ក្រសួងទេសចរណ៍៖ រុស្ស៉ីសន្យាសហការជំរុញទេសចរខ្លួនឱ្យមកកម្ពុជាបន្ថែមទៀត ពេលស្ថានភាពកូវីដធូរស្រាល

(ភ្នំពេញ)៖ ភាគីរុស្ស៉ីបានទទួលយកសំណើរបស់ភាគីកម្ពុជា ក្នុងការបន្តកិច្ចសហការជំរុញទេសចរពីប្រទេសរបស់ខ្លួន ឱ្យមកទស្សនាប្រទេសកម្ពុជាបន្ថែមទៀត ពិសេសគឺក្នុងដំណាក់កាលដែលកម្ពុជាបើកទទួលយក «ទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំង» បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានធូរស្រាល នាពេលខាងមុខ។
ការបញ្ជាក់នេះធ្វើឡើងក្នុងកិច្ចប្រជុំអនឡាញរវាងក្រសួងទេសចរណ៍ ដឹកនាំដោយឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ជាមួយទីភ្នាក់ងារទេសចរណ៍សហព័ន្ធរុស្ស៉ី ដឹកនាំដោយលោក ឌីមីយាន ស្ម៉ីឡេវៀតស៍ (Demyan Smilevets) ប្រធានផ្នែកសហប្រតិបត្តិការអន្តរជាតិនៃទីភ្នាក់ងារទេសចរណ៍សហព័ន្ធរុស្ស៉ី។ កិច្ចប្រជុំទ្វេភាគីនេះ ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។
ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម​ ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់ឱ្យដឹងថា លោក ឌីមីយាន ស្ម៉ីឡេវៀតស៍ ដែលជាតំណាងភាគីរុស្ស៉ី បានទទួលយកសំណើរបស់ភាគីកម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសក្នុងដំណាក់កាលដែលកម្ពុជានឹងបើកទទួលយក «ទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំង» បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានធូរស្រាលនាពេលខាងមុខ។
ឯកឧត្តម​ ទ្រី ឈីវ បានបន្តថា ការត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសរុស្ស៉ីនេះនឹងប្រព្រឹត្តទៅបាន នៅពេលដែលភាគីកម្ពុជាមានការត្រៀមខ្លួនឱ្យបានស្រេចបាច់ជាមុនសិន ខណៈការងារទាំងនោះក៏ត្រូវបានភាគីទាំងពីរលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះផងដែរ រួមមាន៖
* ការបណ្ដុះបណ្ដាលបំប៉នដល់មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសារុស្ស៉ី
* ការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ Road show តាមប្រព័ន្ធអនឡាញ និងការចូលរួមផ្ទាល់ដល់ក្រុមហ៊ុនទេសចរណ៍រុស្ស៉ី
* ការរៀបចំទស្សនកិច្ចសិក្សាផ្សព្វផ្សាយ ពិសេសលើគោលដៅទេសចរណ៍នៅកម្ពុជាពីក្រុមហ៊ុនទេសចរណ៍ និងសារព័ត៌មាន (Tailormade Farm Trip)
* ការគាំទ្ររបស់រុស្ស៉ីដល់ការអនុវត្ត «ផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារលើកស្ទួយ និងស្ដារវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ-១៩»
* សហការជំរុញការហោះហើរត្រង់រវាងកម្ពុជា-រុស្ស៉ី
* គំនិតផ្ដួចផ្ដើមរៀបចំឲ្យមានមជ្ឈមណ្ឌលទេសចរណ៍អាស៊ាន-រុស្ស៉ីជាដើម។
ក្នុងន័យនេះ ឯកឧត្តម​ ទ្រី ឈីវ បានបញ្ជាក់ថា «ភាគីទាំងពីរនឹងរៀបចំជាផែនការការងារ សម្រាប់ឆ្នាំ២០២២-២០២៥ ដើម្បីអនុវត្តស្មារតីនៃកិច្ចសហប្រតិបត្តិការខាងលើ»។
នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម​ ថោង រដ្ឋសក្ដិ ក៏បានជម្រាបដល់ភាគីរុស្ស៉ីដែរថា ក្រោមការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសសមាជិកអាស៊ានបានអបអរសាទរចំពោះការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន-រុស្ស៉ី ជាពិសេសការជំរុញឲ្យមានការពិគ្រោះយោបល់អាស៊ាន-រុស្ស៉ី លើវិស័យទេសចរណ៍រហូតដល់កម្រិតរដ្ឋមន្ត្រីលើកទី១ ដែលគ្រោងនឹងរៀបចំនៅអំលុងនៃកិច្ចប្រជុំនានា នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF 2022) លើប្រធានបទមួយចំនួនទៀត ដូចជា ទេសចរណ៍សមុទ្រ (Marine Tourism) កីឡាទេសចរណ៍ (Sports Tourism) សំដៅជំរុញបន្ថែមទៀតក្នុងការវិនិយោគទេសចរណ៍តំបន់ឆ្នេរ និងគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ពេលខាងមុខ។
គួររំលឹកថា កន្លងមក ភាគីរុស្ស៉ីបានជួយបណ្ដុះបណ្ដាលដល់មន្ត្រីរាជការនៃក្រសួងទេសចរណ៍ ជាពិសេសបណ្ដុះបណ្ដាលបំប៉នដល់មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសារុស្ស៉ីបានច្រើន។ ទេសចររុស្ស៉ីមកទស្សនានៅកម្ពុជានៅមុនពេលមានវិបត្តិជំងឺកូវីដ-១៩ ក៏មានការកើនឡើងគួរកត់សម្គាល់ ជាពិសេសតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលជាគោលដៅប្រកបដោយភាពទាក់ទាញសម្រាប់ទេសចររុស្ស៉ី៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.