ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ជំរុញឱ្យបង្កើនការលក់កញ្ចប់ទស្សនកិច្ចទៅកាន់សហគមន៍អេកូទេសចរណ៍

(ភ្នំពេញ)៖ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យការីទេសចរណ៍បង្កើនការលក់កញ្ចប់ទស្សនកិច្ចទៅកាន់សហគមន៍អេកូទេសចរណ៍អាស៊ាន និងសហគមន៍នានានៅកម្ពុជា ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានកាន់តែច្រើន។
គួរជម្រាបថា សហគមន៍អេកូទេសចរណ៍ចំនួន២នៅកម្ពុជាបានទទួលពានរង្វាន់ស្ដង់ដាសហគមន៍អេកូទេសចរណ៍អាស៊ាន ក្នុងនោះរួមមានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន នៅខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេសចរណ៍ព្រៃធំអន្លង់ធំ នៅខេត្តសៀមរាប។
ដើម្បីផ្សព្វផ្សាយនូវកិត្តិនាមនេះ ក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ គម្រោងព្រៃឡង់បៃតង អង្គការកម្មវិធីផ្លាស់បទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP/Cambodia) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលដៅសហគមន៍ និងអេកូទេសចរណ៍នៅតំបន់មេគង្គលើ និងនៅភ្នំត្បែងមានជ័យ ទៅដល់ការីទេសចរណ៍ និងភាគីពាក់ព័ន្ធ។ សិក្ខាសាលានេះធ្វើឡើងនារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។
ឯកឧត្ដម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានលើកឡើងថា ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF) កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ទីក្រុងយុក្យាការតា (Yogyakarta) ប្រទេសឥណ្ឌូណេស៉ី អាស៊ានបានប្រគល់ពានរង្វាន់ស្ដង់ដាសហគមន៍អេកូទេសចរណ៍អាស៊ានដល់សហគមន៍អេកូទេសចរណ៍ចំនួន២នៅកម្ពុជា គឺសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន នៅខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេសចរណ៍ព្រៃធំអន្លង់ធំ នៅខេត្តសៀមរាប។
ឯកឧត្ដម ជុក ជំនោរ បានបន្តថា តាមការវាយតម្លៃរបស់អាស៊ាន សហគមន៍អេកូទេសចរណ៍ទាំង២នេះគឺបានខិតខំអភិវឌ្ឍធនធានមនុស្សក្នុងសហគមន៍ កសាងហេដ្ឋារចនាសម្ពន្ធនៅមូលដ្ឋាន បង្កើនផលិតផលទេសចរណ៍ថ្មីៗ កែលម្អផលិតផលទេសចរណ៍ដែលមានស្រាប់ ព្រមទាំងទទួលបានការពេញនិយមច្រើនពីសំណាក់ភ្ញៀវទេសចរ។
តាមការបន្ថែមរបស់ឯកឧត្ដម ជុក ជំនោរ បន្ទាប់ពីសិក្ខាសាលានេះចប់ ក្រុមការងារក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិ គម្រោងព្រៃឡង់បៃតង អង្គការកម្មវិធីផ្លាស់បទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP/Cambodia) នឹងសហការដឹកនាំការីទេសចរណ៍សំខាន់ៗធ្វើទស្សនកិច្ចទៅកាន់សហគមន៍អេកូទេសចរណ៍ចំនួន៥ រួមមាន សហគមន៍ទេសចរណ៍ទឹកធ្លាក់តាំងយូ សហគមន៍ទេសចរណ៍ដាតាវឹក និងសហគមន៍ទេសចរណ៍ទឹកធ្លាក់ចាក់អង្រែ ដែលស្ថិតនៅតំបន់ភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ សហគមន៍អេកូទេសចរណ៍កោះសាមសិប នៅខេត្តក្រចេះ និងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន នៅខេត្តស្ទឹងត្រែង។ ការធ្វើទស្សនកិច្ចនេះគឺចាប់ពីថ្ងៃទី២១-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីឱ្យការីទេសចរណ៍ដែលជាអ្នករៀបចំកញ្ចប់ទស្សនកិច្ចបានឃើញពីផលិតផលទេសចរណ៍នៅតាមសហគមន៍ និងអេកូទេសចរណ៍ទាំង៥នោះ សំដៅទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ បង្កើនការមកទស្សនាគោលដៅទាំងនោះ។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានចូលរួមអបអរសាទរចំពោះសហគមន៍អេកូទេសចរណ៍ទាំង២របស់កម្ពុជា ដែលទទួលបានពានរង្វាន់ស្ដង់ដាសហគមន៍អេកូទេសចរណ៍អាស៊ាននេះ។
ឯកឧត្ដមបានលើកឡើងនូវអនុសាសន៍ណែនាំឱ្យវិស័យឯកជន ពិសេសក្រុមហ៊ុនទេសចរណ៍ និងការីទេសចរណ៍ទាំងក្នុងក្របខណ្ឌសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) និងបណ្តាអ្នករៀបចំកញ្ចប់ទស្សនកិច្ចឯកជនជួយបញ្ចូលគោលដៅសហគមន៍ទាំង៥ខាងលើ ទៅក្នុងកញ្ចប់ទស្សនកិច្ចរបស់ខ្លួន ក៏ដូចជាជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់ភ្ញៀវទេសចរ និងស្នើឱ្យពង្រឹងការគាំទ្រជួយដល់សហគមន៍ តាមរយៈការប្រើប្រាស់សេវារបស់សហគមន៍ឱ្យបានច្រើន ដែលជាការលើកទឹកចិត្តដល់ការចូលរួមរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ឯកឧត្ដមរដ្ឋមន្ត្រីបានណែនាំដល់លេខាធិការដ្ឋានគណៈកម្មាធិការជាតិ ត្រូវបន្តសហការជាមួយក្រុមការងារទីភ្នាក់ងារ USAID និងអង្គការ NTFP-EP រួមជាមួយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ និងសហគមន៍គោលដៅទាំង៥ រៀបចំនូវឧបករណ៍ផ្សព្វផ្សាយនានា (Promotional Materials) ពិសេសសហការជាមួយដៃគូពាក់ព័ន្ធ ផ្សព្វផ្សាយគោលដៅសហគមន៍ខាងលើឱ្យបានទូលំទូលាយ។
ឯកឧត្ដមក៏បានស្នើឱ្យស្ថាប័នដៃគូអភិវឌ្ឍ អង្គការជាតិនិងអន្តរជាតិនានាបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍតំបន់សហគមន៍ទាំង៥នេះ ទាំងលើផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។ មិនតែប៉ុណ្ណោះ សូមជួយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុនានាដល់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ លើការអនុវត្តគម្រោងនានាពាក់ព័ន្ធនឹងអេកូទេសចរណ៍ និងសហគមន៍។
ជាមួយគ្នានោះដែរ លោក ស៊ឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំប្រទេសរបស់ NTFP-EP Cambodia និងកញ្ញា ហាញ់ ង្វៀន (Hanh Nguyen) នាយកបេសកកម្មស្តីទីរបស់ USAID ក៏បានបញ្ជាក់ពីការប្ដេជ្ញាចិត្តចូលរួមក្នុងកិច្ចការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍នៅតាមតំបន់មេគង្គលើ និងនៅភ្នំត្បែងមានជ័យថែមទៀតដែរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.