រដ្ឋមន្ត្រី ២រូប អបអរសាទរនារីឆ្នើម ៥៦រូប ទទួលបានជ័យលាភីក្នុងវិស័យទេសចរណ៍

រដ្ឋមន្ត្រី ២រូប អបអរសាទរនារីឆ្នើម ៥៦រូប ទទួលបានជ័យលាភីក្នុងវិស័យទេសចរណ៍

(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអបអរសារទរ និងកោតសរសើរដល់នារីឆ្នើម ៥៦រូប ក្នុងឆ្នាំ២០១៩នេះ ដែលបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍខ្លួន ដើម្បីដណ្តើមយកជ័យលាភីនារីឆ្នើមក្នុងវិស័យទេសចរណ៍។

ថ្លែងសុន្ទរកថារួមគ្នានាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងកម្មវិធីសិក្ខាសាលាចែករំលែកបទពិសោធន៍នារីឆ្នើមផ្នែកឯកជនក្នុងវិស័យទេសចរណ៍ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រាជធានីភ្នំពេញ រដ្ឋមន្ត្រីទាំងទ្វេរក៏បានផ្តាំផ្ញើដល់នារីឆ្នើមទាំងអស់ដែលបានទទួលជ័យលាភី សូមបន្តខិតខំអភិវឌ្ឍខ្លួន និងចូលរួមចែករំលែកបទពិសោធន៍ ភាពជោគជ័យរបស់ខ្លួនទៅកាន់នារីដទៃទៀត ក្នុងន័យរួមគ្នាពង្រឹងសាមគ្គីភាព និងបណ្តាញនារី ព្រមទាំងបង្កើននវានុវត្តថ្មីៗ ក្នុងវិស័យទេសចរណ៍។

ឯកឧត្តម ថោង ខុន បានរំពឹងថាសិក្ខាសាលានេះនឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់នារីឯកជនក្នុងវិស័យទេសចរណ៍។

ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានជំនឿយ៉ាងមុតមាំថាកម្មវិធីសិក្ខាសាលាចែករំលែកបទពិសោធន៍នារីឆ្នើមផ្នែកឯកជនក្នុងវិសយ័ទេសចរណ៍ថ្ងៃនេះ នឹងផ្តល់ផលប្រយោជន៍ដល់បងប្អូននារីឯកជនក្នុងវិស័យទេសចរណ៍ តាមរយៈការចែករំលែកបទពិសោធន៍ ភាពជោគជ័យនៃការងាររបស់ខ្លួន ពិសេសរួមចំណែកលើកកម្ពស់ និងផ្ដល់គុណតម្លៃចំពោះស្រ្តី កំពុងបម្រើការក្នុងវិស័យទេសចរណ៍»។

ឯកឧត្តមរដ្ឋមន្ត្រីមានសុទិដិ្ឋនិយមថា ក្រុមនារីនេះនឹងក្លាយទៅជាបណ្តាញដ៏ល្អសម្រាប់ទំនាក់ទំនង ចែករំលែកនូវបទពិសោធន៍ ព័ត៌មាន និងជួយអន្តរាគមន៍ទាន់ពេលវេលា ក្នុងករណីដែលមានការរំលោភបំពាន ឬអំពើហិង្សាកើតឡើង។ អ្វីដែលលោកកាន់តែរំពឹងទុកនោះ គឺការផ្តើមចេញពីក្រុមនារីឯកជន ដោយឈានទៅចាប់យកភាពលេចធ្លោជាវិជ្ជមានក្នុងនាមជា «នារីឆ្នើម» ដែលប្រកបទៅដោយគុណវុឌ្ឍិក្នុងវិជ្ជាជីវៈ និងជំនាញ។

ឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងនាមក្រសួងទេសចរណ៍ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារយេនឌ័រក្រសួងទេសចរណ៍ ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានស្ត្រី ជាពិសេសជំរុញការលើកកម្ពស់ សិទ្ធិ តួនាទី តម្លៃស្រ្ដី និងបង្កើនភាពអង់អាច ជាកត្តារួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា សំដៅធ្វើឱ្យកម្ពុជា ក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនៅក្នុងតំបន់ក៏ដូចជានៅលើឆាកអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា «ខ្ញុំក៏សូមអបអរសាទរចំពោះលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់ ដែលសម្រេចដោយក្រសួងទេសចរណ៍ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកិច្ចការនារី ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល “ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព” ដែលផ្តល់ឱកាសការងារដល់ស្រ្តីសំដៅពង្រឹងភាពជាម្ចាស់ រួមចំណែកបង្កើនសេដ្ឋកិច្ចគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ទាំងនេះសបញ្ជាក់ឱ្យឃើញថា នារីឯកជនក្នុងវិស័យទេសចរណ៍ បាននិងកំពុងដើរតួនាទី សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យមាននិរន្តភាព និងបរិយាប័ន្ន»។

ជាមួយគ្នានេះ លោកជំទាវ អ៉ឹង កន្ថាផាវី បានសម្តែងនូវការកោតសរសើរដល់ក្រសួងទេសចរណ៍ក្នុងការរៀបចំកម្មវិធីនេះ។ លោកជំទាវបញ្ជាក់ថា៖ «នាងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងពេញចិត្តយ៉ាងក្រៃលែង ក្នុងការចូលរួមក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍នារីឆ្នើម ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ ក្នុងគោលបំណងដើម្បីលើកទឹកចិត្តដល់ស្រ្តី ដែលបានខិតខំរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ជាតិ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

លោកជំទាវ អ៉ឹង កន្ថាផាវី បានបន្ថែមថា អង្គសិក្ខាសាលានាថ្ងៃនេះ ក៏ជាឱកាសមួយដើម្បីឱ្យស្រ្តីក្នុងវិស័យទេសចរណ៍ អាចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ចំណេះដឹង បញ្ហាប្រឈម និងដំណោះស្រាយ សំដៅពង្រឹងការលើកកម្ពស់ គុណភាព និងគុណតម្លៃរបស់ស្រ្តីក្នុងវិស័យទេសចរណ៍។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឱ្យកម្ពុជាមានសន្តិភាព ស្ថេរភាព និងមានការរីក ចម្រើនលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច សង្គមកិច្ច នយោបាយ ការទូត ដែលជាហេតុនាំ ឱ្យកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ ក៏ដូចជាសកលលោក មានការរីកចម្រើនគួរឱ្យកត់សម្គាល់។

លោកជំទាវរដ្ឋមន្ត្រី បានគាំទ្រយ៉ាងពេញទំហឹងដល់ក្រសួងទេសចរណ៍ដែលបានផ្តួចផ្តើមគំនិត និងរៀបចំឱ្យមានការចងក្រងបណ្តាញនារីក្នុងវិស័យទេសចរណ៍ ដែលបណ្តាញនេះពិតជាមានសារៈសំខាន់សម្រាប់ការចែករំលែកចំណេះដឹង បទពិសោធន៍ និងការផ្តល់ប្រឹក្សាយោបល់ឱ្យគ្នាទៅវិញទៅមក ក្នុងន័យកសាង និងអភិវឌ្ឍន៍សមត្ថភាពរបស់ស្រ្តី ដើម្បីទទួលបានភាពជោគជ័យក្នុងឧស្សាហកម្មមួយនេះ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.