ឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ កម្ពុជាជាគោលដៅមុនគេដែលទេសចរត្រូវត្រលប់មកកម្សាន្តវិញ ក្រោយចប់វិបត្តិកូវីដ១៩

(ភ្នំពេញ)៖ កម្ពុជាគឺជាគោលដៅទេសចរណ៍ដំបូងគេដែលភ្ញៀវទេសចរអន្តរជាតិត្រូវត្រលប់មកទស្សនាកម្សាន្តវិញ ក្រោយចប់វិបត្តិកូវីដ១៩នៅទូទាំងពិភពលោក, នេះគឺជាការបញ្ជាក់របស់លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិត ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។
បានជាលោក Pablo Chiho Kang លើកឡើងយ៉ាងដូច្នេះ ក៏ដោយសារលោកបានទៅទស្សនកិច្ចដោយផ្ទាល់នៅតាមគោលដៅទេសចរណ៍នានា តាំងតែពីលោកបានមកដល់ប្រទេសកម្ពុជា ប្រទេសក្នុងក្ដីស្រមៃរបស់លោកលើកដំបូង ដូចជានៅសៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ (ព្រះសីហនុ កំពត កែប កោះកុង) ខេត្តបាត់ដំបង ភូមិភាគឦសានជាដើម ដោយលោកបានកោតសរសើរថានៅតំបន់ទាំងនោះ គឺពិតជាស្រស់ស្អាតប្លែកភ្នែក និងមានភាពទាក់ទាញខ្ពស់ ដែលជាក្ដីប៉ងប្រាថ្នារបស់ភ្ញៀវទេសចរ។
លោកឯកអគ្គរដ្ឋទូតបានបន្ត ព័ត៌មានអំពីសក្ដានុពលទេសចរណ៍ ទិដ្ឋភាព ទេសភាពដ៏ស្រស់ត្រកាលមាននៅកម្ពុជានេះ លោកក៏មានផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅប្រទេសកំណើតរបស់លោកដែរ ក្នុងនោះមានភ្ញៀវទេសចរច្រើនណាស់ដែលចង់មកទស្សនាកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩រសាត់ផុតទៅ។
ម្យ៉ាងវិញទៀត កិត្តិនាមមនុស្សធម៌សប្បុរសធម៌ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសណ្ដោសប្រណីចំពោះភ្ញៀវទេសចរនៅលើនាវា Westerdam ឱ្យចូលចតនៅក្រុងព្រះសីហនុនោះ គឺពិតជាមានភាពល្បីសុះសាយខ្លាំងនៅក្នុងសង្គមអូស្ត្រាលី ដូច្នេះហើយប្រជាពលរដ្ឋច្រើនណាស់តែងតែចង់មកទស្សនាដោយផ្ទាល់នៅលើទឹកដីករុណាធម៌មួយនេះ។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការអរគុណចំពោះការចូលរួមរបស់ស្ថានទូតអូស្ត្រាលី ក៏ដូចជាលោកឯកអគ្គរដ្ឋទូតផ្ទាល់ ដែលមានក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះប្រទេសកម្ពុជា។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក៏បានស្នើឱ្យមានការផ្សព្វផ្សាយបន្ថែមកាន់តែខ្លាំង ពីគោលដៅទេសចរណ៍នៅកម្ពុជាទៅកាន់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅប្រទេសអូស្ត្រាលី ខណៈកម្ពុជាកំពុងខិតខំអភិវឌ្ឍន៍គោលដៅទេសចរណ៍របស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និងបង្កើនស្ដង់ដាការពារសុវត្ថិភាពសុខភាពកាន់តែមានប្រសិទ្ធភាពជាងមុន ត្រៀមទទួលវត្តមានភ្ញៀវទេសចរដែលនឹងត្រលប់មកទស្សនានៅពេលក្រោយវិបត្តិជំងឺកូវីដនេះ។
មិនតែប៉ុណ្ណោះ ឯកឧត្ដមបណ្ឌិត ថោង ខុន ក៏បានស្នើសុំឱ្យរដ្ឋាភិបាលអូស្ត្រាលីជួយផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបន្តទៀត។ បច្ចុប្បន្នមាននិស្សិតកម្ពុជាប្រមាណ ៣,៥០០នាក់ កំពុងសិក្សានៅប្រទេសអូស្ត្រាលីដោយទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលក្រុងកង់បេរ៉ា ក្នុងនោះក៏មានមុខវិជ្ជាទេសចរណ៍ផងដែរ។
អ្វីដែលពិសេសជាងនេះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានស្នើទៅកាន់រដ្ឋាភិបាលអូស្ត្រាលីតាមរយៈលោកឯកអគ្គរដ្ឋទូត Pablo Chiho Kang ជួយពន្លឿនការរៀបចំឱ្យមានជើងហោះហើរត្រង់ កម្ពុជា-អូស្ត្រាលី ដើម្បីជំរុញឱ្យមានកំណើនទេសចរកាន់តែច្រើន ខណៈចំនួនភ្ញៀវទេសចរពីអូស្ត្រាលីមកកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ (នៅឆ្នាំ២០១៩ មានចំនួនប្រមាណ១២ម៉ឺននាក់)។ កន្លងមក ដើម្បីធ្វើដំណើរទៅមកកម្ពុជា-អូស្ត្រាលី ភ្ញៀវទេសចរ និងអ្នកដំណើរត្រូវឆ្លងកាត់ប្រទេសថៃ ឬប្រទេសសិង្ហបុរីមួយដំណាក់សិន មុនចូលមកដល់ប្រទេសកម្ពុជា ឬទៅដល់ប្រទេសអូស្ត្រាលី។
សំណើទាំងអម្បាលម៉ានខាងលើនេះ ត្រូវបានលោកឯកអគ្គរដ្ឋទូត Pablo Chiho Kang ទទួលយកទាំងក្ដីរីករាយ ដោយបានសន្យាថានឹងលើកឡើងជូនរដ្ឋាភិបាលរបស់លោក សំដៅបន្តរឹតចំណងមិត្តភាពកម្ពុជា-អូស្ត្រាលីឱ្យកាន់តែល្អប្រសើរខ្លាំងឡើង៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.