វិថីលក់ម្ហូបអាហារ ញាំងឱ្យបរិយាកាសពិធីបុណ្យសមុទ្រនៅខេត្តកំពតកាន់តែសប្បាយរីករាយ

វិថីលក់ម្ហូបអាហារ ញាំងឱ្យបរិយាកាសពិធីបុណ្យសមុទ្រនៅខេត្តកំពតកាន់តែសប្បាយរីករាយ

(កំពត)៖ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានបង្ហាញពីភាពសប្បាយរីករាយយ៉ាងក្រៃលែង ជាមួយការដើរទស្សនាកម្សាន្ត និងទទួលអាហារនៅតាមវិថីលក់ម្ហូបអាហារ (Food Street) ដែលត្រូវបានរៀបចំឡើងនាឱកាសពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ចំណែកឯអាជីវករក៏មានភាពសប្បាយរីករាយផងដែរ ជាមួយការប្រកបអាជីវកម្មលក់ដាច់កាន់តែច្រើនជាងធម្មតា។

វិថីលក់ម្ហូបអាហារនេះត្រូវបានរៀបចំនៅតាមសួនច្បារជិតផ្សារក្រណាត់ នៃក្រុងកំពត ដោយគណៈកម្មការវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពត ហើយត្រូវបានសម្ពោធជាផ្លូវការនាថ្ងៃទី១៨ ខែធ្នូ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ជាវ តាយ អភិបាលខេត្តកំពត។

សមិទ្ធផលនេះបានញ៉ាំឱ្យបរិយាកាសនៃព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកំពត កាន់តែមានភាពអធិកអធមសប្បាយរីករាយខ្លាំងឡើង ជាមួយនឹងការអបអរសាទរពីសំណាក់អាជីវករ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីគ្រប់ទិសទី។ ពិធីបុណ្យសមុទ្រមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃសុក្រ ៩រោច ដល់ថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ឆាប់ៗខាងមុខ ក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង»។