ឆ្នាំ២០១៨ អាស៊ានទាំងមូលទទួលបានទេសចរ ១២៩លាននាក់ កើនឡើង ៧.៤ភាគរយ

(ហាឡុង-វៀតណាម)៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២២ នៅទីក្រុងហាឡុង ប្រទេសវៀតណាម ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានបប្រាប់មកកាន់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នេះថា ពេញមួយឆ្នាំ២០១៨ តំបន់អាស៊ានទាំងមូលទទួលបានភ្ញៀវទេសចរប្រមាណ ១២៩លាននាក់ កើនឡើង ៧.៤%។

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២២នេះ ធ្វើឡើងស្របពេលជាមួយគ្នានឹងវេទិកាទេសចរណ៍អាស៊ានលើកទី៣៨ ឆ្នាំ២០១៩ (ASEAN Tourism Forum 2019) ក្រោមប្រធានបទ «អាស៊ាន៖ អានុភាពតែមួយ (ASEAN: The Power of One)» ដែលបាននិងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៨ ខែមករា។

ឯកឧត្តម ថោង ខុន បានឱ្យដឹងថា «រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានអបអរសាទរ ចំពោះកំណើនទេសចរមកទស្សនាតំបន់អាស៊ាន ឆ្នាំ២០១៨ មានរហូតដល់ ១២៩លាននាក់ ក្នុងកំណើន ៧.៤%»។

កិច្ចប្រជុំក៏បានពិនិត្យអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យទេសចរណ៍ ជាពិសេសការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ២០១៦-២០២៥ ដូចខាងក្រោម៖

១៖ ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗក្នុងអាស៊ាន៖ បច្ចុប្បន្ន អាស៊ានមានផលិតផលទេសចរណ៍រហូតដល់ ១៣០ប្រភេទ ដែលគ្របដណ្តប់លើគោលដៅទេសចរណ៍ជាច្រើនក្នុងតំបន់។ ឆ្នាំ២០១៩នេះ អាស៊ានបានឯកភាពផ្តោតការយកចិត្តទុកដាក់ លើការបង្កើតផលិតផលទេសចរណ៍ពិធីបុណ្យ (Festival Tourism) ទន្ទឹមនឹងការយកចិត្តទុកដាក់បន្ថែមទៀតលើទេសចរណ៍តាមនាវាសមុទ្រ (Cruise Tourism) និងទេសចរណ៍ទន្លេ (River Tourism) ដោយសហការជាមួយក្រុមហ៊ុនពិភពលោកធំៗ សំដៅជំរុញទេសចរឲ្យធ្វើដំណើរតាមខ្សែទស្សនកិច្ចនាវាសមុទ្រ (Cruise Line) និងទន្លេក្នុងតំបន់អាស៊ានកាន់តែច្រើនថែមទៀត។

ត្រង់ចំណុចនេះ ឯកឧត្តមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត ឆ្នាំ២០២០ ក្រសួងទេសចរណ៍កម្ពុជា នឹងដាក់កំពង់ផែនេះចូលក្នុងខែ្សទស្សនកិច្ចនាវាសមុទ្រអាស៊ានផងដែរ។

២៖ ការផ្សព្វផ្សាយទេសចរណ៍អាស៊ាន៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានផ្តោតការយកចិត្តទុកដាក់ផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ប្រព័ន្ធព័ត៌មានសង្គម គេហទំព័រ និងការកសាងភាពជាដៃគូ តាមរយៈការចូលរួមពិព័រណ៍ ការរៀបចំព្រឹត្តិការណ៍ជាតិ-អន្តរជាតិជាដើម។ ឆ្នាំ២០១៩នេះ អាស៊ាននឹងជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍ តាមរយៈទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌ និងទេសចរណ៍សុខមាលភាព (Wellness Tourism) ដែលប្រទេសសមាជិកនីមួយៗ គួរចូលរួមរៀបចំកម្មពិធីផ្សព្វផ្សាយនានា។

៣៖ ការតភ្ជាប់ទំនាក់ទំនងបេតិកភណ្ឌរវាងគ្នា៖ ដើម្បីអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពក្នុងយុគសម័យឌីជីថល អាស៊ានបានស្វាគមន៍ដល់ទស្សនទាន ស្តីពីការតភ្ជាប់ទំនាក់ទំនងបេតិកភណ្ឌរវាងគ្នា ដើម្បីការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ដោយទទួលស្គាល់៖ (១). ការថ្លឹងថ្លែងរវាងការអភិវឌ្ឍទេសចរណ៍ និងការអភិរក្សបេតិកភណ្ឌ, (២). គាំទ្រគំនិតផ្តួចផ្តើមឲ្យមានការតភ្ជាប់បេតិកភណ្ឌរវាងគ្នា សំដៅឆ្ពោះទៅការអភិវឌ្ឍទេសចរណ៍ ប្រកបដោយចីរភាពក្នុងតំបន់អាស៊ាន តាមរយៈការបង្កើតឲ្យមានបណ្ដុំទិន្នន័យអេឡិចត្រូនិក អំពីតំបន់បេតិកភណ្ឌពិភពលោក, (៣). អំពាវនាវឲ្យមានការវិនិយោគលើទេសចរណ៍ច្នៃប្រឌិត (Creative Tourism) និងការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ (Smart Tourism Development ), (៤). ព្រមទាំងបង្កើតឲ្យមានតម្លៃបន្ថែមនៃទេសចរណ៍បេតិកភណ្ឌ ផ្អែកលើអនុភាពនៃបច្ចេកវិទ្យាឌីជីថល។

