ក្រសួងទេសចរណ៍ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ និងការលក់កញ្ចប់ទស្សនកិច្ចសម្រាប់ទីផ្សារឥណ្ឌូនេស៊ី ទីផ្សារក្នុងតំបន់ និងពិភពលោក តាមរយៈពិព័រណ៍ TRAVEX 2023 នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៣

(ទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី)៖ ឯកឧត្តម កាទើ មហាំម៉ាត់ ណោសស្រ៊ី អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍កម្ពុជាបានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងក្រុមហ៊ុនឯកជនចំនួន ៥ រួមមាន ហ្វាមហៅស៍ រីស្សត និងស្ប៉ា សណ្ឋាគារ និងរមណីយដ្ឋាន សុខា ក្រុមហ៊ុន Satguru Travel & Tours Co,. Ltd Cambodia ក្រុមហ៊ុន Younes Tourism និងក្រុមហ៊ុន AL BARAKAH TRAVEL & TOUR Co,. Ltd ចូលរួមពិព័រណ៍ TRAVEX 2023 ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៣ នៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍កម្ពុជា និងជំរុញការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ជាមួយប្រទេសឥណ្ឌូនេស៊ី ប្រទេសក្នុងតំបន់ និងពិភពលោក។

ពិព័រណ៍ទេសចរណ៍ TRAVEX 2023 មានស្តង់សរុបប្រមាណ ១០០ស្តង់ អ្នកទិញសរុប ៣៤២នាក់ និងអ្នកសារព័ត៌មានចំនួន ៦០នាក់ ក្នុងនោះក៏មាន ការចូលរួមពីសារព័ត៌មានអន្តរជាតិCNN និង TTG ផងដែរ។ នៅពន្លាក្រសួងទេសចរណ៍កម្ពុជាមានរចនារូបភាពគោលដៅទេសចរណ៍ទាំង ៤តំបន់យ៉ាងប្រណិត រួមជាមួយ ក្បាច់គុនល្បុក្កតោ និងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ផងដែរ។

ជាមួយគ្នានោះ ដែរ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុល សីលា ទីប្រឹក្សា និងជាអគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ លោក វ៉េត យុវនាថ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងលោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស បានអញ្ជើញចូលរួមកម្មវិធី Cambodia Media Briefing ដែលជាផ្នែកមួយនៃពិព័រណ៍ TRAVEX និងបានធ្វើបទបង្ហាញជូនអ្នកសារព័ត៌មានឥណ្ឌូនេស៊ី និងអន្តរជាតិអំពីបច្ចុប្បន្នភាពគោលនយោបាយទេសចរណ៍ គោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗរបស់កម្ពុជា។ ក្នុងនោះ អ្នកសារព័ត៌មានចាប់អារម្មណ៍អំពីគោលដៅទេសចរណ៍កម្ពុជា ក្នុងនោះ ក៏មាន ការចាប់អារម្មណ៍អំពី Halal Food នៅកម្ពុជា និងការ ទាក់ទាញ ទេសចរមូស្លីម មកកាន់គោលដៅទេសចរណ៍កម្ពុជា ផងដែរ ។

ដោយឡែក នៅល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅពន្លាក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម កាទើ មហាំម៉ាត់ ណោសស្រ៊ី បានទទួលបដិសណ្ឋារកិច្ច ឯកឧត្តម Sandiaga Salahudin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតនៃប្រទេសឥណ្ឌូនេស៊ី និងលោកជំទាវ Christina Garcia Frasco រដ្ឋមន្រ្តីទេសចរណ៍នៃប្រទេសហ្វីលីពីន ក្នុងដំណើរទស្សនកិច្ចពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX 2023 ព្រមទាំងបានថតរូប និងជូនកាដូអនុស្សាវរីយ៍ផងដែរ។

ចំពោះសកម្មភាពនៅក្នុងពន្លាក្រសួងទេសចរណ៍ មានការផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ក្រមាខ្មែរ ដំណាប់ផ្លែឈើខ្មែររបស់ក្រុមហ៊ុន Misota ឯកសារផ្សព្វផ្សាយ និងPin Kingdom of Wonder, Feel the Warmth ការស្កេន QR Code វីដេអូ រូបភាព និងឯកសារផ្សព្វផ្សាយគោលដៅទេសចរណ៍តាមទូរស័ព្ទដៃ ការចាក់វីដេអូនៅលើទូរទស្សន៍ និងការជម្រាបជូនអ្នកសារព័ត៌មាន អ្នកទិញ និងអ្នកលក់មកពីបណ្តាប្រទេសនានាអំពីបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍ “កម្ពុជា ជាគោលដៅ សុវត្ថិភាព ស្អាត និងបៃតង” ព្រមទាំងបានចាក់ផ្សាយវីដេអូ “ឆ្នាំទស្សនាកម្ពុជា ២០២៣” “ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប” និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ វីដេអូ Taste Cambodia វីដេអូ NEXT Cambodia វីដេអូផ្សព្វផ្សាយរបស់ហ្វាមហៅស៍ រីស្សត និងស្ប៉ា សណ្ឋាគារ និងវីដេអូផ្សព្វផ្សាយរបស់រមណីយដ្ឋាន សុខា ផងដែរ។

យើងរំពឹងថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ TRAVEX 2023 កម្ពុជានឹងទទួលបានភ្ញៀវទេសចរឥណ្ឌូនេស៊ី និងអន្តរជាតិកាន់តែច្រើនឡើងនៅក្នុងឆ្នាំ២០២៣ និងនៅឆ្នាំបន្តបន្ទាប់ទៀត៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.