចំនួននេះគឺមានការកើនឡើង១៧.១៦% ភ្ញៀវជាតិកើនឡើង១៦.៩៩% និងភ្ញៀវអន្តរជាតិ កើនឡើង៨២.១៤% បើប្រៀបធៀបនឹងបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២១ កន្លងមកមានចំនួន១០,៦២៨នាក់។
លោក ង៉ែត ពិទូ បានសម្តែងនូវសុទិដ្ឋិនិយមចំពោះកំណើនភ្ញៀវទេសចរ ដែលមានការហក់ឡើងគួរឲ្យកត់សម្គាល់ បើទោះបីចំនួនហក់ឡើងមិនច្រើនតាមការរំពឹងទុក តែនេះគឺជាសញ្ញាល្អបង្ហាញថាខេត្តរតនគិរី ចាប់ផ្តើមមានភ្ញៀវទេសចរមកលេងកម្សាន្តវិញហើយ បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញក្រោយវិបត្តិកូវីដ-១៩ រយៈពេលជិត២ឆ្នាំ។
លោកបន្តថា ចំនួនភ្ញៀវដែលមានការកើនឡើងនេះ ក៏បានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព, ហេដ្ឋារចនាសម្ព័ន្ធមានការតភ្ជាប់បានល្អ គួបផ្សំនឹងសេដ្ឋកិច្ចប្រជាពលរដ្ឋផងដែរ។ ជាពិសេសនោះ គឺវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានស្រោចលើប្រជាពលរដ្ឋស្ទើរ១០០% ដូច្នេះ ពួកគាត់មានទំនុកចិត្តមិនសូវព្រួយបារម្មណ៍ ក្នុងការដើរលេងកម្សាន្តប៉ុន្មាននោះទេ។
ប្រធានមន្ទីរទេសចរណ៍ ក៏បានលើកឡើងផងដែរ ពីសក្តានុពល វិស័យទេសចរណ៍ដែលបច្ចុប្បន្ននេះ មន្ទីរបានធ្វើបច្ចុប្បន្នភាពរមណីយដ្ឋាន ទេសចរណ៍រហូតដល់៣០កន្លែង សុទ្ធសឹងជារមណីយដ្ឋាន ធម្មជាតិ។ ហើយនៅថ្ងៃខាងមុខជាពិសេសបុណ្យចូលឆ្នាំខ្មែរ នឹងបង្វែទិសដៅភ្ញៀវទេសចរ ឲ្យទៅលេងតំបន់វាលខ្សាច់ និងទឹកជួរនៅស្រុកតាវែង និងស្រុកវើនសៃ។
ដោយឡែក ក្នុងរយៈពេល៣ថ្ងៃនេះ គ្រប់រមណីយដ្ឋានដែលភ្ញៀវបានទៅ លេងកម្សាន្ត សង្កេតឃើញថាភ្ញៀវទេសចរទាំងអស់ បានចូលរួមថែរក្សាអនាម័យ បរិស្ថានបានល្អ ពោលគឺ ក្រោយហូបចុករួចពួកគាត់បានវេចខ្ចប់សំរាមទុកដាក់បានត្រឹមត្រូវ និងសូមថ្លែងអំណរគុណ ចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកលេងកម្សាន្តក្នុងទឹកដីខេត្តរតនគិរី។
អរគុណម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់សេវាកម្មម្ហូបអាហារទាំងអស់ ដែលនៅតែបន្តការរឹតបន្តឹងវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការកុំឲ្យមានការរាតត្បាតជំងឺកូវីដ-១៩។ អរគុណផងដែរ ចំពោះសមត្ថកិច្ចពាក់ព័ន្ធដែលបានបំពេញតួនាទីភារកិច្ចចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាំងយប់ទាំងថ្ងៃ ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិបានយ៉ាងល្អប្រសើរ។
ចំណែកឯលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បញ្ជាក់ឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ទូទាំងខេត្តគ្មានបញ្ហាអ្វីកើតឡើងនោះទេ គឺកម្លាំងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត រៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនពួកគាត់មកកម្សាន្តប្រកបដោយសេចក្តីសប្បាយរីករាយ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.