កម្ពុជា​នឹង​បង្កើត​ស្ដង់ដា​វិថី​ម្ហូបអាហារ និង​ស្ដង់ដា​តូប​លក់​ម្ហូបអាហារ ចូលទៅ​ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​

(​ភ្នំពេញ​)៖ ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត គ្រោង​នឹង​ស្នើ​រាជរដ្ឋាភិបាល​សុំ​ដាក់បញ្ចូល​ស្ដង់ដា​វិថី​ម្ហូបអាហារ (Food Street) និង​ស្ដង់ដា​តូប​លក់​ម្ហូបអាហារ ចូលទៅ​ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ដើម្បី​លើកកម្ពស់​អនាម័យ​ម្ហូបអាហារ​នៅ​កម្ពុជា ដែល​ជា​សក្ដានុពល​ដ៏​សំខាន់​មួយ ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​។​

​ការបញ្ជាក់​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ដើម្បី​ត្រៀម​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត​៖ ទីក្រុង​ផ្តល់​ភាពកក់ក្តៅ​» ក្រោម​អធិបតីភាព​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម ថោង ខុន បានឱ្យដឹងថា ស្ដង់ដា​វិថី​ម្ហូបអាហារ និង​ស្ដង់ដា​តូប​លក់​ម្ហូបអាហារ (​ទាំង​ចល័ត និង​អចល័ត​) នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​ការចូលរួម​លើកកម្ពស់​គោលដៅ​ទេសចរណ៍​កម្ពុជា ក៏ដូចជា​លើកកម្ពស់​សេវាកម្ម​ម្ហូប អាហារ​ផង និង​លើកកម្ពស់​សុវត្ថិភាព អនាម័យ​ម្ហូបអាហារ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ផងដែរ​។​

​ក្រៅពីនេះ វា​ក៏​នឹង​ចូលរួម​លើក​កម្ពស់​សោភ័ណភាព​ទីក្រុង លើកកម្ពស់​ភាព​ស្អាត និង​បៃតង​នៅតាម​ក្រុង​-​ស្រុក និង​ទីប្រជុំជន​នានា នៃ​រាជធានី​-​ខេត្ត​គោលដៅ​ទេសចរណ៍​ទៀតផង​។ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដែល​បាន​ទទួលទាន​អាហារ ដែល​ឆ្លងកាត់​ការរៀបចំ​ស្ដង់ដា​វិថី​ម្ហូបអាហារ​នេះ នឹង​ទទួលបាន​នូវ​ភាពកក់ក្ដៅ​ជឿ​ទុកចិត្តបាន​។​

​លើសពីនេះ ស្ដង់ដា​វិថី​ម្ហូបអាហារ និង​ស្ដង់ដា​តូប​លក់​ម្ហូបអាហារ នឹង​លើកកម្ពស់​ជីវភាព សុខមាលភាព​របស់​ប្រជាពលរដ្ឋ ព្រម ទាំង​ជួយ​ជំរុញ​អាជីវកម្ម​ខ្នាត​តូច​បែប​គ្រួសារ ឱ្យ​មាន​ការរីកលូតលាស់​ផងដែរ​។​

​ឯកឧត្តម ថោង ខុន បាន​បន្តថា «​នៅពេល​គេ​ល្បី​តៗ​គ្នា​ថា កម្ពុជា​មាន​ស្ដង់ដា​ម្ហូបអាហារ​ល្អ​ត្រឹមត្រូវ មាន​សុវត្ថិភាព មាន​អនាម័យ​ត្រឹមត្រូវ នោះ​ហើយ​គឺជា​សក្ដានុពល​ថ្មី​មួយទៀត ក្នុង​ការទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បន្ថែម​»​។​

​ប៉ុន្តែ​នៅ​ចំពោះមុខ ស្ដង់ដា​ទាំងពីរ​នេះ​មិន​ទាន់​ត្រូវបាន​អនុវត្ត​នៅឡើយ​ទេ បើ​គិត​ក្នុង​ក្របខណ្ឌ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​។ ត្រង់​ចំណុច​នេះ លោក ថោង ខុន បាន​គូសបញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នឹង​ស្នើ​សុំ​រាជរដ្ឋាភិបាល​ដើម្បី​បញ្ចូល​ស្ដង់ដា​ទាំងពីរ​នេះ ទៅ​ក្នុង​សូចនាករ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា ជា​ការគ្រោងទុក នៅពេល​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ នា​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ខាងមុខ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នឹង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ស្ដង់ដា​វិថី​ម្ហូបអាហារ និង​ស្ដង់ដា​តូប​លក់​ម្ហូបអាហារ​នេះ ទៅ​ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ដើម្បី​បំផុស​ឱ្យ​ក្រុង​បេក្ខភាព​នានា ខិតខំ​រៀបចំ​ទីក្រុង​របស់​ខ្លួន​ឱ្យ​កាន់តែ​លេចធ្លោរ​ឡើង​៕​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.