សមាគមទេសចរណ៍អាស៊ានលើកយោបល់ថា អាស៊ានគួរតែពង្រីកដែនអនុវត្តកិច្ចព្រមព្រៀង ATCAF ទៅលើការធ្វើដំណើររបស់អ្នកទេសចរ

(ភ្នំពេញ)៖ សមាគមទេសចរណ៍អាស៊ាន (ASEANTA) បានយោបល់ថា តាមរយៈក្របខណ្ឌនៃកិច្ចព្រមព្រៀងអាស៊ានសម្រាប់ការធ្វើដំណើរតាមច្រករបៀង (ATCAF) ប្រទេសសមាជិកអាស៊ានគួរតែពង្រីកដែនអនុវត្តកិច្ចព្រមព្រៀងនេះឱ្យគ្របដណ្ដប់លើការធ្វើដំណើររបស់ភ្ញៀវទេសចរ ដើម្បីសម្រួលបន្ថែមដល់ការធ្វើដំណើរផ្ទៃក្នុងអាស៊ាន ក៏ដូចជាទាញយកអត្ថប្រយោជន៍ពីប្រភពទីផ្សារសំខាន់ៗក្រៅពីតំបន់អាស៊ាន។
ការលើកយោបល់ដូចនេះត្រូវបានធ្វើឡើងតាមរយៈសារលិខិតរបស់លោក អេឌី គ្រីស្មីឌី សុម៉ាវីឡាហ្កា (Eddy Krismeidi Soemawilaga) ប្រធានសមាគមទេសចរណ៍អាស៊ាន ដែលបានផ្ញើមកកាន់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីសម្ដែងនូវការអរគុណចំពោះការទទួលបដិសណ្ឋារកិច្ច និងអបអរភាពជោគជ័យក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ កន្លងទៅ។
នៅក្នុងសារលិខិតនោះ ប្រធានសមាគមទេសចរណ៍អាស៊ានមានសេចក្តីសោមនស្សរីករាយក្នុងការកត់សម្គាល់ និងគាំទ្រនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជំរុញការធ្វើដំណើរផ្ទៃក្នុងអាស៊ាន និងការបើកព្រំដែនសម្រាប់ទេសចរណ៍ដែលមកពីប្រទេសអាស៊ាន និងទីផ្សារសំខាន់ៗផ្សេងទៀត។
លោក អេឌី គ្រីស្មីឌី សុម៉ាវីឡាហ្កា បានបន្តថា ដើម្បីសម្រេចបាននូវប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រទេសសមាជិកអាស៊ានទាំងអស់គួរតែពិចារណាបង្កើតច្រករបៀងនានា ដែលក្នុងនោះគួរតែប្រើប្រាស់នូវក្របខណ្ឌកិច្ចព្រមព្រៀងអាស៊ានសម្រាប់ការធ្វើដំណើរតាមច្រករបៀង (ASEAN Travel Corridor Arrangement Framework, ATCAF) ដែលបានអនុម័តដោយថ្នាក់ដឹកនាំកំពូលអាស៊ានកាលពីឆ្នាំ២០២១ ខណៈដែលបច្ចុប្បន្នកំពុងអនុវត្តសម្រាប់តែការធ្វើដំណើរជាលក្ខណៈធុរកិច្ច និងចាំបាច់ប៉ុណ្ណោះ។
ប្រធានសមាគមទេសចរណ៍អាស៊ានបានលើកជាយោបល់ថា «ក្របខណ្ឌកិច្ចព្រមព្រៀងអាស៊ានសម្រាប់ការធ្វើដំណើរតាមច្រករបៀង (ATCAF) គួរតែពង្រីកទៅដល់ការធ្វើដំណើរបែបកម្សាន្ត និងការធ្វើដំណើររយៈពេលខ្លី ដើម្បីសម្រួលបន្ថែមដល់ការធ្វើដំណើរផ្ទៃក្នុងអាស៊ាន ក៏ដូចជាទាញយកអត្ថប្រយោជន៍ពីប្រភពទីផ្សារសំខាន់ៗក្រៅពីតំបន់អាស៊ាន ជាពិសេសប្រទេសដែលបានត្រៀមខ្លួនរួចរាល់ក្នុងការបើកទេសចរណ៍របស់ខ្លួន»។
បើតាមប្រធានសមាគមទេសចរណ៍អាស៊ាន ក្នុងអាណត្តិកម្ពុជាជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ កម្ពុជាគួរតែបើកមុខពិភាក្សាលើកិច្ចការនេះ ដើម្បីឈានទៅសម្រេចឱ្យបានជោគជ័យក្នុងការស្ដារវិស័យទេសចរណ៍ក្នុងតំបន់អាស៊ានឡើវិញ។
ប្រធាន ASEANTA រូបនេះបានបន្តទៀតថា ដើម្បីជាកិច្ចគាំទ្រនូវគំនិតផ្តួចផ្តើមនេះបន្ថែមទៀត កម្មវិធីសុខាភិបាលឌីជីថលដែលមានលក្ខណៈអន្តរប្រតិបត្តិការ គឺជាតម្រូវការចាំបាច់មួយក្នុងការធានានូវការធ្វើដំណើរអន្តរជាតិនៅក្នុងតំបន់អាស៊ានកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។
សូមជម្រាបថា កិច្ចព្រមព្រៀងអាស៊ានសម្រាប់ការធ្វើដំណើរតាមច្រករបៀង (ATCAF) គឺជាកិច្ចព្រមព្រៀងមួយរបស់អាស៊ានដែលមានការយោគយល់អនុញ្ញាតឱ្យអ្នកដំណើរដែលមានធុរកិច្ចចាំបាច់ ដូចជា មន្ត្រីការទូត មន្ត្រីជំនាញ ឬអ្នកដំណើរដែលមានភារកិច្ចចាំបាច់ខ្លាំងដទៃទៀតអាចធ្វើដំណើរចេញចូលប្រទេសសមាជិកអាស៊ានបាន (មានការរឹតត្បិតការធ្វើដំណើរនេះក៏ដោយសារបញ្ហារីករាលដាលខ្លាំងនៃជំងឺកូវីដ១៩) ប៉ុន្តែមិនទាន់គ្របដណ្ដប់លើការធ្វើដំណើររបស់អ្នកទេសចរនោះឡើយ ដូច្នេះហើយទើបប្រធានសមាគមទេសចរណ៍អាស៊ានចង់ឱ្យកិច្ចព្រមព្រៀងនេះពង្រីកដែនអនុវត្តគ្រប់ដណ្ដប់លើការធ្វើដំណើររបស់អ្នកទេសចរថែមទៀត។
លោក អេឌី គ្រីស្មីឌី សុម៉ាវីឡាហ្កា ក៏បានបញ្ជាក់ដែរថា សមាគមទេសចរណ៍អាស៊ានបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចឲ្យបាននូវគំនិតផ្តួចផ្តើមនេះ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.