ភ្ញៀវទេសចរ​ជាង​ ១,៥​ លាន​នាក់​ បាន​ដើរ​កម្សាន្ត​ក្នុង​យប់​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្ត​ទេសចរណ៍​ចំនួន ៦

​ភ្នំពេញៈ យោងតាម​របាយ​កា​​រណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ធំៗ​ចំនួន​​ ៦ ដូចជា​ខេត្ត​ព្រះសីហនុ សៀមរាប បាត់ដំបង កំពត កែប និង​ខេត្តកំពង់ចាម បាន​បង្ហាញថា នៅក្នុង​យប់​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២៣ ឈាន​ចូលដល់​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២៤ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចេញ​ដើរ​កម្សាន្ត និង​រាប់​ថយក្រោយ (Countdown) នៅតាម​តំបន់​រមណីយដ្ឋាន​សំខាន់ៗ​ក្នុង​បណ្តា​ខេត្ត​ទាំងនេះ​ជាង​ ១,៥​ លាន​នាក់​។​

​របាយការណ៍​ពី​មន្ទីរ​ទេសចរ​ណ៍​ទាំង​នោះបាន​បង្ហាញថា ខេត្តកំពត ទទួលបាន​ភ្ញៀវទេសចរ​ចំនួន ៣៨៦ ៤៨៨ ​នាក់​, ព្រះ​សីហនុ​មាន​ជាង​ ៣៤៩ ០០០ ​នាក់​,​សៀមរាប ៣០៤ ០៦៤ នាក់​,​បាត់ដំបង ២៦៣ ០០០​ នាក់​,​កំពង់ចាម ប្រមាណ​ ១២០ ០០០​ នាក់​និង​ខេត្ត​កែប ជាង​ ១០០ ០០០ ​នាក់​.

ប្រធាន​មន្ទីរ​ទេសចរណ៍​នៃ​ខេត្ត​ទាំង​នោះបាន​បញ្ជាក់ថា ចំនួន​ទាំងនេះ​បាន​បូក​បញ្ចូល​ទាំង​ភ្ញៀវទេសចរ​អន្តរជាតិ​ផងដែរ ខណៈដែល​ភ្ញៀវទេសចរ​អន្តរជាតិ មាន​ចន្លោះ​ពី​ ១០​ ទៅ​ ២០​ ភាគ​​រយ នៃ​ចំនួន​ភ្ញៀវ​សរុប​។ នៅក្នុង​ចំណោម​ខេត្ត​ទាំ ង​៦​ នេះ ខេត្តកំពត​ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាងគេ​។

លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​អះអាង​នៅ​ថ្ងៃទី​ ១ ខែមករា​ថា ខេត្តកំពត ទទួលបាន​ភ្ញៀវ​ទេសចរ ចំនួន ​៣៨៦ ៤៨៨​ នាក់ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​មាន​ប្រមាណ​ ១ ៥០០​ នាក់ និង​មិន​រាប់​ប​ញ្ជូ​ល​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពត ដែល​បានចេញ​ដើរលេង​កម្សាន្ត​នៅក្នុង​ខេត្ត​នេះដែរ​ទេ ដែលមាន​កំណើន​ប្រមាណ​ ១០​ ភាគរយ បើ​ធៀប​នឹង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​​មុន​។​

​លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​កត្តា​ដែល​ធ្វើឱ្យ​ខេត្តកំពត ទទួលបាន​ភ្ញៀវទេសចរ​ច្រើន​នៅ​យប់​ឆ្លង​ឆ្នាំ​សកល នា​ឆ្នាំនេះ អាច​ដោយ​សារ​តែ​ខេត្ត​យើង​នៅ​ជិត​រាជ​ធានី​ភ្នំពេញ ហើយ​សម្បូរ​ដោយ​កន្លែង​ដើរលេង​កម្សាន្ត​ច្រើន​ផង​​ដែរ ខណៈ​អាជ្ញាធរខេត្ត​បានរៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ស្អាត​ល្អ​នៅ​ឆ្នាំនេះ​។ នៅ​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ជាពិសេស​ពេល​រាប់​ថយក្រោយ អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ប្រមូលផ្តុំ​គ្នាច្រើន​នៅតាម​បណ្តោយ​ដងព្រែក​កំពត​»​។​

​ដោយឡែក​ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្តសៀមរាប​លោក ង៉ូ​វ​ សេង​កាក់ ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ក្នុងចំណោម​អ្នកទេសចរ​សរុប ប្រមាណ​ជាង ​៣០​ ម៉ឺន​នាក់ ដែល​បានមក​កម្សាន្ត​នៅ​ខេត្ត​សៀម​រាប នា​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សកល​ ២០២៣ ចូលឆ្នាំ​ ២០២៤ មាន​អ្នកទេសចរ​ជាតិ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ចំនួន​ប្រមាណ​ ២៩៥ ០០០​ នាក់ និង​ភ្ញៀវទេសចរ​អន្ត​​រ​ជាតិ មាន​ចំនួន ៩ ០៦៤ ​នាក់​។​

