ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ប្រកាស​តែងតាំង​លោក​ជួប រតនា ជា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​ថ្មី និង​ណែនាំ​ឲ្យ​ពង្រឹង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​

(​ក្រចេះ​)៖ នា​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ រួម​ជាមួយ​ឯកឧត្តម នូ ភឿង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ និង​ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​លោក ជួប រតនា ចូលកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​ថ្មី ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី​ក្រសួង​ទេសចរណ៍ ក្រុម ប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត សមត្ថកិច្ច មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ផ្នែក​ឯកជន និង​សិស្ស និស្សិត​ប្រមាណ​ជាង​៣០០​នាក់​។​

​បន្ទាប់​ពី​ការឡើង​អាន​របាយការណ៍​លទ្ធផល​អនុវត្ត​ការងារ​ឆ្នាំ​២០១៨ និង​ទិសដៅ​អនុវត្ត​បន្ត​របស់​មន្ទីរ​ទេសច​រណ៍​ខេត្ត ការអាន​ប្រ​កាស​តែងតាំង​ប្រធាន​មន្ទីរ ការប្រគល់​លិខិត​ប្រកាស និង​ត្រា​ជូន​ប្រធាន​មន្ទីរ ការឡើង​ប្តេជ្ញា​ចិត្ត​របស់​ប្រធាន​មន្ទីរ​ទេសចរណ៍​ថ្មី និង​​​ការ​មាន​មតិ​យោបល់​របស់​អភិបាលខេត្ត​រួច​មក ឯកឧត្តម ថោង ខុន បានលើកឡើង​ពី​សភាពការណ៍​វិវត្តន៍​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​សកលលោក តំបន់ និង​កម្ពុជា និង​បាន​រំលេច​អំពី​សារសំខាន់​នៃ​វិស័យ​ទេសចរណ៍​ក្នុង​ការរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច ជាតិ បង្កើត​ការងារ ប្រាក់ចំណូល និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​អំពី​ការអភិវឌ្ឍ​រីកចម្រើន​នៃ​ខេត្ត​ក្រចេះ ដែល​រាជរដ្ឋាភិបាល​មាន​គម្រោង​រៀបចំ​ខេត្ត​នេះ​ឲ្យទៅ​ជា​គោលដៅ​ទេសចរណ៍​លំដាប់​ទី​ពីរ (Secondary Destination) និង​ជា​ទីក្រុង​បេតិកភណ្ឌ​ផងដែរ​។ លោក​ក៏​បាន​លើកឡើង​ពី​សារសំខាន់​នៃ​សត្វ​ផ្សោត​ទន្លេមេគង្គ ដែល​ជា​ភាព​ទោល​របស់​កម្ពុជា ហើយ​ដែល​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) បាន​ផ្តល់​ជំនួយ​តាមរយៈ​គម្រោង​អភិរក្ស និង​អភិវឌ្ឍ​សត្វ​ផ្សោត ដែល​មានឈ្មោះ​ថា Mekong Discovery Trails និង​បាន​ធ្វើឲ្យ​ពិភពលោក​ស្គាល់​ច្បាស់​ពី​សត្វ​ផ្សោត​ទន្លេមេគង្គ​កម្ពុជា​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​នូវ​ទិស​ស្លោ​កមួយ​ថា “​មាន​ផ្សោត​ទើប​មាន​ទេសចរ គ្មាន​ផ្សោត​គឺ​គ្មាន​ទេសចរ​” ដូច្នេះ យើង​ទាំងអស់គ្នា​ត្រូវ​រួមគ្នា​ថែរក្សា អភិរក្ស និង​អភិវឌ្ឍ​តំបន់​ទេសចរណ៍​អន្លង់​ផ្សោត​នេះ​ឲ្យបាន​ល្អ និង​មាន​និរន្តរភាព (​សព្វថ្ងៃ ផ្សោត​បាន​បង្កើត​កូន​បន្តថែមទៀត​ហើយ​)​។ ជាងនេះទៅទៀត ខេត្តក្រចេះ​ក៏មាន​ផលិត ផល​ទេសចរណ៍​ល្បីៗ​ជាច្រើន​ទៀត (​ដូចជា​ក្រឡាន ក្រូចថ្លុង​...) តំបន់​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍​ជាច្រើន ដែល​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង និង​លើកកម្ពស់​គុណភាព​ផលិតផល និង​សេវាកម្ម​ឲ្យស្រប​តាម​ស្តង់ដា​។​

​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី​បានឱ្យដឹងថា ការផ្លាស់ប្តូរ​មុខ​តំណែង​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រ ចេះនាពេលនេះ គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ និង​បន្ត​ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​ក្រចេះ ឱ្យមាន​គុណភាព ប្រសិទ្ធភាព និង​និរន្តរភាព​។​

