ទេសភាពតំបន់ប្រាសាទសំបូរព្រៃគុកលេចឆោមស្រស់ខ្ចី សម្ងែងសោភ័ណភាពទាក់ចិត្តទេសចរ

(កំពង់ធំ)៖ ក្រោយត្រូវភ្លៀងប៉ុន្មានមេនាដើមរដូវវស្សានេះ តំបន់ប្រាសាទសំបូរព្រៃគុកប្រៀបដូចទទួលបានពរជ័យពីព្រះភិរុណ ដែលដល់កាលវេលាសម្ដែងឫទ្ធបង្អុលភ្លៀងស្រោចស្រពប្រឹថពី ញ៉ាំងបណ្ដាព្រឹក្សព្រៃក្នុងតំបន់ការពារទេសភាពព័ទ្ធរាជធានីបុរាណខ្មែរនេះ ឱ្យលូតលាស់ស្លឹកត្រួយបៃតងស្រស់ខ្ចី ចេញបានបុប្ផាផ្កាភ្ញីចម្រុះពណ៌រាយមន្តអន្ទងភ្នែកកវី។

ទិដ្ឋភាពបែបនេះ បានលម្អសោភ័ណភាពរមណីយដ្ឋានទាំងមូលឱ្យកាន់តែស្រស់ត្រកាល មិនរំលងផុតសារស័ព្ទវាចារកោតស្ងប់ស្ងែង ពីសំណាក់អ្នកដែលបានទៅដល់ទីនោះឡើយ។ ដើរកាត់ក្រោមម្លប់ឈើត្រជាក់ត្រឈឹងត្រឈៃ ប្រាសាទឈរញញឹមប្រិមប្រិយរាក់ទាក់ពីចម្ងាយ សំឡេងបក្សាបក្សីច្រៀងស្វាគមន៍ ទទួលវត្តមានអ្នកដំណើរ វល្លិវែងកោងវាត់ព័ទ្ធរុំដើមឈើទាក់ទាញប្លែកភ្នែក អន្ទងសណ្ដំហឫទ័យអាត្មាឱ្យត្រេកត្រអាលនឹងសម្រស់វប្បធម៌ បើកបង្ហាញអត្ថន័យបេតិកភណ្ឌផ្សារភ្ជាប់ជាមួយសម្រស់ធម្មជាតិ។

តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសង់លើដីរាបស្មើមានទំហំ ៣,០០០ ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តកំពង់ធំ។ ស្ថិតនៅតាមបណ្តោយស្ទឹងសែន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តនេះមានចម្ងាយប្រមាណ ២៨ គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំ។

ឆ្លងពីប្រាង្គប្រាសាទមួយទៅប្រាសាទមួយទៀត ប្រតិភូថ្មើរជើងយើងបានពើបប្រទះនូវទិដ្ឋភាពប្លែកភ្នែកជាច្រើននៅក្នុងរមណីយដ្ឋាននេះ ឬអាចនិយាយបានថា កំពុងស្ថិតក្នុងជំរុំព្រឹក្សាដែលលាក់កំបាំងរាជធានីអាទិទេពដ៏ស្កឹមស្កៃមួយ ហាក់គ្មានអ្នកណាបានឃើញពីមុនមក។ សួរថាតើអារម្មណ៍បែបនេះរំភើបប៉ុនណា?

សូមជម្រាបថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នាវេលាម៉ោង ៩៖៤០ នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាខូវ សាធារណរដ្ឋប៉ូឡូញ។

បរមភូមិនេះគឺជារាជធានីចាស់នាសម័យចេនឡាមានបុព្វនាមថា «ឥសានបុរៈ» មានន័យថាជាទីក្រុងរបស់ព្រះឥសូរ ដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយព្រះសិវៈ ឬព្រះឥសូរ (សម័យក្រោយមកគេហៅ ព្រះឥន្ទ្រ ឬព្រះឥន្ទ្រាធិរាជ) ហើយក៏ជាមជ្ឈមណ្ឌលនៃព្រាហ្មញ្ញសាសនាដ៏ធំប្រចាំអាស៊ីអាគ្នេយ៍ផងដែរ។ ចេនឡា ជាអតីតសាមន្តរដ្ឋរបស់អាណាចក្រភ្នំ ឬហ្វូណន។ អាណាចក្រចេនឡាបានបន្តការរីកចម្រើនចាប់តាំងពីរជ្ជកាលព្រះបាទភវវរ្ម័នទី១ ព្រះបាទមហេន្ទ្រវរ្ម័នទី១ រហូតដល់ព្រះបាទឥសានវរ្ម័នទី១ ដែលជាព្រះរាជបុត្ររបស់ព្រះបាទមហេន្ទ្រវរ្ម័នទី១ និងជាព្រះមហាក្សត្របានដណ្តើមអំណាចពីអាណាចក្រភ្នំដោយជោគជ័យ ដោយវាយយកបានរាជធានីចុងក្រោយរបស់អាណាចក្រភ្នំ គឺនៅរាជធានីនរវបុរៈ បច្ចុប្បន្នស្ថិតនៅស្រុកអង្គរបូរី ខេត្តតាកែវ។