​លោក​បញ្ជាក់ថា​៖ «​នៅក្នុង​រាត្រី​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​រៀងរាល់ឆ្នាំ រដ្ឋ​​បាល​ខេត្ដ​សៀមរាប តែងតែបាន​បង្កើត​ព្រឹ​ត្ដិ​ការណ៍​កម្សាន្ត​ថ្មីៗ ដើម្បី​បង្ក​បរិយាកាស​រីករាយ​សម្រាប់​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នក​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​»​។​

​បើតាម​របាយការណ៍ ភ្ញៀវ​ទេសចរ​ដែល​ចេញ​ដើរលេង​កម្សាន្ត​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នា​ខេត្តសៀមរាប​ឆ្នាំនេះ ថយចុះ​ប្រមាណ​ ៣ ​ម៉ឺននាក់​ ដោយ​កាល​ពី​ឆ្នាំមុន​មាន​ភ្ញៀវទេសចរ​ចំនួន​ជាង​ ៣៣​ ម៉ឺន​នាក់ បាន​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​នៅក្នុង​ខេត្ត​ទេសចរណ៍​តំបន់​ប្រាសាទ​មួយ​នេះ​។ យ៉ាងណាក៏ដោយ លោក​ប្រធាន​មន្ទីរ​មិនទាន់​អាច​បញ្ជាក់​ពី​មូលហេតុ ដែលនាំឱ្យ​ថយចុះ​នេះ​បាន​នៅឡើយ​ទេ​។​

​ចំណែក លោក អ៊ុច អ៊ុ​ភី​នីស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​​បាត់ដំបង ក៏បាន​អះអាង​ដែរ​ថា ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​ ២០២៣​ ចូលឆ្នាំ ​២០២៤ ​នេះ​ខេត្តបាត់ដំបង​​ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ ២៦៣ ០០០​ នាក់ ខណៈដែល​ឆ្នាំមុន ទទួលបាន​ត្រឹម ១៥៨១១០​ នាក់​តែប៉ុណ្ណោះ​។

ការកើនឡើង​នេះ ដោយសារតែ​ខេត្ត​បានរៀបចំ​ព្រឹត្តិការណ៍​តាំងពិព័រណ៍​បង្អែម និង​ម្ហូបអាហារ​អម រួមទាំង​ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ «​ទូក​​នាគ ទូក​កា​នូ ទូក​កា​យ៉ាក់ និង​ទូក​​រ៉ូ​អ៊ី​ង​» ជ្រើសរើស​ជើងឯក​ថ្នាក់​​ជាតិ ពានរង្វាន់​​ «​សម្តេច​ក្រឡា​ហោម​» លើក​ទី ១០ ឆ្នាំ​ ២០២៣ ​ផងដែរ​។ 

​លោក​ថា​៖ «​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នៅ​ខេត្ត​បាត់ដំបង​ហើយ​មាន​កំណើន​ជា​បន្តបន្ទាប់​នេះ​ដោយសារ​តែមាន​ការយក​ចិត្ត​ទុកដាក់​ពី​អាជ្ញាធរខេត្ត និង​អង្គភាព​ពាក់ព័ន្ធ ក្នុងការ​រៀបចំ​នូវ​ទីតាំង​កម្សាន្ត​ជាច្រើន​ទីតាំង រួមទាំង​ការរៀបចំ​ព្រឹត្តិការ​​ណ៍​តាំងពិព័រណ៍​ផ្សេងៗ​គួបផ្សំ​នឹង​ខេត្តបាត់ដំបង ជា​ខេត្ត​ល្បី​ល្បាញ​តាំងពី​សម័យ​ដើម​ផង​បាន​ជំរុញ​ឱ្យ​ភ្ញៀវទេសចរ​ចាប់អារម្មណ៍​ទៅ​កម្សាន្ត​នៅ​ខេត្ត​នេះ​»​។​

​សូម​រំឭកថា នាឱកាស​ឆ្លង​ឆ្នាំ​សកល​ឆ្នាំមុន (​ឆ្នាំ ​២០២២ ឆ្លង​ចូលឆ្នាំ​ ២០២៣) នៅ​ទូទាំងប្រទេស​ទទួលបាន​ភ្ញៀវ​សរុប​ប្រមាណ ២ ០២២ ៩២០​ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​ចំនួន ២ ០០៦ ១១៧ ​នាក់ និង​ភ្ញៀវ​បរទេស ​១៦ ៨០៣ ​នាក់​៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.