រដ្ឋមន្ត្រីទេសចរណ៍ រិះគន់អ្នកផ្សព្វផ្សាយច្បាប់-គតិយុត្តដល់ម្ចាស់ហាងចិន ដែលមិនបកប្រែភាសាចិនឱ្យពួកគេបានយល់

រដ្ឋមន្ត្រីទេសចរណ៍ រិះគន់អ្នកផ្សព្វផ្សាយច្បាប់-គតិយុត្តដល់ម្ចាស់ហាងចិន ដែលមិនបកប្រែភាសាចិនឱ្យពួកគេបានយល់

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានរិះគន់ចំពោះមន្ត្រីអ្នកផ្សព្វផ្សាយឯកសារច្បាប់ លិខិតបទគតិយុត្តដល់ម្ចាស់អាជីវកម្មជាជនជាតិចិនថា មិនបកប្រែឯកសារទាំងនោះទៅជាភាសាចិន និងបានណែនាំដល់មន្ទីរទេសចរណ៍ ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះម្ចាស់អាជីវកម្មជាជនជាតិចិន ពិសេសត្រូវហៅពួកគេមកផ្សព្វផ្សាយពីច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដោយត្រូវបកប្រែ ឬពន្យល់ជាភាសាចិនផងទើបបាន។

ការណែនាំយ៉ាងដូច្នេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គលើកទី១ អាណត្តិទី៦ របស់គណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា កន្លងមកជារឿយៗ តែមានការប្រជុំផ្សព្វផ្សាយពីឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ទៅដល់ម្ចាស់អាជីវកម្មទេសចរណ៍ ប៉ុន្តែភាពខ្លះចន្លោះមួយចំនួនក៏កើតមានឡើងផងដែរ ដូចជាការមិនសូវអញ្ជើញម្ចាស់អាជីវកម្មជាជនជាតិចិនឱ្យបានច្រើន ជូនកាលអញ្ជើញមកហើយ បែរជាគ្មានការបកប្រែឯកសារជាភាសាចិន ឬគ្មានការពន្យល់ជាភាសាចិនជាដើម។

ឯកឧត្តមបានបន្តថា ជនជាតិចិនខ្លះមិនចេះភាសាអង់គ្លេស ក៏រឹតតែមិនចេះភាសាខ្មែរផង បើគ្មានការបកប្រែ ឬពន្យល់ជាភាសាចិនឱ្យពួកគេទេ ក៏គ្មានប្រសិទ្ធភាពក្នុងការអនុវត្តត្រឹមត្រូវតាមច្បាប់ដែរ ដូច្នេះគ្រប់មន្ទីរទេសចរណ៍ និងផ្នែកពាក់ព័ន្ធទាំងអស់ត្រូវគិតគូរឡើងវិញលើបញ្ហានេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានអះអាងថា «អ្នកប្រកបអាជីវកម្មបរទេស មិនចង់ប្រឆាំងនឹងរដ្ឋអំណាច ឬប្រព្រឹត្តខុសនឹងច្បាប់ប្រទេសយើងទេ គឺពួកគេចង់ស្ដាប់ ចង់ធ្វើអ្វីដែលល្អត្រឹមត្រូវ ប៉ុន្តែយើងអត់បានប្រាប់គេឱ្យបានច្បាស់ ទាំងអស់ហ្នឹងដោយសារយើងមិនបកប្រែជាភាសាចិន ហៅចិនមកប្រជុំអត់មានអ្នកបកប្រែ ហើយឯកសារច្បាប់ ឯកសារគតិយុត្តសុទ្ធតែជាភាសាខ្មែរទាំងអស់ តែចិនអត់មានទៅវិញ ដូច្នេះត្រូវមានបកប្រែជាភាសាចិនចែកជូនពួកគាត់»។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកឡើងដល់បញ្ហាស្លាកសញ្ញាសម្គាល់ឈ្មោះហាងផងដែរ ដោយបានបន្តលើកទឹកចិត្តឱ្យម្ចាស់ហាង ឬក្រុមហ៊ុនទាំងអស់នៅកម្ពុជា ត្រូវដាក់អក្សរខ្មែរនៅផ្នែកខាងលើ ដាក់អក្សរអង់គ្លេសនៅផ្នែកកណ្ដាល តែត្រូវមានទំហំតូចជាងពាក់កណ្ដាលនៃអក្សរខ្មែរដែលនៅខាងលើនោះ ចំណែកឯផ្នែកខាងក្រោមបង្អស់ ម្ចាស់អាជីកម្មអាចដាក់ជាអក្សរប្រទេសទីបីបាន ដូចជា អក្សរចិន ជប៉ុន កូរ៉េ ថៃ បារាំងជាដើម។

ត្រង់ចំណុចនេះ ឯកឧត្តមបានឱ្យដឹងទៀតថា ចំពោះហាងរបស់ជនជាតិចិន អាចដាក់អក្សរចិននៅផ្នែកកណ្ដាលក៏បាន តែដាច់ខាតត្រូវដាក់អក្សរខ្មែរនៅផ្នែកខាងលើ ហើយត្រូវតែធំជាងពាក់កណ្ដាលនៃអក្សរចិននោះ ពោលគឺមិនអាចជៀសវាងការប្រើប្រាស់ភាសាអង់គ្លេសបានឡើយ ពីព្រោះដោយសារប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ចម្រុះជាតិសាសន៍ មិនមែនមានតែទេសចរចិនប៉ុណ្ណោះទេ។ បើតាមលោក ថោង ខុន ការអនុវត្តនេះក៏កំពុងមានការកែតម្រូវជាបណ្ដើរៗគួរឱ្យកត់សម្គាល់ផងដែរ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.