ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ប្រតិភូក្លិបឆ្នេរស្អាតបំផុតលើលោកដែលបានទស្សនកិច្ចនៅតំបន់សមុទ្រកម្ពុជា សុទ្ធតែសរសើរពីភាពស្អាតនិងទាក់ទាញរបស់ឆ្នេរសមុទ្រកម្ពុជា

(ព្រះសីហនុ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រោយពីចូលរួមសន្និបាតលើកទី១៦របស់ក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក និងទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍នៅតំបន់សមុទ្រកម្ពុជារួចហើយ គណៈប្រតិភូក្លិបឆ្នេរទាំងអស់បានបង្ហាញពីក្តីរីករាយ និងបានកោតសរសើរកម្ពុជា ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍតំបន់ឆ្នេរសមុទ្របានស្អាត និងមានភាពទាក់ទាញ ដែលស័ក្តិសមជាសមាជិកក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក និងមិនខកបំណងដែលបានបញ្ចូលកម្ពុជាជាសមាជិកក្លិបឆ្នេរនោះឡើយ។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងយ៉ាងដូច្នេះនាពេលដែលប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក ធ្វើដំណើរតាមអូប័រទៅទស្សនានៅតំបន់ព្រៃកោងកាងនៅពាមក្រសោប ខេត្តកោះកុង និងបានបន្តដំណើរទស្សនកិច្ចនៅឆ្នេរឋានសួគ៌ ខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដើម្បីស្វែងយល់បន្ថែមពីភាពរីកចម្រើន​នៃតំបន់ឆ្នេរសមុទ្រនៅកម្ពុជា។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងដូចនេះថា «ក្រោយកូវីដ១៩នេះ ការរៀបចំឱ្យមានព្រឹត្តិការណ៍ប្លែកៗសម្រាប់ទាក់ទាញភ្ញៀវទេសចរពិភពលោក ឬព្រឹត្តិការណ៍បុណ្យសមុទ្រនេះ គឺជាការរៀបចំឱ្យមានផលិតផលទេសចរណ៍មួយដ៏ល្អ ដែលយើងបានបង្ហាញមិនត្រឹមតែសម្រាប់ប្រជាជនយើងក្នុងស្រុកទេ តែក៏ជាការបង្ហាញដល់ពិភពលោកតាមរយៈការផ្សព្វផ្សាយរបស់យើង និងតាមរយៈគណៈប្រតិភូក្លិបឆ្នេរស្អាតបំផុតនៅទូទាំងសាកលលោកបានមកឃើញ ហើយអត់មានអ្នកណាមួយ ដែលមិនសរសើរយើងនោះទេ»។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ថែមថា មិនត្រឹមតែជាកោតសរសើរពីឆ្នេរសមុទ្រស្អាតរបស់កម្ពុជានោះទេ ប្រតិភូប្រទេសម៉ូសំប៊ិកដែលជាសមាជិកក្លិបឆ្នេរសមុត្រដែលស្អាតបំផុតលើសាកលលោក ក៏បានកោតសរសើរពីអាងចម្រុះទឹកកខ្វក់របស់កម្ពុជា និងបានសួរនាំពីតម្លៃនិងរកអ្នកជំនាញ ដើម្បីទៅធ្វើអាងចម្រុះទឹកកខ្វក់នេះនៅប្រទេសរបស់គេថែមទៀតផង។
ឯកឧត្ដម ថោង ខុន បានគូសបញ្ជាក់ទៀតថា ការៀបចំតុបតែងទីក្រុងរបស់កម្ពុជា បានធ្វើឱ្យគណៈប្រតិភូទាំងអស់មានការភ្ញាក់ផ្អើល និងបានសរសើរថានេះគឺជាទីក្រុងដែលពោពេញដោយភ្លើងលម្អ និងមានភ្ញាក់ផ្អើលចំពោះអ្វីដែលជាការរីកចម្រើនរបស់កម្ពុជា ជាមួយនឹងការមើលឃើញពីទេសភាពស្អាតនៅតាមដងផ្លូវរបស់កម្ពុជា ពិសេសស្រុកទេសដែលមានសុខសន្តិភាព និងការគ្រប់គ្រងកូវីដ១៩បានល្អ ដែលធ្វើឱ្យពួកគេអាចធ្វើដំណើរបានដោយសេរី។
ជាមួយនឹងការរៀបចំឆ្នេរសមុទ្រឱ្យបានស្អាតនេះដែរ លោករដ្ឋមន្ត្រី ថោង ខុន បានប្ដេជ្ញានឹងខិតខំការពារទឹកសមុទ្រ ព្រោះប្រសិនបើទឹកសមុទ្រត្រូវបានបំផ្លាញ បំពុលហើយ គ្មានទេសចរណាមកលេងសមុទ្រទេ ដូច្នេះត្រូវខិតខំឱ្យមានការយល់ដឹងមុនគេថានៅសមុទ្រត្រូវការពារទឹកសមុទ្រមុនគេ ត្រូវតែមានសមុទ្រស្អាត ត្រូវតែមានឆ្នេរស្អាត ហើយត្រូវតែជាទីក្រុងដែលមានទឹកហូរចូលសមុទ្រជាទឹកស្អាតផងដែរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.