កម្ពុជាត្រៀមរៀបចំវេទិកាទេសចរណ៍មេគង្គ នាចុងខែមេសាឆ្នាំនេះ រដ្ឋមន្ត្រី ថោង ខុន ចាត់ទុកឱកាសនេះបង្កើនការផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា

(ភ្នំពេញ)៖ កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គលើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ នាចុងខែមេសា ឆ្នាំ២០២៣ខាងមុខ ក្រោមក្ដីរំពឹងទុកថាព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះនឹងក្លាយជាឱកាសជួយផ្សព្វផ្សាយបង្ហាញ និងទាក់ទាញកំណើនភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត។
ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំកិច្ចការងារនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំការងារទេសចរណ៍លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣នេះ នៅទីស្ដីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។
នាឱកាសនោះ ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា «កិច្ចប្រជុំក្រុមការងារទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គលើកទី៥១» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ដោយមានសមាសភាពចូលរួមកម្រិត Head NTOs និងមន្ត្រីបច្ចេកទេសសរុបចំនួន៨០រូប។ រីឯ «វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីប្រតិភូតំណាងប្រទេស GMS វិស័យឯកជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិសរុបចំនួន១៨០រូប និងអ្នកសារព័ត៌មានប្រមាណ៣០រូប។
ឯកឧត្ដម ថោង រដ្ឋសក្តិ បានបន្តថា នាឱកាសនោះ ក៏មានការរៀបចំទីតាំងពិព័រណ៍ប្រកបដោយនិរន្តភាព (Sustainable Tourism Exhibition) ចំនួន២០ទីតាំង នៅសណ្ឋាគារឯករាជ្រ ដោយក្នុងនោះទីតាំងចំនួន៦ នឹងត្រូវរៀបចំរចនាដោយក្រសួងទេសចរណ៍សម្រាប់ប្រទេសជាសមាជិក GMS។ ក្រៅពីនេះក៏មានការរៀបចំការតាំងបង្ហាញពិព័រណ៍រូបភាពគោលដៅថ្មីៗរបស់ប្រទេសជាសមាជិក GMS ដោយបានរៀបចំតាមរូបភាពដែលប្រទេស GMS បានប្រគល់ជូន។
ពិសេសលើសពីនេះ នឹងការរៀបចំទស្សនកិច្ចនៅលើគោក និងនៅតាមកោះ-ឆ្នេរសម្រាប់ប្រតិភូអន្តរជាតិ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីរួមចំណែកផ្សព្វផ្សាយពីគោលដៅទេសចរណ៍ល្បីៗនៅខេត្តព្រះសីហនុ បង្ហាញដល់ប្រតិភូជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានផងដែរ។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានចាត់ទុកព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ គឺជាជាឱកាសមាសមួយទៀតក្នុងការជួយផ្សព្វផ្សាយបង្ហាញដល់ប្រតិភូអន្តរជាតិ ក៏ដូចជាទីផ្សារទេសចរណ៍ក្រៅប្រទេស សំដៅរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាបន្ថែមទៀត។
ឯកឧត្ដម ថោង ខុន ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មការអន្តរក្រសួងត្រូវសហការរៀបចំកិច្ចការតាមផ្នែករៀងៗខ្លួនឱ្យបានល្អប្រសើរ ព្រោះជាឱកាសបង្ហាញពីមុខមាត់ប្រទេសជាតិ មិនអាចធ្វេសប្រហែសបានឡើយ ដូចជាការទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅនិងអាហារ ការធ្វើដំណើរនិងដឹកនាំជញ្ជូន សន្តិសុខនិងសុវត្ថិភាព ការរៀបចំវេទិកានិងកិច្ចប្រជុំពាក់ព័ន្ធ ការសម្ដែងសិល្បៈនិងទស្សនីយភាព ការរៀបចំទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍ ក៏ដូចជាកិច្ចពាក់ព័ន្ធផ្សេងទៀត។
ឯកឧត្ដមរដ្ឋមន្ត្រីបានណែនាំបន្ថែមឱ្យក្រុមការងារជំនាញផ្សព្វផ្សាយពីយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ និងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
គួរជម្រាបថា កិច្ចប្រជុំក្រុមការងារទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គលើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ គឺមានពាក់ព័ន្ធនឹងប្រទេសចំនួន៥ជាសំខាន់ រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ហើយក៏មានវាគ្មិននិងអ្នកជំនាញទេសចរណ៍មកពីបណ្ដាប្រទេសផ្សេងទៀតដែរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.