៤៖ ការអភិវឌ្ឍទេសចរណ៍ប្រកបដោយគុណភាព៖ អាស៊ានបានខិតខំអនុវត្តស្តង់ដាគុណភាព ដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ដោយបានដាក់ចេញនូវស្តង់គុណភាព និងបានធ្វើការវាយតម្លៃផ្តល់រង្វាន់ទេសចរណ៍អាស៊ាន (ASEAN Tourism Award) ជារៀងរាល់ឆ្នាំ។ ឆ្នាំ២០១៩នេះ នឹងមានការផ្តល់រង្វាន់ដល់សេវាកម្មចំនួន ១៤២រង្វាន់ រួមមាន៖ ផ្ទះស្នាក់ចំនួន៣០ សហគមន៍ទេសចរណ៍ចំនួន២៦ សេវាកម្មស្ប៉ាចំនួន៤៤ បង្គន់សាធារណៈចំនួន៤២ ក្នុងនោះកម្ពុជានឹងទទួលបានរង្វាន់ចំនួន១៨ (សហគមន៍ទេសចរណ៍ចំនួន៣ ផ្ទះស្នាក់ចំនួន៥ សេវាកម្មស្ប៉ាចំនួន៥ និងបង្គន់សាធារណៈចំនួន៥)។ ការផ្តល់រង្វាន់អាស៊ាននេះធ្វើឡើង តាមរយៈការវាយតម្លៃផ្អែកលើស្តង់ដាគុណភាពអាស៊ានដែលបានដាក់ចុះ។

៥៖ ការទាក់ទាញវិនិយោគក្នុងវិស័យទេសចរណ៍៖ អាស៊ានផ្តោតសំខាន់លើការទាក់ទាញវិនិយោគអន្តរជាតិ តាមរយៈការចូលរួម និងរៀបចំវេទិកាវិនិយោគអន្តរជាតិនានា ដូចជា វេទិកាវិនិយោគរៀបចំឡើងដោយសហការជាមួយប្រទេសបូកបី មានដូចជាចិន ជប៉ុន និងកូរ៉េ។

៦៖ ការជំរុញការអភិវឌ្ឍសមត្ថភាពនៃអ្នកជំនាញទេសចរណ៍៖ រដ្ឋមន្ត្រីអាស៊ានអបអរសាទវឌ្ឍនភាព នៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរអាស៊ាន (MRAs) ដែលមានគោលដៅជំរុញឲ្យមានបម្លាស់ទីការងារក្នុងតំបន់ចំនួន ៣២មុខជំនាញ នៃសេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ក៏បានកត់សម្គាល់អំពីវឌ្ឍនភាពនៃការរៀបចំស្ដង់ដាសមត្ថភាពអ្នកជំនាញស្ប៉ាអាស៊ាន ដែលដឹកនាំដោយកម្ពុជាផងដែរ។ ទន្ទឹមនឹងនោះ អង្គប្រជុំបានអបអរសាទរលទ្ធផលនៃសន្និសីទអន្តរជាតិលើកទី២ ស្តីពីកិច្ចព្រមព្រៀង MRA ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកម្មវិធីបិទ។ អង្គប្រជុំបានទស្សនាវិដេអូខ្លី អំពីការរៀបចំសន្នីសិទអន្តរជាតិនេះផងដែរ។

៧៖ ជំរុញការសម្រួលការធ្វើដំណើរ៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានជំរុញឲ្យមានការបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរនៅគ្រប់ច្រកចេញ-ចូល ដោយការកាត់បន្ថយរបាំងមិនចាំបាច់ និងបានជំរុញឲ្យមានការហោះហើរត្រង់រវាងប្រទេសសមាជិកអាស៊ាន និងមកពីប្រទេសផ្សេងៗទៀត ដូចជាប្រទេសចិនជាដើម។

លើសពីនេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានកំណត់រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៣ នាឱកាសវេទិកាទេសចរណ៍អាស៊ាននៅអំឡុងខែមករា ឆ្នាំ២០២០ នៅប្រទេសប៊្រុយណេ ហើយកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី២៤ និងវេទិកាទេសចរណ៍អាស៊ាន នៅឆ្នាំ២០២១ ផងដែរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.