ក្រសួងទេសចរណ៍៖ តំបន់ទេសចរណ៍ផ្សងព្រេងទាំងអស់ត្រូវពង្រឹងការអនុវត្តស្ដង់ដាឱ្យបានត្រឹមត្រូវ មុននឹងឱ្យភ្ញៀវទេសចរចូលទៅតំបន់ផ្សងព្រេងរបស់ខ្លួន

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានក្រើនរំឭកដល់អ្នកគ្រប់គ្រង ឬប្រធានសហគមន៍នៅតាមតំបន់ទេសចរណ៍ផ្សងព្រេងទាំងអស់ ត្រូវរៀបចំឱ្យមានការគ្រប់គ្រងចរន្តភ្ញៀវទេសចរ ពិសេសការធ្វើសម្រង់ព័ត៌មានភ្ញៀវទេសចរឲ្យបានច្បាស់លាស់ មុននឹងឱ្យភ្ញៀវទេសចរចូលទៅតំបន់ផ្សងព្រេងរបស់ខ្លួន។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្នុងដំណាក់កាលដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩ ចលនាទេសចរណ៍ផ្ទៃក្នុងទៅកាន់តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សងព្រេង មានសន្ទុះកើនឡើងខ្លាំង បង្កើតបានជាប្រាក់ចំណូលដោយផ្ទាល់ជូនប្រជាពលរដ្ឋក្នុងសហគមន៍ និងបានធ្វើឲ្យអនុវិស័យទាំងនេះ មានភាពធន់នឹងវិបត្តិ (Resilient) រួមចំណែកទ្រទ្រង់ដល់វិស័យទេសចរណ៍ជារួម ពិសេសកាត់បន្ថយផលប៉ះពាល់នៃការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ។
ក្រសួងក៏បានក្រើនរំលឹកឲ្យភ្ញៀវទេសចរ ផ្នែកឯកជន និងគណៈគ្រប់គ្រងតំបន់ យកចិត្តទុកដាក់ចូលរួមអនុវត្តស្តង់ដាទេសចរណ៍ផ្សងព្រេង ដែលក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តកាលពីឆ្នាំកាលពីឆ្នាំ២០១៥ ដើម្បីជំរុញការរៀបចំតំបន់ទេសចរណ៍ផ្សងព្រេងនានាឲ្យគោរពតាមស្តង់ដា ធានាបាននូវសន្តិសុខ-សុវត្ថិភាពជូនភ្ញៀវទេសចរ។
បើតាមក្រសួងទេសចរណ៍ តំបន់ទេសចរណ៍ផ្សងព្រេងសំខាន់ៗ ដូចជា តំបន់ខ្នងផ្សារ ភ្នំឱរ៉ាល់ គិរីរម្យ តំបន់ជីផាត អារ៉ែង ពាមក្រសោប ស្រែអំបិល វាលធំ សំឡូត ភ្នំត្បែង សមុទ្រឈើ តំបន់រាមសា បឹងទន្លេសាប ភ្នំគូលែន និងតំបន់ទេសចរណ៍ផ្សងព្រេងជាច្រើន គឺសុទ្ធតែទទួលបានកំណើនភ្ញៀវទេសចរផ្ទៃក្នុងគួរឲ្យកត់សម្គាល់ក្នុងដំណាក់វិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២០ និង២០២១នេះ។
ក្នុងន័យនេះ តំបន់ទេសចរណ៍ផ្សងព្រេងទាំងអស់ត្រូវរៀបចំឲ្យមានការគ្រប់គ្រងចរន្តភ្ញៀវទេសចរ ពិសេសការធ្វើសម្រង់ព័ត៌មានភ្ញៀវទេសចរឲ្យបានច្បាស់លាស់ មុននឹងចាប់ផ្តើមចូលទៅតំបន់ផ្សងព្រេង។ អ្នកគ្រប់គ្រងតំបន់ក៏ត្រូវត្រួតពិនិត្យ និងណែនាំដល់ភ្ញៀវទេសចរឲ្យគោរពទៅតាមបទបញ្ញត្តិ និងបំរាមនានា ដែលត្រូវបានកំណត់ក្នុងតំបន់នីមួយៗ ព្រមជាមួយការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសការអនុវត្តវិធានកា ៣កុំ និង ៣ការពារ។
ទន្ទឹមនឹងនេះ ត្រូវរៀបចំឲ្យបានសមរម្យនូវបន្ទប់ទឹក និងបង្គន់អនាម័យដែលមានទំហំសមស្របដែលអាចមានលទ្ធភាពរៀបចំបាន ដើម្បីធានាសោភ័ណភាព និងកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន និងដំណើរកម្សាន្តរបស់ភ្ញៀវ ព្រមជាមួយការរំលឹកឲ្យភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
គួរបញ្ជាក់ថា ស្តង់ដាទេសចរណ៍ផ្សងព្រេងនេះត្រូវបានបែងចែកជា ៧ សូចនាករ ដូចខាងក្រោម៖
* គុណភាពផ្លូវផ្សងព្រេងកម្សាន្តក្នុងព្រៃ (Quality of Trekking Way)។
* ការផ្តល់ព័ត៌មានជូនភ្ញៀវទេសចរ (Tourist Information)។
* ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធទ្រទ្រង់ (Infrastructure Development)។
* ការធានាសន្តិសុខ-សុវត្ថិភាព (Safety and Security)។
* ការផ្តល់សេវាកម្ម (Service Provision)។
* ការគ្រប់គ្រង (Management)។
* ការធានាផលប្រយោជន៍សង្គម និងបរិស្ថាន (Social and Environmental Benefit)។
គួរជម្រាបថា អង្គការទេសចរណ៍ពិភពលោកក៏បានចាត់ទុកថា អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង រួមទាំងទេសចរណ៍ជនបទផងដែរ គឺជាអនុវិស័យនៃទេសចរណ៍ពិភពលោក ដែលនៅតែមានសកម្មភាព និងដំណើរការទោះក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ពិសេសទ្រទ្រង់ដល់សកម្មភាពទេសចរណ៍ផ្ទៃក្នុង និងជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការជំរុញការអភិវឌ្ឍនៅមូលដ្ឋាន៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.