រដ្ឋមន្ត្រី ថោង ខុន ដាក់អនុសាសន៍ដល់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធបន្តខិតខំគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅទេសចរណ៍ប្រកបដោយប្រសិទ្ធភាព

រដ្ឋមន្ត្រី ថោង ខុន ដាក់អនុសាសន៍ដល់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធបន្តខិតខំគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅទេសចរណ៍ប្រកបដោយប្រសិទ្ធភាព

(សៀមរាប)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់អនុសាសន៍ដល់រដ្ឋបាលខេត្តសៀមរាប ពិសេសរដ្ឋបាលក្រុងសៀមរាប អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តរួមគ្នាខិតខំអភិវឌ្ឍន៍គោលដៅទេសចរណ៍សៀមរាប-អង្គរ ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវខ្ពស់។

ការដាក់អនុសាសន៍យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅទេសចរណ៍សៀមរាប-អង្គរ នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម សុខ សង្វា អគ្គនាយករងអាជ្ញាធរជាតិអប្សរា សមាជិកគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប មន្ត្រីរាជការ និងផ្នែកពាក់ព័ន្ធមួយចំនួន។

នាឱកាសនោះ ឯកឧត្តម ថោង ខុន បានស្នើដល់អាជ្ញាធរក្រុងសៀមរាប ត្រូវខិតខំរំដោះចិញ្ចើមផ្លូវក្នុងទីក្រុង ដោយទុកចិញ្ចើមផ្លូវក្នុងទីក្រុងនេះសម្រាប់ឱ្យទេសចរដើរកម្សាន្ត និងទិញទំនិញឱ្យបានស្រួលបួល។ ជាមួយគ្នានោះ ឯកឧត្តមបានណែនាំបន្ថែមដល់រដ្ឋបាលខេត្ត និងក្រុងសៀមរាប អាជ្ញាធរជាតិអប្សរា និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់បន្តរួមគ្នាជំរុញដោះស្រាយនូវបញ្ហាមួយចំនួន ដូចជា៖

* ត្រូវខិតខំបន្តជួសជុលផ្លូវក្នុងទីក្រុងឱ្យបានច្រើន រៀបចំដាក់ភ្លើងបំភ្លឺតាមផ្លូវធ្វើដំណើរឱ្យបានល្អ ប្រកបដោយសោភ័ណភាព ពង្រឹងសណ្ដាប់ធ្នាប់របៀបរៀបរាយសាធារណៈ ចរាចរណ៍ធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដោយត្រូវរៀបចំគូសវាសទិសដៅចរាចរណ៍ក្នុងទីក្រុងឱ្យបានល្អ បញ្ជៀសការកកស្ទះ ព្រមទាំងជំរុញការរៀបចំចំណតរថយន្តថ្មីឱ្យបានរហ័ស។

* ត្រូវគិតគូរលើបញ្ហាសំរាម សំណល់រឹង-រាវ អនាម័យ និងបរិស្ថានក្នុងទីក្រុងសៀមរាបទាំងមូលឱ្យមានប្រសិទ្ធភាព ត្រូវពិភាក្សាដោះស្រាយជាមួយក្រុមហ៊ុនប្រមូលសំរាមឱ្យបានជ្រះស្រឡះ កុំទុកឱ្យក្រុមហ៊ុនយករដ្ឋអំណាចជាចំណាប់ខ្មាំង។

* ត្រូវខិតខំការពារ និងទប់ស្កាត់ការសាងសង់សំណង់អគារ ដែលខុសទៅនឹងគោលការណ៍ណែនាំទាំងឡាយ នៃគោលការណ៍អភិរក្សទីក្រុងបេតិកភណ្ឌមួយនេះ។
*តាមដងផ្លូវពី ព្រលានយន្តហោះ មក ក្រុង គួររៀបចំដាំផ្កា ដាំស្មៅកែលំអរដើមឈើ អោយបានល្អ ប្រកបដោយភាពទាក់ទាញ

