រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី អបអរសាទរចំពោះកំណើនទេសចរមកទស្សនាតំបន់អាស៊ានបូកបី ឆ្នាំ២០១៨ មានរហូត១៩១.៥លាននាក់

(វៀតណាម)៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) លើកទី១៨ នៅទីក្រុងហាឡុង ប្រទេសវៀតណាម នាឱកាសនៃវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០១៩ (ASEAN Tourism Forum 2019 ) ក្រោមប្រធានបទ អាស៊ាន៖ អានុភាពតែមួយ (ASEAN: The Power of One)។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីបានអបអរសាទរ ចំពោះកំណើនទេសចរមកទស្សនាតំបន់អាស៊ានបូកបី ឆ្នាំ២០១៨ មានចំនួន ១៩១.៥លាននាក់ (តាមទិន្នន័យបឋម)។ កិច្ចប្រជុំក៏បានពិនិត្យអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ានបូកបី ជាពិសេសការអនុវត្តផែនការសកម្មភាព​សហប្រតិបត្តិការទេសចរណ៍អាស៊ានបូកបី ២០១៨ -២០២០ ដោយសម្រេចបានលទ្ធផលចម្បងដូចខាងក្រោម៖

១៖ អបអរសាទរចំពោះលទ្ធផល នៃសន្និសីទអាស៊ានបូកបី ស្ដីអំពីការបកស្រាយ​បេតិភណ្ឌធម្មជាតិ និងវប្បធម៌ សំដៅពង្រឹងគុណភាពសេវានាំភ្ញៀវ និង​សេចក្ដីពេញចិត្តរបស់​ទេសចរ ដែលបានរៀបចំឡើង កាល​ពីថ្ងៃ​ទី៦-៨ ខែមីនា ឆ្នាំ២០១៨ នៅសៀមរាបអង្គរ ប្រទេសកម្ពុជា។

២៖ អបអរសាទរសិក្ខាសាលាវិនិយោគទេសចរណ៍អាស៊ាន-កូរ៉េ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសកូរ៉េ។

៣៖ កិច្ចប្រជុំកំពូល​យុវជន​ទេសចរណ៍​អាស៊ានបូកបី កាលពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសហ្វីលីពីន។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានគាំទ្រដល់សមាជិកអាស៊ាន តាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ានចិននានាជាច្រើន ក្នុងអំឡុងឆ្នាំ២០១៨កន្លងមក​ ជាពិសេសការរៀបចំតាំងពិព័ណ៌អាស៊ាន-ចិន នាថ្ងៃទី១២-១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង ព្រមទាំងបានគាំទ្រដល់ប្រទេសសមាជិកអាស៊ាន ក្នុងការចូលរួមវាពិព័ណ៌ទេសចរណ៍អន្តរជាតិចិន (CITM) ឆ្នាំ២០១៨។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏បានសំដែងការអរគុណផងដែរ ដល់ប្រទេសជប៉ុនចំពោះសកម្មភាពជាច្រើនក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នាឆ្នាំ២០១៨កន្លងមក ក្នុងនោះរួមមាន ការរៀបចំសិក្ខាសាលា និងសន្និសីទនានា ការជួយផ្សព្វផ្សាយទេសចរណ៍តាមនាវាសមុទ្រ (Cruise Tourism) ព្រមទាំងការតាំងពិព័ណ៌ទេសចរណ៍អាស៊ាន-ជប៉ុនផ្សេងៗ។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏បានសំដែងអំណរគុណដល់ប្រទេសកូរ៉េ ចំពោះការគាំទ្រផ្សព្វផ្សាយ ពិធីបុណ្យទេសចរណ៍វប្បធម៌ក្នុងប្រទេសអាស៊ាន និងជម្រុញគាំំទ្រទេសចរណ៍សហគមន៍ តាមរយៈកម្មវិធីអភិវឌ្ឍធនធានមនុស្ស និងការរៀបចំសិក្ខាសាលានានា។

ដោយឡែក ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា ក៏បាន​ឆ្លៀតឱកាស​ថ្លែងអំណរគុណដល់​ប្រទេសបូកបី រួមមាន ចិន ជប៉ុន និងកូរ៉េ សម្រាប់​កិច្ច​សហប្រតិបត្តិការ និងការគាំទ្រដ៏ល្អកន្លងមកចំពោះកម្ពុជា ព្រមទាំងបានស្នើសុំឲ្យបន្តកិច្ចសហប្រតិបត្តិការនេះតទៅមុខទៀត។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណ​ដល់ប្រទេសចិន ដែលបានគាំទ្រ​គម្រោងអភិវឌ្ឍ​ទេសចរណ៍​នៅ​កម្ពុជា​ ជាពិសេសការជួយគាំទ្រការអនុវត្តសៀវភៅស ស្តីពី China Ready និងគំរោងអភិវឌ្ឍទេសចរណ៍ផ្សេងៗទៀត ក្រោម​កិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង​។ លោកបណ្ឌិតរដ្ឋមន្ត្រី​ ថោង ខុន ក៏បានជម្រាប​ជូន​អង្គប្រជុំ​ផងដែរអំពី​ការ​អញ្ជើញ លោក​ ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍នៃ​សាធារណៈរដ្ឋប្រជាមានិតចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់​ពីថ្ងៃ​ទី២៧ ដល់ ៣១ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ហើយ​ក្រសួង​ទេសចរណ៍​កម្ពុជា​នឹងសហការជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំងភាគីចិន​ រៀបចំទិវាឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា-ចិន នៅថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ​២០១៩ រាជធានីភ្នំពេញ ជាលើកដំបូង បន្ទាប់ពីចិនបានបង្កើតក្រសួងវប្បធម៌ និងទេសចរណ៍របស់ខ្លួន។

ឯកឧត្តមរដ្ឋមន្រ្តី ថោង​ ខុន ក៏បានអញ្ជើញប្រទេសបូកបី ចូលរួមនិងសហការរៀបចំសន្និសីទអន្តរជាតិអាស៊ានបូកបី ស្តីអំពីការសម្រួលការធ្វើដំណើរ និងទិដ្ឋាការ ដោយគ្រោងនឹងរៀបចំឡើងនៅកម្ពុជា អំឡុងខែមិថុនា ឆ្នាំ២០១៩។

សូមជម្រាបជូនផងដែរថា​ ឆ្នាំ២០១៨ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៦.២លាននាក់ កើនឡើង១១% ក្នុងនោះទេសចរចិនមានចំនួនប្រមាណ ១.៩លាននាក់ កើនឡើង ៧០%, ទេសចរកូរ៉េមានចំនួន៣០ម៉ឺននាក់ និងទេសចរជប៉ុនចំនួន២១ម៉ឺននាក់៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.