ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍ និងឯកឧត្តមអភិបាលខេត្តសៀមរាប បន្តជំរុញរៀបចំអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីធានាថាខេត្តសៀមរាបជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព

(សៀមរាប)៖ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទដ្ឋានគតិយុត្តិ ដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ជំហានទី១) សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំង៦ ក្នុងដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ ដល់អាជីវករទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នៅសាលាខេត្តសៀមរាប។
មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំង៦ នោះរួមមាន៖ អាជីវកម្មសេវាស្នាក់នៅ សេវាកម្មភោជនីយដ្ឋាន-អាហារដ្ឋាន សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក សហគមន៍ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ ដែលលោករដ្ឋមន្ត្រីបានបញ្ជាក់ហើយថា ត្រូវតែអនុវត្តតាមឱ្យបានត្រឹមត្រូវតាមវិធានសុវត្ថិភាពដែលបានប្រកាសដាក់ឱ្យអនុវត្តថ្មីៗកន្លងទៅនេះ ដើម្បីឱ្យវិស័យទេសចរណ៍មានដំណើរល្អឡើងវិញ និងធានាបានសុវត្ថិភាពសម្រាប់ទេសចរនៅកម្ពុជានិយាយរួម និងខេត្តសៀមរាប និយាយដោយឡែក ដែលកិច្ចការនេះទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ពាន់ប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ពិសេសពីប្រតិបត្តិករទេសចរណ៍ទាំងឡាយ ដើម្បីធានាថាសៀមរាប ក៏ដូចកម្ពុជាទាំងមូលនៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្នគប្បីជំរុញឲ្យមានការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុវត្ថិភាពចាំបាច់មួយចំនួនទាំងនៅក្នុងជីវភាពប្រចាំថ្ងៃ និងសកម្មភាពសេដ្ឋកិច្ច-សង្គម ដូចជាការរក្សាអនាម័យ និងភាពស្អាត រក្សាសុវត្ថិភាពម្ហូបអាហារ និងការរក្សាគម្លាតសុវត្ថិភាព។
ដោយឡែកនៅក្នុងវិស័យទេសចរណ៍ត្រូវគិតគូរអំពីគំរូអាជីវកម្មប្រភេទថ្មី ដើម្បីសម្របទៅតាមស្ថានភាពសេដ្ឋកិច្ច-សង្គមជាក់ស្តែង ដោយក្នុងនោះមានអាជីវកម្មអាចអនុវត្តដំណោះស្រាយឌីជីថលតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ និងត្រូវពង្រឹងសមត្ថភាព និងគុណភាព ពិសេសការបង្កើនផលិតភាពដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងកាន់តែស្រួចស្រាល ទីផ្សារកាន់តែរួមចង្អៀតហើយខ្សែចង្វាក់ផ្គត់ផ្គង់កាន់តែបង្រួមខ្លី។
អនុសាសន៍ណែនាំបន្ថែមទាំង ៥ ចំណុចរបស់ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ជូនដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់កិច្ចការងារអនុវត្តបន្ត រួមមាន៖
*ទី១៖ ស្នើឲ្យរដ្ឋបាលខេត្តសៀមរាបពង្រឹងការគ្រប់គ្រងបន្ថែមចំពោះមូលដ្ឋានអាជីវកម្មទេសចរណ៍ ដោយផ្ដោតលើពីរចំណុចសំខាន់៖ តម្រូវឲ្យប្រតិបត្តិករទេសចរណ៍រៀបចំឲ្យមានការវាស់កម្ដៅ បាញ់អាកុល លាងដៃ សម្រាប់រាល់ការចេញចូលទីតាំងអាជីវកម្ម ឬប្រសិនបើរៀបចំបន្ថែមឲ្យមានម៉ាស៊ីនស្វ័យប្រវត្តិកម្ម សម្រាប់កិច្ចការងារខាងលើកាន់តែប្រសើរ តម្រូវឲ្យបុគ្គលគ្រប់រូបដែលឆ្លងកាត់ចេញចូលទីតាំងអាជីវកម្មត្រូវចុះឈ្មោះ ឬផ្តល់អត្តសញ្ញាណជាដាច់ខាត។
*ទី២៖ ចំពោះសេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក និងផ្លូវទឹក សូមស្នើឲ្យរដ្ឋបាលខេត្តសៀមរាប ពង្រឹងការអនុវត្តរក្សាគម្លាតសុវត្តិភាព ជាពិសេសនៅពេលតំរង់ជួរទិញសំបុត្រ និងនៅពេលធ្វើដំណើរ និងរក្សាគម្លាតសុវត្តិភាពអាចធ្វើបានតាមរយៈការកាត់បន្ថយចំណុះផ្ទុក។
*ទី៣៖ ចំពោះរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ ស្នើឲ្យរដ្ឋបាលខេត្តសៀមរាបណែនាំទៅគ្រប់មន្ទីរជំនាញពាក់ព័ន្ធចុះអនុវត្តកិច្ចការងារនេះរួមគ្នា ដោយមានមន្ទីរទេសចរណ៍ ជាសេនាធិការជំនាញ។
*ទី៤៖ ស្នើឲ្យរដ្ឋបាលខេត្តសៀមរាបធ្វើសម្រង់ស្ថិតិបុគ្គលិកបម្រើការងារក្នុងឧស្សាហកម្មទេសចរណ៍ និងធ្វើសហការបន្តជាមួយនាយកដ្ឋានបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ប្រមែប្រមូលបុគ្គលិកទាំងអស់នេះ មកទទួលការបណ្ដុះបណ្ដាលជាការចាំបាច់។
*ទី៥៖ សូមស្នើឱ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍ទាំងអស់មេត្តាយោគយល់ និងចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាខិតខំប្រឹងប្រែងឆ្លងឲ្យផុតដំណាក់កាលដ៏លំបាកនេះ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ការដាក់ចេញនូវវិធានសុវត្តិភាពទេសចរណ៍មិន ដើម្បីគោលបំណង់រឹតបន្តឹងការអនុវត្តរបស់ប្រតិបត្តិករទេសចរណ៍ឡើយ ជាពិសេសក្នុងគោលបំណងរក្សាឲ្យបាននូវទំនុកចិត្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំពោះគុណភាពសេវាកម្ម ស្របតាមពាក្យស្លោក «សុវត្តិភាពរបស់អ្នក ជាភារកិច្ចរបស់យើងខ្ញុំ» ស្របតាមនិន្នាការទម្លាប់ការអនុវត្តថ្មី (New Normal Life)។
ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានក្រើនរំលឹកដល់រដ្ឋបាលខេត្តសៀមរាបបន្តកាអភិវឌ្ឍហេដ្ឋរចនាសម្ពន្ធក្នុងទីក្រុងបន្តជំរុញយុទ្ធនាការស្អាតនិងបៃតង និងសូមឱ្យផ្នែកឯកជន និងគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ចូលរួមផ្សព្វផ្សាយ និងអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការការពារ និងរក្សាបាននូវសុវត្ថិភាព ទំនុកចិត្ត និងផ្ដល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តមកខេត្តសៀមរាប៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.