ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ណែនាំប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញថ្មី ខិតខំបង្កើនប្រសិទ្ធភាពការងារ និងពង្រឹងការងារគ្រប់គ្រងឧស្សាហកម្មទេសចរណ៍

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ណែនាំប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញថ្មី ខិតខំបង្កើនប្រសិទ្ធភាពការងារ និងពង្រឹងការងារគ្រប់គ្រងឧស្សាហកម្មទេសចរណ៍

(ភ្នំពេញ)៖ នារសៀលថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីថ្នាកដឹកនាំក្រសួងទេសចរណ៍ សមាជិកក្រុមប្រឹក្សារាជធានី អភិបាលរង ប្រធានមន្ទីរ អង្គភាព សមត្ថកិច្ចជុំវិញរាជធានី ផ្នែកឯកជន និងប្រតិបត្តិករទេសចរណ៍ សរុបប្រមាណ ៤៥០នាក់។

ដើម្បីបន្តនិរន្តរភាពការងារ ក៏ដូចជាបង្កើនប្រសិទ្ធភាពការងារ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅរាជធានីភ្នំពេញ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានផ្តល់អនុសាសន៍ណែនាំដល់ប្រធានមន្ទីរទេសចរណ៍ថ្មី និងមន្រ្តីរាជការក្រោមឱវាទ ត្រូវយកចិត្តទុកដាក់អនុវត្តលើការងារសំខាន់ៗ ដូចខាងក្រោម៖

១- ការងារគ្រប់គ្រងមន្រ្តីរាជការ
- ត្រូវធ្វើការបែងចែក និងប្រគល់ភារកិច្ចជូនមន្រ្តីឲ្យបានច្បាស់លាស់
- ត្រូវមានរបៀបរបបប្រជុំ របៀបរបបដឹកនាំ និងត្រួតពិនិត្យការងារច្បាស់លាស់
- ត្រូវពិនិត្យ កែសម្រួល និងបំពេញរចនាសម្ព័ន្ធរបស់មន្ទីរឲ្យបានសមស្របតាមរចនាសម្ព័ន្ធថ្មីរបស់ក្រសួង
- ត្រូវពង្រឹងការគ្រប់គ្រងវត្តមានមន្រ្តី ពង្រឹងវិន័យ និងការចាត់តាំងឲ្យបានល្អ
- ត្រូវមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងមន្ទីរឲ្យបានល្អ
- ត្រូវចាត់ទុករដ្ឋបាលរាជធានីភ្នំពេញជាម៉ែ និងក្រសួងទេសចរណ៍ជាឪ
- ត្រូវមានកិច្ចសហការល្អជាមួយក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ទីរ អង្គភាព សមត្ថកិច្ចពាក់ព័ន្ធជុំវិញរាជធានី និងផ្នែកឯកជនក្នុងឧស្សាហកម្មទេសចរណ៍។