ដើម្បី​បន្ត​និរន្តរភាព​ការងារ ក៏​ដូចជា​បង្កើន​ប្រសិទ្ធភាព​ការងារ និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​ក្រចេះ លោក ថោង ខុន បាន​ណែនាំ​ដល់​លោក​ប្រធាន​មន្ទីរ​ថ្មី និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​យកចិត្តទុកដាក់​អនុវត្ត​លើ​ការងារ​សំខាន់ៗ ដូចខាងក្រោម​៖
១. រៀបចំ​ឲ្យមាន​ផែនការ​យុទ្ធសាស្ត្រ​វិស័​យ​ទេសចរណ៍​ខេត្ត​ក្រចេះ ឆ្លើយតប​តាម​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​ជាតិ តំបន់ និង​សកលលោក​។​
២. ពង្រឹង​គុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​ក្នុង​ខេត្ត​។​
៣. បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ (​ពង្រឹង​ផលិតផល​ដែល​មាន​ស្រាប់ និង​បង្កើត​ថ្មី​)
៤. ខិតខំ​អភិវឌ្ឍ​ខេត្ត​ក្រចេះ​ជា​គោលដៅ​ទេសចរណ៍​លំដាប់​ទី​២ និង​ជា​ទីក្រុង​បេតិកភណ្ឌ​។​
៥. បង្កើត​ព្រឹត្តិការណ៍​ទេសចរណ៍​ថ្មីៗ​ដូចជា សកម្មភាព​ទេសចរណ៍​នៅ​លើ​ឆ្នេរ​ខ្សាច់ កីឡា​លើ​ឆ្នេរ លើទឹក​...​។​
៦. ពង្រឹង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ដោយ​ត្រូវ​ពង្រឹង​បញ្ជរ​ព័ត៌មាន​ទេសចរណ៍ បង្គន់​អនាម័យ​សាធារណៈ សោភ័ណភាព អនាម័យ បរិស្ថាន​ប្រកបដោយ​ភាព​ស្អាត និង​បៃតង​។ ខិតខំ​ដណ្តើម​ឲ្យបាន​ផ្កា​រំដួល​៣​ទង និង​រង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អា ស៊ាន​នៅ​ឆ្នាំ​២០២៣​។​
៧. ត្រូវ​ពង្រឹង​គុណភាព និង​សេវាកម្ម​កាណូត និង​ទូក​ទេសចរណ៍​ឲ្យបាន​ល្អ​ត្រឹមត្រូវ​តាម​បច្ចេកទេស និង​ស្តង់ដា ឯកសណ្ឋាន​អ្នក បើកបរ​កាណូត​ទេសចរណ៍ ។​ល​។​
៨. ត្រូវ​ពិនិត្យ​កែសម្រួល​រចនាសម្ព័ន្ធ​ចាត់តាំង និង​គ្រប់គ្រង​មន្ត្រី​ឲ្យបាន​ល្អ ដោយ​ត្រូវ​តែងតាំង​មន្ត្រី​ទៅ​តាម​មុខ​តំណែង​ដែល​ខ្វះ ចន្លោះ និង​ប្រើប្រាស់​មន្ត្រី​កិច្ចសន្យា​ឲ្យបាន​ត្រឹមត្រូ​វ​។​
៩. ត្រូវមាន​សាមគ្គីភាព និង​ឯកភាព​ផ្ទៃ​ក្នុង​មន្ទីរ​ឲ្យបាន​ល្អ​។​
១០. ត្រូវគោរព​ការដឹកនាំ​របស់​អភិបាលខេត្ត គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត ការដឹកនាំ​ផ្នែក​ជំនាញ​របស់​ក្រសួង​ទេសចរណ៍ មាន​កិច្ចសហការ​ល្អ​ជាមួយ​មន្ទីរ អង្គភាព​សមត្ថកិច្ច​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​ផ្នែក​ឯកជន​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ (​ដោយ​ចាត់ទុក​ខេត្ត​ជា​ឪពុក ក្រសួង​ទេសចរណ៍​ជា​ម្តាយ​)​។​

នៅ​ថ្ងៃ​ដដែល​នេះ ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​អភិបាលខេត្ត​បាន​ចុះទៅ​ពិនិត្យ​រមណីយដ្ឋាន​ទេសចរណ៍​ព្ស​ត្វ​ផ្សោត​ព្រែកកាំពី និង​សហគមន៍​ទេសចរណ៍​កោះ​ទ្រង់ ហើយ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ដល់​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ថ្មី​ត្រូវ​យកចិត្តទុកដាក់​រៀប​ចំ និង​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​អោយបាន​ល្អ​តាម​ស្តង់ដា (​ដូចជា បញ្ជរ​ព័ត៌មាន​ទេសចរណ៍ ចំណតរថយន្ត អាហា​រដ្ឋា​ន តូប​លក់ដូរ បង្គន់​អនាម័យ កាណូត​ទេសចរណ៍ និង​សេវាកម្ម​បម្រើ​នានា​ទៀត​)​។​
​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ចុះ​ពិនិត្យ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ Le Tonle នៅ​ខេត្ត​ក្រចេះ ដែល​មាន​បង្រៀន​ជំនាញ​ទេស ចរណ៍​ផ្នែក​ចុងភៅ ផ្នែក​គេហកិច្ច ផ្នែក​ការិយាល័យ​ជួរមុខ និង​ផ្នែក​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ​។​

​គួរកត់សម្គាល់​ថា នៅ​ឆ្នាំ​២០១៨ ខេត្ត​ក្រចេះ​ទទួលបាន​ទេសចរ​សរុប​ចំនួន ៣៤៩.១៨៦​នាក់ (​កើនឡើង​១៥,២២%​ធៀប​នឹង​រយៈ ពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៧) ក្នុងនោះ​ទេសចរ​ជាតិ ៣២៣.១៩៦​នាក់ និង​ទេសចរ​អន្តរជាតិ​ចំនួន ២៥.៩៩០​នាក់ (​ក្នុង​នោះ​ភាគច្រើន​ជា​ជនជាតិ​បារាំង​)៕​