ក្រសួងទេសចរណ៍ ត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ និងការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗក្នុងបរិបទកូវីដ-១៩

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រជុំត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ និងការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗក្នុងបរិបទកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមានសមាសភាពចូលរួម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយកវិទ្យាស្ថាន អគ្គនាយរង ប្រធាននាយកដ្ឋាន និងប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង ២៥។
ក្នុងកិច្ចប្រជុំនេះបានផ្តោតជាសំខាន់លើការត្រួតពិនិត្យការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ការីទេសចរណ៍ក្នុងស្រុក និងមធ្យោបាយដឹកជញ្ជូនទេសចរផ្លូវទឹក និងផ្លូវគោក នៅគ្រប់គោលដៅរាជធានីខេត្តទាំង ២៥ សំដៅបង្កើនភាពរឹងមាំនៃទេសចរក្នុងស្រុក និងសម្រាប់ត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ។
ភាពរឹងមាំនេះពឹងផ្អែកសំខាន់លើការបង្កើតភាពស៊ាំក្នុងសហគមន៍ (The Heard Immunity) តាមរយៈការជំរុញការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាទូទាំងប្រទេស និងការបន្តអនុវត្តវិធានការ «៣កាពារ ៣កុំ»។
ដោយឡែក លើជ្រុងនៃការទទួលខុសត្រូវក្នុងវិស័យទេសចរណ៍ ព្រមជាមួយនឹងភាពស៉ាំក្នុង សហគមន៍ភាពរឹងមាំនៃវិស័យទេសចរណ៍ក្នុងស្រុក ក៏ត្រូវពឹងផ្អែកលើការងារសំខាន់ៗចំនួន ៤ ផងដែរ គឺ៖
១៖ បន្តជំរុញណែនាំ និងត្រួតពិនិត្យដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ត្រូវចូលរួមអនុវត្តឱ្យបានក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ចេញកន្លងមក។ វិធានសុវត្ថិភាពទេសចរណ៍បង្កើតឡើង ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុខសុវត្ថិភាពជូនដល់ភ្ញៀវទេសចរ ជាពិសេសក្នុងបរិបទដែលតម្រូវសម្របខ្លួននឹងគន្លងប្រក្រតីភាពថ្មីនាពេលនេះ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ចំនួនអាជីវកម្មបានទទួលឡាបិលវិធានសុវត្ថិភាពទេសចរណ៍សរុប ៣,៣៥៦ ទីតាំង ស្មើនឹង ៥១.១៩% នៃអាជីវកម្មសរុប។
២៖ បន្តការងារបណ្តុះបណ្តាលជំនាញតាមអនឡាញ និងពង្រឹងបង្វែរការបណ្តុះបណ្តាលនេះឱ្យចំគោលដៅ (បណ្តុះបណ្តាលទាំងបុគ្គលិកថ្មី និងបុគ្គលិកដែលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩)។ គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ចំនួនបុគ្គលិកបានទទួលការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញមាន ៦,៤៨៩នាក់។
៣៖ បន្តការងារពង្រឹង និងគាំទ្រផលិតផលទេសចរណ៍ថ្មីៗ តាមរយៈការពង្រឹងជំនាញ និងគុណភាពសេវាកម្មនៅទីនោះ។ បច្ចុបន្ន ក្រសួងឃើញមានការប្តូរនិន្នាការថ្មីៗឆ្ពោះទៅរកប្រភេទទេសចរណ៍បែបសហគមន៍ អេកូទេសចរណ៍ និងប្រភេទសេវាកម្មដែលប្រើប្រាស់បច្ចេកវិទ្យា (contactless) ដែលក្នុងបរិការនេះ ការខិតខំគ្រប់គ្រងគោលដៅទេសចរណ៍ទាំងនេះ ប្រកបដោយសុវត្តិភាព និងគុណភាពស្របតាមស្តង់ដា ជាបញ្ហាសំខាន់បំផុត ជាអាទិស្តង់ដាសហគមន៍ទេសចរណ៍ ស្តង់ដាការធ្វើដំណើរផ្សងព្រេងតាមព្រៃភ្នំ ( Hikking,Trekking) ។ល។
៤៖ បន្តការងារផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និងបញ្ជ្រាបការយល់ដឹងជាសាធារណៈដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសគ្រប់ស្ថាប័នភាគីពាក់ព័ន្ធនូវផែនការយុទ្ធសាស្ត្រអនុវត្តបន្តរបស់វិស័យទេសចរណ៍ ដែលបច្ចុប្បន្នក្រសួងមានរួចហើយនូវផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ និងការបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ព្រមទាំងវិធានសុវត្ថិភាពទេសចរណ៍។
ឯកឧត្តម​ ថោង ខុន បានថ្លែងជម្រាបជូនអង្គប្រជុំថា ក្រោយព្រឹត្តិការណ៍បិទខ្ទប់កាលពីក្នុងខែមេសាកន្លងទៅ ចលនាទេសចរក្នុងស្រុកបានងើបឡើងវិញ ទោះបីនៅទាបជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ គិតត្រឹមខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរក្នុងស្រុកសរុបជាង ២ លាននាក់ ថយចុះ ៦២.៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.