ប្រាសាទសំបូរព្រៃគុក ភាគច្រើនកសាងឡើងដោយព្រះបាទឥសានវរ្ម័នទី១ ដែលមានលក្ខណៈជាប្រាសាទទោល និងសង់ជាក្រុមក្នុងកំពែងតែមួយ។ សម្ភារសំណង់ គឺមានឥដ្ឋតាន កំបោរបាយអ ថ្មភក់ រីឯប្លង់ប្រាសាទមានរាងបួនជ្រុង និងប្រាំបីជ្រុង មានចម្លាក់លើកំបោរបាយអ។ គ្រឿងលម្អស្ថាបត្យកម្មមានផ្តែរ និងសរសរពេជ្រសុទ្ធសឹងធ្វើអំពីថ្មភក់ ចំណែកជណ្ដើរសិលា និងស៊ុមទ្វារ ក៏សាងឡើងអំពីថ្មភក់ដែរ។

ក្រុមប្រាសាទនៅតំបន់ប្រាសាទសំបូរព្រៃគុកនេះ ត្រូវបានកំណត់បែងចែកជា ៣ ក្រុមធំៗ និងមានក្រុមតូចៗជាច្រើនទៀត ដូចជា៖

១៖ ក្រុមប្រាសាទខាងជើង ឬក្រុមប្រាសាទសំបូរ កសាងឡើងនៅដើមសតវត្សរ៍ទី៧ ក្រោមស្នាព្រះហស្ដព្រះបាទឥសានវរ្ម័នទី១ ឧទ្ទិស ចំពោះព្រះសិវៈ ដែលព័ទ្ធជុំវិញដោយក្រុមប្រាសាទតូចៗជាច្រើន កសាងអំពីឥដ្ឋតាន់ ។

២៖ ក្រុមប្រាសាទកណ្តាល ឬក្រុមប្រាសាទតោ កសាងឡើងក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី២ នាសតវត្សរ៍ទី៩ ឧទ្ទិសចំពោះព្រះសិវៈ។ ក្រៅពីប្រាសាទតោនៅកណ្ដាល ក៏នៅមានប្រាង្គប្រាសាទតូចៗចំនួន ៧ ទៀត ដែលកសាងពីឥដ្ឋក្នុងដើមសតវត្សរ៍ទី៧ ក្រោមស្នាព្រះហស្ដព្រះបាទឥសានវរ្ម័នទី១ផងដែរ។

៣៖ ក្រុមប្រាសាទខាងត្បូង ឬក្រុមប្រាសាទយាយព័ន្ធ សាងឡើងនៅដើមសតវត្សរ៍ទី៧ ក្រោមស្នាព្រះហស្ដព្រះបាទឥសានវរ្ម័នទី១ ដែលលមានប្រាង្គកណ្តាលមួយឈ្មោះថា ប្រាសាទនាគព័ន្ធ ឬប្រាសាទយាយព័ន្ធ រីឯប្រាង្គបន្ទាប់ បន្សំទៀតមានចំនួន ៧ ដែលស្ថិតនៅក្នុងកំពែងពីរជាន់ព័ន្ធជុំវិញ ក្នុងនោះកំពែងខាងក្នុងសាងអំពីឥដ្ឋតាន់ ឧទ្ទិស ចំពោះព្រះសិវៈ។

ចំណែកឯក្រុមប្រាសាទតូចៗទៀត មានដូចជាក្រុមប្រាសាទក្រោលរមាស ក្រុមប្រាសាទត្រពាំងរពាក់ ក្រុមប្រាសាទឫស្សីរលែក ក្រុមប្រាសាទសណ្តាន់ ក្រុមប្រាសាទបុស្សរាមជាដើម។ ទិដ្ឋភាពដ៏ស្រស់បំព្រងនារដូវនេះ ភ្ញៀវទេសចរមិនគួររំលងពីការអញ្ជើញទៅទស្សនាឡើយ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.