ប៉ូលទេសចរណ៍ធំៗចំនួន៤ និងគម្រោងអភិវឌ្ឍន៍ជាង២០០ ត្រូវបានដាក់បញ្ចូលក្នុងសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប

(ភ្នំពេញ)៖ គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តកែប បាន
បញ្ចប់ការសិក្សាស្រាវជ្រាវរបស់ខ្លួន នៅក្នុងខេត្តភាគនិរតីមួយនេះ ដោយបានចងក្រងជា «សេចក្ដីព្រាងផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប» មួយឡើង ក្នុងនោះគម្រោង
បង្កើតប៉ូលទេសចរណ៍ធំៗចំនួន ៤ និងគម្រោងអភិវឌ្ឍន៍ចំនួន ២៥១ គម្រោង ត្រូវបានដាក់បញ្ចូល ទៅក្នុងសេចក្តីព្រាងផែនការមេនេះ។
បន្ទាប់ពីចងក្រងបានឯកសារព្រាងនេះរួចហើយ គណៈកម្មការអន្តរក្រសួងក៏បានបើកកិច្ចប្រជុំមួយឡើង ដើម្បីត្រួតពិនិត្យ ពិភាក្សា និងផ្ដល់ធាតុចូលបន្ថែម ទៅក្នុងសេចក្តីព្រាងផែនការមេនេះ។ កិច្ចប្រជុំត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។
នៅក្នុងអង្គប្រជុំខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា គោលបំណងនៃការរៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបនេះ គឺដើម្បីអភិវឌ្ឍឱ្យខេត្តកែបក្លាយជា «គោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណីតកម្រិតខ្ពស់» ដោយគិតទៅលើភាពទាក់ទាញ ភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក ពិសេសគឺត្រូវធានាឱ្យបាននូវសមភាព សមធម៌ តម្លាភាព ចីរភាព និងនវានុវត្តន៍។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបនេះ គឺជាឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់មួយដែលអាចជួយស្តារ និងលើកស្ទួយវិស័យទេសចរណ៍ខេត្តកែប ទាំងនៅក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ក៏ដូចជាក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩ ផងដែរ។
អង្គប្រជុំបានបង្ហាញយុទ្ធសាស្ត្រគោលចំនួន ៩ នៅក្នុងឯកសារព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបនេះ រួមមាន៖
១៖ យុទ្ធសាស្រ្តអភិវឌ្ឍន៍ប៉ូលទេសចរណ៍ខេត្តកែប
២៖ យុទ្ធសាស្រ្តវិនិយោគ និងអភិវឌ្ឍន៍របៀងទេសចរណ៍ខេត្តកែប
៣៖ យុទ្ធសាស្រ្តពង្រឹងគុណភាព និងសុវត្តិភាពទេសចរណ៍
៤៖ យុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍
៥៖ យុទ្ធសាស្រ្តទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ខេត្តកែប
៦៖ យុទ្ធសាស្រ្តគ្រប់គ្រង និងអភិវឌ្ឍវិស័យពាក់ព័ន្ធនានា គាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប
៧៖ យុទ្ធសាស្រ្តពង្រឹងចង្វាក់ផលិតកម្មក្នុងវិស័យទេសចរណ៍ខេត្តកែប
៨៖ យុទ្ធសាស្រ្តអភិវឌ្ឍនវានុវត្តន៍នៃវិស័យទេសចរណ៍ខេត្តកែប
៩៖ យុទ្ធសាស្រ្តពង្រឹងអភិបាលកិច្ច ត្រួតពិនិត្យ និងវាយតម្លៃសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប
នៅក្នុងយុទ្ធសាស្ត្រគោលទាំង ៩ ខាងលើនេះ គឺមានយុទ្ធសាស្ត្រលម្អិតចំនួន ៤៩ យុទ្ធសាស្ត្រទៀត ដោយបែងចែកជា ៩៨ សកម្មភាព ស្មើនឹង ២៥១ គម្រោង។
ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួងនេះ បានថ្លែងថា គណៈកម្មការអន្តរក្រសួងបានកំណត់យកប៉ូលអភិវឌ្ឍន៍ទេសចរណ៍ធំៗចំនួន ៤ សម្រាប់ខេត្តកែបនេះ ក្នុងនោះរួមមានទីក្រុងកែបបច្ចុប្បន្ន តំបន់អង្កោល តំបន់ភ្នំវល្លិ និងតំបន់ប្រជុំកោះ។
ឯកឧត្តមបានបន្តថា ដោយសារខេត្តកែបគឺជាខេត្តទី២ បន្ទាប់ពីខេត្តកំពតដែលអាចផលិតអំបិល ហើយផលិតផលអំបិលនេះគឺជាទំនិញយុទ្ធសាស្ត្រសម្រាប់ប្រទេសជាតិ ទើបរាជរដ្ឋាភិបាលបានដាក់ចេញចក្ខុវិស័យការពារតំបន់ស្រែអំបិល និងជំរុញឱ្យមានការផលិតអំបិលឱ្យបានកាន់តែច្រើនឡើង។ សម្រាប់ផែនការមេនេះនឹងបម្លែងគោលដៅនៅតំបន់ស្រែអំបិល ទៅជាគោលដៅកសិទេសចរណ៍ស្រែអំបិល ក្នុងនោះក៏មានការ
បង្កើតឱ្យមានជាសារៈមន្ទីរស្រែអំបិល ដើម្បីបង្ហាញទៅដល់ភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវអន្តរជាតិបានស្គាល់អំពីចង្វាក់ផលិតកម្មអំបិលនៅកម្ពុជា។
ក្រៅពីនេះ នៅមានគម្រោងកែលម្អបន្ថែមនៅតាមបណ្ដោយឆ្នេរកែបដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាកែលម្អឆ្នេរអង្កោលឱ្យមានភាពប្រណីតទាក់ទាញ និងមានឆ្នេរថ្មីមួយទៀតដែលមាន
លាតសន្ធឹងចាប់ពីខាងកើតផ្សារក្ដាម ទៅដល់តំបន់ព្រៃកោងកាងអូរក្រសា ដោយឆ្នេរថ្មីជាតំបន់ទឹករាក់ ហើយមិនមានជីវចម្រុះនោះទេ ដូច្នេះគេគ្រោងនឹងកែលម្អតំបន់ឆ្នេរកន្លែងនេះមួយទៀត ពីព្រោះនៅ
ពេលមានបុណ្យទានម្ដងៗ ភ្ញៀវទេសចរប្រមូលគ្នាច្រើនតែនៅតាមឆ្នេរកែបបច្ចុប្បន្ន ដូច្នេះគេត្រូវធ្វើពិពិធកម្មតំបន់ទេសចរណ៍នៅក្នុងខេត្តនេះ ដើម្បីកុំឱ្យដាក់សម្ពាធតែមកលើតំបន់ឆ្នេរលិចទឹកមួយនេះ។
ក្រៅពីកែលម្អតំបន់ឆ្នេរទាំងបីនេះហើយ ក៏នៅមានគម្រោងអភិវឌ្ឍន៍ជាច្រើន ដូចជា ការពង្រីកផលិតផលកីឡាទេសចរណ៍កម្រិតអន្តរជាតិ សារៈមន្ទីរសង្គ្រាមទេសចរណ៍ ការរៀបចំឱ្យមានដំណើរទៅទស្សនានៅតាមប្រជុំកោះ (ខេត្តកែបមានកោះសរុបចំនួន ១៣ កោះ) ដែលសម្បូរទៅដោយជីវចម្រុះសម្បូរបែប ដូចជា ផ្កាថ្ម ផ្សោតសមុទ្រ ជ្រូកទឹក មច្ឆាជាតិ និងប្រភេទសត្វកម្រជាច្រើនទៀត ការបង្កើតឱ្យមានផ្សារទំនើបខ្នាតតូច (Mart) ផ្សាររាត្រី វិថីម្ហូបអាហារ (Food Street) និងតភ្ជាប់ទេសចរណ៍ផ្លូវទឹកពីកំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពតមកខេត្តកែប ក៏ដូចជាការបង្កើតពិធីបុណ្យ និងព្រឹត្តិការណ៍ទេសចរណ៍នានាជាដើម។
បន្ទាប់ពីបានធ្វើការពិភាក្សាយ៉ាងផុលផុស គណៈកម្មការអន្តរក្រសួងបានអបអរសារទរ និងគាំទ្រទៅលើ
សេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ដោយមានការបំពេញបន្ថែមនូវធាតុចូលមួយចំនួន។ អង្គប្រជុំបានឯកភាពគ្នានឹងបន្តបើកកិច្ចប្រជុំត្រួតពិនិត្យលើសេចក្ដីព្រាងផែនការ
មេនេះម្ដងទៀត នៅខែមីនា ឆ្នាំ២០២១ ខាងមុខ មុននឹងដាក់ឆ្លងទៅកាន់គណៈកម្មាធិការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.