សម្តេចនាយក​រដ្ឋមន្ត្រី​ជំរុញ​ឲ្យ​បណ្តា​ខេត្ត​ទាំងអស់ ត្រូវ​ប្រើប្រាស់​ចំណុច​ទាំងឡាយ​ដែល​មាន​ក្នុង​ខេត្ត​នីមួយៗ ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍​

(​កំពង់ឆ្នាំង​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​ជំរុញ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវខិតខំ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​តាម​ទីក្រុង ទីប្រជុំជន មាត់ទន្លេ ហើយ​ធ្វើ​យ៉ាងណាឲ្យ​ខេត្ត​កំពង់ឆ្នាំង ក្លាយជា​កន្លែង​ទេសចរណ៍​មួយ​ដ៏​ទាក់ទាញ​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ត្រូវ​ប្រើប្រាស់​នូវ​ចំណុច​ទាំងឡាយ​នៅក្នុង​ខេត្ត​នី​មួយៗ ទាញ​យក​វិស័យ​ទេសចរណ៍ ដូចជា​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​របស់​យើង​នេះ មាន​កន្លែង​មួយ​ចំនួន ដែល​យើង​ត្រូវ​ពង្រីក​វា ឲ្យទៅ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​មាន​ការទាក់ទាញ​»​។​

​ការជំរុញ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៥ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង នា​ល្ងាច​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ​។​

​ប្រមុខ​ដឹកនាំ​កំពូល​រាជរដ្ឋាភិបាល​កម្ពុជា បាន​សំណូមពរ​កុំ​ឲ្យ​ខេត្ត​កំពង់ឆ្នាំង ជា​កន្លែង​ដែល​ប្រជាជន និង​អ្នក​ទេសចរណ៍​ទៅ​ហួស​មក​ផុត​ឲ្យសោះ ដូច្នេះ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ត្រូវ​រក​វិធី​ទាក់ទាញ​ដើម្បីឲ្យ​អ្នកធ្វើ​ដំណើរ​តាម​ផ្លូវ បាន​ចូល​លេង​កម្សាន្ដ​។ សម្ដេច​តេជោ ហ៊ុន សែន បាន​រំលឹកថា សម្ដេច​ធ្លាប់​ចូល​ហូប​គុយទាវ​មួយកន្លែង ដែល​គេ​ហៅថា ជា​គុយទាវ​ឆ្ងាញ់​នៅ​តំបន់​ផ្សារលើ ដែល​ចំណុច​តូច​នេះហើយ សម្តេច​ចង់​បង្ហាញ​ពី​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍​បន្ត​ថា «​ពី​មុន​នេះ​អ្នក​ខេត្ត​កំពង់ឆ្នាំង​ច្រើនតែ​គេ​ទៅ​ហួស​មក​ផុត នៅ​ត្រង់​ថា​គេ​ធ្វើដំណើរ​ទៅ​បាត់ដំបង ឬ​ពី​បាត់ដំបង​ទៅ​ភ្នំពេញ ដូច្នេះ​ខ្ញុំ​សុំ​ស្នើ​ឲ្យ​គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត ក៏ដូចជា​ប្រជាជន​នៅ​ខេត្ត​កំពង់ឆ្នាំង រក​វិធី​ទាក់ទាញ​ដើម្បី​ធ្វើឲ្យ​អ្នកធ្វើ​ដំណើរ​តាម​ដងផ្លូវ គេ​មិន​ចាំបាច់​ថា​ទេសចរណ៍​មក​ពី​បរទេស​ទេ ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ផ្លូវ ក៏​ក្លាយទៅជា​ផ្នែក​មួយ​នៃ​ទេសចរណ៍​របស់​យើង​ផង​ដែរ ដូច្នេះ​ត្រូវ​ខិតខំ​រកស៉ី​ធ្វើ​យ៉ាងម៉េច​ចំណេញ​តិច តែ​លក់​ឲ្យបាន​ច្រើន គឺ​វា​នឹង​បាន​ច្រើន​ហើយ​»​។​

​សម្តេច​បាន​បន្តថា «​អញ្ចឹង​កុំ​រកស៉ី​កោរ​គេ​ទាំង​រស់ ច្បាស់​ជា​គេ​ទៅ​ផុត​មក​ហួស ហើយ​នៅ​ខេត្ត​កំពង់ឆ្នាំង​នេះ​មាន​កន្លែង​មួយ ដែល​គេ​ហៅ​គុយទាវ​ឆ្ងាញ់​។ ខ្ញុំ​ធ្លាប់​ចូល​ទទួលទាន​គុយទាវ​ឆ្ងាញ់​នោះ ដែល​មាន​រូបថត​របស់ខ្ញុំ​នៅ​នឹង​ផ្សារលើ ធ្វើ​យ៉ាងម៉េច​ឲ្យ​គុយទាវ​ឆ្ងាញ់​នោះ​កុំ​កោរ​គេ អញ្ចឹង​ទៅ​ណា​ក៏​គេ​ថា គេ​មិន​ហូប​គុយទាវ​នៅ​ភ្នំពេញ​ទេ គេ​ហួស​មក​ហូប​នៅ​កំពង់ឆ្នាំង មុនពេល​ដែល​គេ​ចាកចេញ​ទៅ​ខេត្ត​ពោធិ៍សាត់ ឬ​ខេត្ត​បាត់ដំបង​»​។​