* ត្រូវខិតខំបន្តកែលម្អដងស្ទឹងសៀមរាប ប្រកបដោយសោភ័ណភាព និងភាពទាក់ទាញ។

* ចំពោះសេវាកម្មទេសចរណ៍ និងអាជីវកម្មគ្រប់ប្រភេទ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងគុណភាពឱ្យបានល្អ ត្រូវបញ្ឈប់ការលក់ទំនិញ និងវត្ថុអនុស្សាវរីយ៍ក្លែងក្លាយដល់ភ្ញៀវទេសចរ ដែលនាំទៅដល់ការអាប់ឱនកិត្តិយសជាតិ និងគោលដៅទេសចរណ៍ ដោយយកវិធានការអប់រំ និងវិធានការរដ្ឋបាលមកអនុវត្តឱ្យបានម៉ឺងម៉ាត់។

* លុបបំបាត់សំឡេងរំខានទាំងឡាយណា ដែលប៉ះពាល់ដល់ការសម្រាករបស់ភ្ញៀវក្នុងសណ្ឋាគារ ឬកន្លែងស្នាក់នៅរបស់ភ្ញៀវ។

* ក្រៅពីផ្សាររាត្រី ត្រូវពិចារណាលើកទឹកចិត្តការបង្កើតកន្លែងកម្សាន្តនាពេលរាត្រី ដោយមានរបៀបរៀបរយឱ្យបានច្រើនបន្ថែមទៀត ពិសេសគួរបង្កើតតំបន់លក់ផលិតផលប្រណីតៗសម្រាប់ភ្ញៀវទេសចរចិន។ ចំណែកឯសម្រាប់ភ្ញៀវអឺរ៉ុប ក៏ត្រូវមានកន្លែងកម្សាន្តសម្រាប់ពួកគេផងដែរ។

* ត្រូវពង្រឹងគុណភាពសេវា និងអនាម័យម្ហូបអាហារនៅតាមអាហារដ្ឋាន ភោជនីយដ្ឋានក្នុងខេត្ត និងទីក្រុងសៀមរាប ពិសេសត្រូវរៀបចំវិថីម្ហូបអាហារ (Food Street) និងម្ហូបអាហារតាមដងវិថី (Street Food) តាមស្ដង់ដានៅក្រុងសៀមរាបឱ្យបានឆាប់រហ័ស។

* ត្រូវបន្តបង្កើនការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍បន្ថែមទៀត ដើម្បីផ្គត់ផ្គង់តាមតម្រូវការក្នុងវិស័យទេសចរណ៍។

* ចំពោះគោលដៅសៀមរាបក្រៅពីអង្គរ (Siem Reap Beyond Angkor) ត្រូវបន្តពង្រឹងការគ្រប់គ្រងសហគមន៍ទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ ដែលមាននៅក្រៅតំបន់អង្គរ ដូចជា សហគមន៍ចុងឃ្លៀស សហគមន៍កំពង់ភ្លុក សហគមន៍បឹងពារាំងជាដើម។ ចំពោះតំបន់ទេសចរណ៍ចុងឃ្នៀសនេះទៀតសោត ត្រូវយកចិត្តទុកដាក់ចុះជួបប្រជុំជាប្រចាំជាមួយប្រជាសហគមន៍ ដើម្បីផ្ដល់យោបល់ និងណែនាំអំពីការផ្ដល់សេវាប្រកបដោយគុណភាព ពិសេសសេវាដឹកជញ្ជូនតានកាណូតទេសចរណ៍ និងការគ្រប់គ្រងអនាម័យ បរិស្ថានឱ្យបានល្អ។

* គួរពិចារណាក្នុងការរៀបចំកំពង់ផែទេសចរណ៍នៅតាមសហគមន៍លើទឹក ឱ្យបានត្រឹមត្រូវប្រកបដោយស្ដង់ដា។