២- ការងារអភិវឌ្ឍន៍ និងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍
- ត្រូវរៀបចំឲ្យមានផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍រាជធានីភ្នំពេញ ហើយផែនការនេះត្រូវដាក់ឆ្លងក្រុមប្រឹក្សា គណៈអភិបាលរាជធានី និងក្រសួងទេសចរណ៍
- ពង្រឹងការងារគ្រប់គ្រង និងអភិវឌ្ឍផលិតផលទេសចរណ៍ ធ្វើយ៉ាងណាឲ្យរមណីយដ្ឋានទេសចរណ៍នានានៅរាជធានីភ្នំពេញ មានការប្រែប្រួល និងមានភាពទាក់ទាញសម្រាប់ទេសចរជាតិ-អន្តរជាតិ
- ត្រូវខិតខំរៀបចំបង្កើតជាកញ្ចប់ខ្សែទស្សនកិច្ចសម្រាប់រាជធានី ដោយតភ្ជាប់ពីគោលដៅមួយទៅគោលដៅមួយទៀត ឬភ្ជាប់ទៅខេត្តគោលដៅផ្សេងៗទៀត ដោយសហការជាមួយមន្ទីរទេសចរណ៍ខេត្តដែលនៅជុំវិញ
- ត្រូវពង្រឹងការគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ អោយបានត្រឹមត្រូវតាមស្តង់ដារ
- ត្រូវរៀបចំបង្កើតអោយមានជាព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងកីឡា ឲ្យបានច្រើនសម្រាប់រាជធានីភ្នំពេញ
- ត្រូវជម្រុញលើកទឹកចិត្តដល់ផ្នែកឯកជន ចូលរួមវិនិយោគលើផ្នែកទេសចរណ៍ឲ្យបានច្រើន ពិសេសលើការអភិវឌ្ឍន៍រមណីយដ្ឋាន និងកន្លែងកម្សាន្តទេសចរណ៍
- ត្រូវពង្រឹងការអនុវត្តច្បាប់ស្តីពីទេសចរណ៍ និងបទដ្ឋានគតិយុត្តផ្សេងៗ
- ត្រូវពង្រឹងការងារគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ពិសេសត្រូវជំរុញឲ្យមូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍នៅគ្រប់ខណ្ឌទាំង ១៤ ធ្វើអាជីវកម្មត្រឹមត្រូវតាមច្បាប់ និងមានអាជ្ញាបណ្ណពិតប្រាកដ ព្រមទាំងជម្រុញអនុវត្តការផ្តល់អាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធ Online
- ត្រូវពង្រឹងសមត្ថភាពមន្រ្តីប្រចាំការនៅការិយាល័យទេសចរណ៍ខណ្ឌទាំង១៤
- ត្រូវសហការជាមួយការិយាល័យច្រកចេញចូលតែមួយរបស់រាជធានី ក្រុង ខណ្ឌ ដើម្បីពិនិត្យលើស្លាកយីហោអាជីវកម្ម និងមុខម្ហូបភាសាចិន ឲ្យបានត្រឹមត្រូវ
- ត្រូវជម្រុញការរៀបចំផែទេសចរណ៍ឲ្យបានត្រឹមត្រូវ ហើយត្រូវគ្រប់គ្រងកាណូតទេសចរណ៍ ដោយត្រូវមានឯកសណ្ឋាន និងអាជ្ញាបណ្ណប្រកបអាជីវកម្មត្រឹមត្រូវ
- ត្រូវជម្រុញអនុវត្តស្តង់ដាសេវាកម្មទេសចរណ៍នានា ដែលក្រសួងបានដាក់ចេញ
- ត្រូវរៀបចំកិច្ចប្រជុំប្រចាំត្រីមាសជាមួយផ្នែកឯកជន និងប្រតិបត្តិករទេសចរណ៍នៅរាជធានីភ្នំពេញ ឲ្យបានជាប់ជាប្រចាំ
- ត្រូវពង្រឹងការឃោសនាផ្សព្វផ្សាយ និងផលិតឯកសារផ្សព្វផ្សាយទេសចរណ៍របស់រាជធានីតាមគ្រប់រូបភាព និងមធ្យោបាយ ពិសេសតាមប្រព័ន្ធព័ត៌មានវិទ្យា ដោយសហការជាមួយសាលារាជធានីភ្នំពេញ ក្រុមហ៊ុន សមាគម និងផ្នែកឯកជននានា
- ត្រូវជំរុញរៀបចំមណ្ឌលព័ត៌មានទេសចរណ៍នៅតាមទីប្រជុំជន និងគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីផ្តល់ព័ត៌មានជូនទេសចរជាតិ និងអន្តរជាតិ
- ត្រូវជម្រុញរៀបចំឲ្យមានបង្គន់អនាម័យស្អាតនៅតាមទីសាធារណៈ ទីប្រជុំជន
- ត្រូវជម្រុញចលនាប្រលងប្រណាំងទីក្រុងស្អាត សំដៅធ្វើឲ្យជ័យលាភីខណ្ឌទាំង ១២ រក្សាខ្សែក្រវ៉ាត់ និងឈានទៅបន្ថែមផ្ការំដួលដល់ ៣ទង និង២ទង។ រីឯ ខណ្ឌថ្មី០២ទៀត គឺខណ្ឌបឹងកេងកង ខណ្ឌកំបូល ក៏នឹងត្រៀមលក្ខណៈចូលរួមក្នុងចលនាប្រលងប្រណាំងទីក្រុងស្អាតនេះផងដែរ
- ស្នើរៀបចំឲ្យមានវិថីម្ហូបអាហារ (Food Street) ឲ្យបានច្រើនកន្លែងនៅតាមបណ្តា គោលដៅសំខាន់ៗ ហើយត្រូវលើកទឹកចិត្តដល់ការបង្ហាញម្ហូបអាហារ នំ បង្អែមខ្មែរ និងត្រូវរៀបចំឲ្យស្របនឹងលក្ខខណ្ឌសណ្តាប់ធ្នាប់ អនាម័យ សុវត្ថិភាពចំណីអាហារ អគ្គិសនី ទឹកស្អាត និងចំណត។ ទន្ទឹមនឹងនេះ ត្រូវចូលរួមអនុវត្តនូវប្រព័ន្ធចំណាត់ថ្នាក់សេវាកម្មតូបលក់ម្ហូបអាហារ (Street Food)ឲ្យបានផុលផុស
- ស្នើរៀបចំឲ្យមានតំបន់ទេសចរថ្មើជើង ផ្លូវជិះកង់ ផ្លូវស៊ីក្លូ ចំណតរថយន្ត ...។ល។
- ត្រូវពង្រឹងការងារសន្តិសុខ និងសុវត្ថិភាពទេសចរ ដោយសហការជាមួយអាជ្ញាធរ មូលដ្ឋាន នគរបាលទេសចរណ៍ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ
- ត្រូវពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស និងផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ ដោយផ្អែកតាមស្តង់ដាសមត្ថភាពរួមអាស៊ាន កម្មវិធីបណ្តុះបណ្តាលខាងក្នុង (In House Training) និងកម្មវិធីហ្វឹកហាត់ការងារ (Apprenticeship Program) សំដៅធ្វើឲ្យអ្នកជំនាញទេសចរណ៍កម្ពុជាទាំងអស់មានសមត្ថភាព និងគុណវឌ្ឍិស្របតាមស្តង់ដាតំបន់ និងអន្តរជាតិ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.