ឯកឧត្តម ថោង ខុន និង​ឯកឧត្តម យន្ត មីន ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​ជំនាញ​ដើម្បី​ជួយ​ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​

(​ព្រះសីហនុ​)៖ បន្ទាប់​ពី​ប្រគល់​គ្រឿងចក្រ​សម្អាត​ឆ្នេរ​ជូន​រដ្ឋបាល​ខេត្ត​ជាប់​ឆ្នេរសមុទ្រ នា​រសៀល​ថ្ងៃ​ទី​៣១ ខែ​មករា រួចមក ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​បន្ត​ដឹកនាំ​កិច្ចប្រជុំ «​ក្រុម​ការងារ​ជំនាញ​ដើម្បី​ជួយ​ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​» ដើម្បី​បូក​សរុប​លទ្ធផល​ការងារ និង​ផ្ដល់​អនុសាសន៍​បន្តការងា​រ​ទៅមុខទៀត​។​

​ក្រុម​ការងារ​ជំនាញ​ដើម្បី​ជួយ​ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ មាន​ចំនួន​៥​ក្រុម ក្នុងនោះ​រួមមាន​៖ ១. ក្រុមការងារ​ជំរុញ​ចលនា​ទីក្រុង​ស្អាត​, ២. ក្រុម​ការងារ​ពង្រឹង​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​, ៣. ក្រុម​ការងារ​ពង្រឹង​ការ គ្រប់ គ្រង​ឆ្នេរ​, ៤. ក្រុមការងារ​ជំរុញ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​, ៥. ក្រុម​ការងារ​ពិនិត្យ និង​រៀបចំ​កែសម្រួល​រចនា​សម្ពន្ធ​គ្រប់គ្រង​របស់​មន្ទី​រទេស​ចរណ៍​ខេត្ត​ព្រះសីហនុ ដែល​ត្រូវបាន​បង្កើតឡើង​តាមរយៈ​ប្រកាស​របស់​ក្រសួង​ទេសចរណ៍ កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​ជួយ​ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​នៅក្នុង​ខេត្ត​ព្រះសីហនុ ពិសេស​នៅ​ក្រុង ព្រះសី ហនុ កោះរ៉ុង និង​កោះរ៉ុង​សន្លឹម​។​

​បន្ទាប់​សេចក្ដីរាយការណ៍​របស់​មន្ត្រី​ជំនាញ​រួចមក ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​ណែនាំ​នូវ​អនុសាសន៍​មួយ​ចំនួន​រួមមាន​៖
* ត្រូវ​ពន្លឿន​ការងារ​រៀបចំ​ស្លាក​សញ្ញា​នៅតាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នានា ក្នុង​ខេត្ត​ព្រះសីហនុ ឱ្យបាន​ចប់​សព្វគ្រប់​ក្នុង​ឆ្នាំ​២០១៩​នេះ ពោល​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ ត្រូវ​សរសេរ​ឈ្មោះ​ជា​អក្សរ​ខ្មែរ​ឱ្យ​ធំៗ ហើយ​ត្រូវ​ដាក់​នៅ​ជួរ​លើ​គេ​បង្អស់ បន្ទាប់មក​នៅ​ជួរ​កណ្ដាល​ត្រូវ​សរសេរ​ជា​អក្សរ​អង់គ្លេស ដែល​មាន​ទំហំ​ពាក់កណ្ដាល​អក្សរ​ខ្មែរ ហើយ​ជួរ​ក្រោម​បង្អស់​ម្ចាស់​អាជីវកម្ម​អាច​សរសេរ​ជា​អក្សរ​ចិន​ក៏បាន បារាំង ថៃ ជប៉ុន ឬ​អក្សរ​កូរ៉េ​ក៏​បាន ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​ម្ចាស់​មូលដ្ឋាន​អា ជីវកម្ម​។​

