ឯកឧត្តម​រដ្ឋមន្ត្រីទេសចរណ៍៖ ក្នុងបរិបទកូវីដ ការជំរុញចលនាការទទួលភ្ញៀវក្នុងស្រុក និងការទទួលភ្ញៀវអន្តរជាតិបានល្អគឺអាស្រ័យលើភាពសាំក្នុងសហគមន៍

(ភ្នំពេញ)៖ ការពង្រឹងគុណភាព និងសុវត្ថិភាពក្នុងការទទួលភ្ញៀវទេសចរក្នុងស្រុក គឺជាលក្ខណៈសម្បត្តិក្នុងការត្រៀមខ្លួនទទួលភ្ញៀវទេសចរអន្តរជាតិ ហើយការទទួលភ្ញៀវទេសចរអន្តរជាតិអាចធ្វើទៅបាន គឺអាស្រ័យលើការចាក់វ៉ាក់សាំងឱ្យបានច្រើនជូនដល់ប្រជាជនក្នុងប្រទេស។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម​ ថោង ខុន ដែលបានមានប្រសាសន៍រនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ។
ឯកឧត្តម​រដ្ឋមន្ត្រីបានផ្ដល់ខ្លឹមសារបន្ថែមថា ក្រសួងទេសចរណ៍ បានត្រួតពិនិត្យការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ការីទេសចរណ៍ក្នុងស្រុក និងមធ្យោបាយដឹកជញ្ជូនទេសចរផ្លូវទឹក និងផ្លូវគោក នៅគ្រប់គោលដៅរាជធានីខេត្តទាំង ២៥ សំដៅបង្កើនភាពរឹងមាំនៃទេសចរក្នុងស្រុក និងសម្រាប់ត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ។ ភាពរឹងមាំនេះ ពឹងផ្អែកសំខាន់លើការបង្កើតភាពសាំក្នុងសហគមន៍ (The Heard Immunity) តាមរយៈការជំរុញការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាទូទាំងប្រទេស និងការបន្តអនុវត្តវិធានការ «៣កាពារ ៣កុំ»។
ដោយឡែក លើជ្រុងនៃការទទួលខុសត្រូវក្នុងវិស័យទេសចរណ៍ ព្រមជាមួយនឹងភាពសាំក្នុងសហគមន៍ ភាពរឹងមាំនៃវិស័យទេសចរណ៍ក្នុងស្រុក ក៏ត្រូវពឹងផ្អែកលើការងារសំខាន់ៗចំនួន ៤ ផងដែរ៖
១៖ បន្តជំរុញណែនាំ និងត្រួតពិនិត្យដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ត្រូវចូលរួមអនុវត្តឱ្យបានក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ចេញកន្លងមក។ វិធានសុវត្ថិភាពទេសចរណ៍បង្កើតឡើង ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុខសុវត្ថិភាពជូនដល់ភ្ញៀវទេសចរ ជាពិសេសក្នុងបរិបទដែលតម្រូវសម្របខ្លួននឹងគន្លងប្រក្រតីភាពថ្មីនាពេលនេះ។
២៖ បន្តការងារបណ្តុះបណ្តាលជំនាញតាមអនឡាញ និងពង្រឹងបង្វែរការបណ្តុះបណ្តាលនេះឱ្យចំគោលដៅ (បណ្តុះបណ្តាលទាំងបុគ្គលិកថ្មី និងបុគ្គលិកដែលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩)។
៣៖ បន្តការងារពង្រឹង និងគាំទ្រផលិតផលទេសចរណ៍ថ្មីៗ តាមរយៈការពង្រឹងជំនាញ និងគុណភាពសេវាកម្មនៅទីនោះ។ បច្ចុបន្ន ក្រសួងឃើញមានការប្តូរនិន្នាការថ្មីៗឆ្ពោះទៅរកប្រភេទទេសចរណ៍បែបសហគមន៍ អេកូទេសចរណ៍ និងប្រភេទសេវាកម្មដែលប្រើប្រាស់បច្ចេកវិទ្យា (contactless) ដែលក្នុងបរិការនេះ ការខិតខំគ្រប់គ្រងគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព និងគុណភាពស្របតាមស្តង់ដា ជាបញ្ហាសំខាន់បំផុត ជាអាទិស្តង់ដាសហគមន៍ទេសចរណ៍ ស្តង់ដាការធ្វើដំណើរផ្សងព្រេងតាមព្រៃភ្នំ ( Hikking,Trekking)។ល។
៤៖ បន្តការងារផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និងបញ្ជ្រាបការយល់ដឹងជាសាធារណៈដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសគ្រប់ស្ថាប័នភាគីពាក់ព័ន្ធនូវផែនការយុទ្ធសាស្ត្រអនុវត្តបន្តរបស់វិស័យទេសចរណ៍ ដែលបច្ចុប្បន្នក្រសួងមានរួចហើយនូវផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ និងការបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ព្រមទាំងវិធានសុវត្ថិភាពទេសចរណ៍។
ឯកឧត្តម​រដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងទេសចរណ៍សំដែងនូវការរីករាយយ៉ាងខ្លាំងនិងសូមគាំទ្រទាំងស្រុង ចំពោះ យុទ្ធសាស្ត្រទាំង ៦ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញ កាលពីព្រឹកមិញនេះ ក្នុងអង្គប្រជុំពេញ អង្គ នៃ គ.ប.ក.។ ហើយឯកឧត្តមមានសុទិដ្ឋិនិយមនិងក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ការអនុវត្តដោយជោគជ័យ នៃយុទ្ធសាស្ត្រទាំង ៦នេះ គឺជាមូលដ្ឋានយ៉ាងសំខាន់ ជាចម្បង ដើម្បីអាចឈានទៅបើកដំណើរការសង្គមសេដ្ឋកិច្ចយើងឡើងវិញ ដែលក្នុងនោះក៏យើងសង្ឃឹមថាទេសចរណ៍ក្នុងស្រុក ក៏នឹងមានកំនើនកាន់តែច្រើន ហើយ ក៏នឹងមានសង្ឃឹមថាយើងនឹងអាចបើកកម្ពុជាយើងឡើងវិញជាបណ្តើៗដើម្បីទទួលទេសចរអន្តាជាតិមកកំសាន្ត ចាប់ក្នុងអំឡុងពេលម្តុំចុងឆ្នាំខាងមុខនេះ។
ពាក់ព័ន្ធនឹងការត្រៀមទទួលទេសចរអន្តរជាតិនៅពេលខាងមុខ ក្រសួងទេសចរណ៍រៀបចំរួចហើយនូវឯកសារទស្សនាទានទទួលទេសចរណ៍អន្តរជាតិចាក់វ៉ាក់សាំង ហើយកំពុងពិភាក្សាយ៉ាងសកម្មជាមួយផ្នែកជំនាញនៃក្រសួងសុខាភិបាល ដើម្បីដាក់ជូនឯកសារនេះ ជូនអនុគណៈកម្មការនានា គណៈកម្មការ អន្តរក្រសួងប្រយុទ្ធជំងឺកូវីដ ផ្តល់យោបល់មុនៗគោរពដាក់ជូនគណៈប្រចាំការនៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងកូវីដ រាជរដ្ឋាភិបាលពិនិត្យ និងសម្រេច៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.