* ចំពោះភ្នំគូលែន ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ក៏ត្រូវខិតខំសហការជំរុញការគ្រប់គ្រង និងការបញ្ចប់ការកសាងផ្លូវទៅកាន់ទីនោះឱ្យបានឆាប់រហ័ស។ ព្រមជាមួយនោះ ក៏ត្រូវយកចិត្តទុកដល់តំបន់ទេសចរណ៍ដទៃផ្សេងទៀតដែលនៅជុំវិញនោះ ពិសេសគឺត្រូវកសាងឱ្យបាននូវកញ្ចប់ទស្សនកិច្ចទេសចរណ៍បេតិកភណ្ឌ ពីប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទកោះកេរ ប្រាសាទបឹងមាលា និងតំបន់ប្រាសាទសំបូរព្រៃគុក ដោយបញ្ចូលការរៀបចំកសិទេសចរណ៍ ទេសចរណ៍ជនបទ ទេសចរណ៍សហគមន៍ ព្រមជាមួយនោះក៏ត្រូវរៀបចំស្លាកសញ្ញាចរាចរណ៍ ស្លាកសញ្ញាចង្អុលបង្ហាញតាមដងផ្លូវនៅតំបន់នោះឱ្យបានគ្រប់គ្រាន់។

* ត្រូវបន្តយកចិត្តទុកដាក់លើការផ្ដល់បដិសណ្ឋារកិច្ចល្អចំពោះភ្ញៀវទេសចរ ដើម្បីឱ្យពួកគេទទួលបាននូវភាពកក់ក្ដៅ និងដើម្បីឱ្យពួកគេជួយផ្សព្វផ្សាយបន្តទៅកាន់ទេសចរដទៃទៀត។

* ដោយឡែកចំពោះតំបន់អង្គរ ដែលទទួលខុសត្រូវដោយអាជ្ញាធរជាតិអប្សរា៖ លោករដ្ឋមន្ត្រីបានស្នើឱ្យអាជ្ញាធរជាតិអប្សរា ពន្លឿនការអនុវត្តផែនការគ្រប់គ្រងទេសចរណ៍តំបន់អង្គរ (Tourism Management Plan) ឱ្យបានឆាប់រហ័ស រួមមានការរៀបចំបញ្ជរគ្រប់គ្រង និងបែងចែកភ្ញៀវ (Parvis) រៀបចំខ្សែទស្សនកិច្ចក្នុងតំបន់អង្គរសម្រាប់ទេសចរអន្តរជាតិ ហើយក៏ត្រូវគិតគូរបន្ថែមពីការគ្រប់គ្រងចរន្តទេសចរក្នុងស្រុកនៅក្នុងតំបន់អង្គរផងដែរ។គួររៀបចំដាំស្មៅដាំ្កផ្កា អោយបានច្រើននៅជុំវិញនិង ចន្លោះប្រាសាទ។

* ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងការគាំទ្រចំពោះអាជ្ញាធរជាតិអប្សរា ដែលកំពុងពង្រឹង និងបង្កើនការរៀបចំសណ្ដាប់ធ្នាប់ អនាម័យនៅក្នុងតំបន់អង្គរ។ ព្រមជាមួយនោះ លោកក៏បានស្នើឱ្យអាជ្ញាធរជាតិអប្សរា ពិចារណាបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មីៗដ៏ទាក់ទាញក្នុងពេលរាត្រីឱ្យបានសមស្រប។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បញ្ហាសន្តិសុខ និងសុវត្ថិភាពទេសចរជាបញ្ហាចម្បង និងជាគ្រឹះមូលដ្ឋានក្នុងការអភិវឌ្ឍតំបន់សៀមរាប-អង្គរ ដែលទាំងអស់គ្នាត្រូវខិតខំបន្តពង្រឹងឱ្យបានល្អបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានជម្រាបអង្គប្រជុំអំពីការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ដែលបាននិងកំពុងជំរុញយ៉ាងសកម្ម ដែលនឹងអាចបញ្ចប់នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។

ជាមួយនឹងការគាំទ្ររបស់អាជ្ញាធរជាតិអប្សរា ឯកឧត្តម អ៉ឹង ហឿន ក៏បានណែនាំដល់មន្ត្រីគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដោយត្រូវធ្វើការប្រជុំត្រួតពិនិត្យជាប្រចាំ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្តសៀមរាប ក៏បានឯកភាពបន្តធ្វើការជួបប្រជុំជាមួយគ្នាយ៉ាងតិច ០៣ខែម្ដង ដោយអញ្ជើញភាគីពាក់ព័ន្ធ 
ផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍ចូលរួមផងដែរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.