* ត្រូវ​ពន្លឿន​ការរៀបចំ​ឱ្យមាន «​ការទូទាត់​ការចំណាយ​សម្រាប់​ភ្ញៀវទេសចរ តាមរយៈ​ប្រព័ន្ធ​បង់​ប្រាក់​នៅ​លើ​ទូរស័ព្ទដៃ​ទំនើប ឬ​ហៅ​ថា Mobile App» ឱ្យបាន​នៅក្នុង​ឆ្នាំ​២០១៩​នេះ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ ដែល​មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា​។​
* ត្រូវ​បន្ត​ពង្រឹង​ការយកចិត្តទុកដាក់​ទៅលើ​បញ្ហា​អនាម័យ សំរាម បរិស្ថាន សន្តិសុខ សណ្ដាប់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យបាន​ល្អ​ប្រសើរ ពិសេស​គឺ​ការទប់ស្កាត់​ទឹក​កខ្វក់​ហូរ​ចូល​ទឹកសមុទ្រ ការសម្អាត​ឆ្នេរ​ទាំងឡាយ​ឱ្យបាន​ស្អាត​ជាប់​ប្រចាំ​ថ្ងៃ​។​
* ត្រូវ​ពន្លឿន​ការរៀបចំ​ឱ្យ​មាន​ការ​ចុះបញ្ជី ការសុំ​អាជ្ញា​បណ្ណ ការបន្ត​អាជ្ញា​បណ្ណ​អាជីវកម្ម​ទេសចរណ៍ នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ឱ្យ​លឿន​បំផុត ដើម្បី​សម្រួល​ដល់​ការចុះបញ្ជី​របស់​អាជីវ​ក​រ ក៏ដូចជា​ការសុំ និង​បន្ត​អាជ្ញា​បណ្ណ​ទេសចរណ៍​ជាដើម​។​
* ត្រូវ​រៀបចំ​ការិយាល័យ​គ្រប់គ្រង​ឆ្នេរ​នៅលើ​កោះរ៉ុង និង​បញ្ជរ​ព័ត៌មាន​ទេសចរណ៍​ឱ្យបាន​ច្រើន​នៅក្នុង​ខេត្ត​ព្រះសីហនុ​។​
* ខិតខំ​ធ្វើ​ការ​បន្ត​ទៀត​ជាមួយ​អាជ្ញាធរ​ខេត្ត មន្ទីរ​ទេសចរណ៍​ខេត្ត ត្រូវ​បន្ថែម​បុគ្គលិក​ធ្វើ​ការងារ​បន្ថែមទៀត នៅក្នុង​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​។​
* ត្រូវ​រៀបចំ​ឱ្យ​មាន​បង្គន់​អនាម័យ​សាធារណៈ ដោយ​ភ្ជាប់​ជាមួយ​បញ្ជរ​ព័ត៌មាន​ទេសចរណ៍​ឱ្យបាន​គ្រប់គ្រាន់ និង​ត្រូវ​យកចិត្តទុក ដាក់​ចំពោះ​ការសម្អាត​អនាម័យ ក្នុង​បង្គន់​សាធារណៈ​ឱ្យបាន​ស្អាត​ជា​ប្រចាំ​។​

​ក្រោយ​ពី​ណែនាំ​ការងារ​ទាំងឡាយ​ខាងលើ​ហើយ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់​ថា គ្រប់​សកម្មភាព​ការងារ​ទាំងអស់ ត្រូវ​រៀបចំ​ឱ្យមាន​ជា​យុទ្ធសាស្ត្រ ឬ​ផែនការ​ការងារ​ឱ្យបាន​ច្បាស់លាស់ និង​ត្រូវ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ចូលរួម​ជំរុញ​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​នេះ ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​ទំនើប​មួយ នាពេល​អនាគត​។​

​មួយវិញទៀត ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ដាស់តឿន​ជំរុញ​ឱ្យ​អាជ្ញាធរខេត្ត មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​ក្រុម​ការងារ​ទាំង​៥​ខាងលើ ត្រូវ​ខិតខំ​បំពេញ​ការងារ​តាម​ផ្នែក​រៀងៗ​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ត្រៀម​ទទួល​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ នៅ​ឆ្នាំ​២០២០ ឱ្យបាន​អធិក​អធ័ម​ជាង​ឆ្នាំ​មុនៗ​៕​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.