​ពេល​និយាយ​ពី​វិស័យ​ទេសចរណ៍ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​លើកឡើង​ពី​រឿង​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​ធ្លាក់ចុះ​ដែរ ដោយ​សម្តេច​បាន​បញ្ជាក់​ថា នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត មាន​ទេសចរណ៍​កើនឡើង ដូច្នេះ​ហើយ​សូម​មើល​ព្រៃ​ទាំងមូល ប្រសើរ​ជាង​មើល​ដើមឈើ​១​ដើម​។ សម្ដេច​តេជោ បាន​លើកឡើង​ថា ប្រជាពលរដ្ឋ​មិនមែន​ដើរ​កម្សាន្ដ​តែមួយ​ខេត្ត​នោះ​ទេ ពោល​គ្រប់​ខេត្ត​ទាំងអស់​ក្នុងប្រទេស​កម្ពុជា សុទ្ធតែ​មាន​កន្លែង​កម្សាន្ដ​។​
​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា «​មាន​អ្នកខ្លះ​បាន​លើកឡើង​ថា ទេសចរណ៍​នៅ​ឯ​ខេត្ត​ព្រះសីហនុ​មាន​ការធ្លាក់ចុះ ក៏​ប៉ុន្តែ​អ្នក​ទាំងនោះ​ភ្លេច​មើលឃើញថា ជាមួយនឹង​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង​មាន​ការកើនឡើង ទេសចរណ៍​នៅ​មណ្ឌលគិរី​មាន​ការកើនឡើង ទេសចរណ៍​នៅ​រតនគិរី​មាន​ការកើនឡើង​។ ចំណុច​នេះ​បាន​ជា​ខ្ញុំ​និយាយថា មើល​ព្រៃ​ទាំងមូល​ប្រសើរ​ជាង​មើល​ព្រៃ​១​ដើមៗ ពិត​ហើយ​មើល​ព្រៃ​១​ដើមៗ ក៏​វា​គួបផ្សំ​នឹង​ការមើល​ព្រៃ​ទាំងមូល​ផង​ដែរ​»​។​

«​ពី​ដើម​តំបន់​ទេសចរណ៍​តិច មក​ពី​គេ​ប្រមូលផ្តុំ​ទៅ​ក្រុងព្រះសីហនុ ប៉ុន្តែ​ឥឡូវនេះ​មិនមែន​ភាពផ្តាច់មុខ​ពី​អតីតកាល ដែល​មាន​តែ​ខេត្ត​ព្រះសីហនុ​នោះទេ តំបន់​ណា​ក៏មាន​តំបន់​ទេសចរណ៍ កន្លែង​ណា​ក៏​មាន​រមណីយដ្ឋាន ដូច្នេះ​ប្រជាពលរដ្ឋ​១១​លាន​នាក់ គេ​ទៅ​កន្លែង​ខេត្ត​ព្រះសីហនុ​ខ្លះ គេ​ទៅ​កែប​ខ្លះ គេ​ទៅ​កំពត​ខ្លះ គេ​មក​កំពង់ឆ្នាំង​ខ្លះ គេ​ទៅ​ពោធិ៍សាត់​ខ្លះ គេ​ទៅ​គ្រប់កន្លែង ២៥​រាជធានី​ខេត្ត​របស់​យើង សុទ្ធតែ​មាន​វិស័យ​ទេសចរណ៍​»​។ ដូច្នេះ​ការគិត​ខ្លី​ណាមួយ​នឹង​អាច​មាន​សញ្ញា​ខុស នឹង​អាច​មាន​យោបល់​ខុស នឹង​មាន​ការគិតគូរ​ខុស​... ខេត្ត​នីមួយៗ​ត្រូវ​ដឹងខ្លួន​ថា ខ្លួន​មាន​ដៃគូ​ប្រកួតប្រជែង​រហូត​ទៅ​ដល់ ២៥ (​រាជធានី​ខេត្ត​)»​។ នេះ​បើ​តាម​ប្រសាសន៍​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់បន្ថែម​។​

​ទន្ទឹមនឹងនេះ ដើម្បី​ឲ្យ​ខេត្ត​កំពង់ឆ្នាំង​កាន់តែ​មាន​សក្តានុពល សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ប្រកាស​សម្រេច​ឲ្យមាន​ការកសាងសង់​ផ្លូវ និង​ស្ពាន​ត​ភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង ទៅកាន់​ខេត្ត​កំពង់ធំ​។ សម្ដេច​តេជោ​បញ្ជាក់ថា ដៃទន្លេ​ទាំង​៣ គឺ​ទន្លេ​ផ្សារ​ក្រោម ទន្លេ​ជ្រោយ​មុខ និង​ទន្លេ​កំពង់​ហាវ ត្រូវតែ​ធ្វើ​ស្ពាន​ត​ភ្ជាប់​គ្នា​។​

​បើ​តាម​ប្រសាសន៍​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី បាន​អះអាង​ទៀតថា បន្ទាប់​ពី​ផ្លូវ និង​ស្ពាន​ត្រូវបាន​សាងសង់​រួចរាល់​ហើយ​នោះ ប្រជា​ពលរដ្ឋ​នឹង​ចំណេញ​ទាំង​ពេលវេលា និង​ថវិកា​ក្នុងការ​ធ្វើ​ដំណើរ​។ សម្ដេច​តេជោ ហ៊ុន សែន ប្រកាស​បន្ថែម​ថា ការធ្វើ​ផ្លូវ និង​ស្ពាន ជា​កាដូ​មួយ​ដ៏​ធំ​ជូន​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កំពង់ធំ​តែម្តង​៕​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.