ទីក្រុងចំនួន២១ ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ឆ្នាំ២០២២-២០២៤

(ព្រះសីហនុ)៖ ទីក្រុងចំនួន២១ នៃប្រទេសសមាជិកអាស៊ាន បានទទួលពាន់រង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ឆ្នាំ២០២២-២០២៤ ក្នុងនោះក៏មានទីក្រុងចំនួន៣របស់ប្រទេសកម្ពុជាផងដែរ។
នាឱកាសវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) រដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏បានផ្ដល់កិត្តិយសប្រគល់ពានរង្វាន់ជូនអភិបាលខេត្ត អភិបាលក្រុង និងតំណាងទីក្រុងជ័យលាភីទាំង២១នោះផងដែរ។ ការប្រគល់ពានរង្វាន់នេះត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ជាទីដែលរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២។
ទីក្រុងទាំង២១ដែលទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣នោះ រួមមាន៖
* ប្រទេសព្រុយណេ មានទីក្រុងទូតុង (Tutong)។
* ប្រទេសកម្ពុជា មានទីក្រុងបាត់ដំបង (Battambang) ទីក្រុងព្រះសីហនុ (Preah Sihanouvill) និងទីក្រុងសៀមរាប (Siem Reap)។ ជាមួយគ្នានោះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានអញ្ជើញមកទទួលពានរង្វាន់ផ្ទាល់ពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាផងដែរ។
* ប្រទេសឡាវ មានទីក្រុងហ្លួងព្រះបាង (Luang Prabang) ទីក្រុងប៉ាកសេ (Pakse) និងទីក្រុងវៀងជ័យ (Viengxay)។
* ប្រទេសម៉ាឡេស៉ី មានទីក្រុងចច (George Town) កោះលង្កាវី (Langkawi) និងទីក្រុងម័រ (Muar)។
* ប្រទេសមីយ៉ាន់ម៉ា មានទីក្រុងមណ្ឌាល័យ (Mandalay) ទីក្រុងណៃពិដោរ (Nay Pyitaw) និងទីក្រុងមីយិក (Myeik)។
* ប្រទេសថៃ មានទីក្រុងខនកេន (Khon Kaen) ទីក្រុងប៉ាតាយ៉ា (Pataya) និងកោះម៉ាក (Koh Mak)។
* ប្រទេសវៀតណាម មានទីក្រុងហាឡុង (Ha Long) ទីក្រុងដាឡាត់ (Da Lat) និងទីក្រុងវ័ងតាវ (Vung Tau)។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥ សំដៅធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។
លោកបានបន្តថា ការប្រកួតប្រជែងនេះក៏បានជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ានឱ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ធភាពដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។
គួរបញ្ជាក់ថា ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវបានដឹកនាំរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត តាំងពីឆ្នាំ២០១១ ដោយមានការគាំទ្រពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ហើយស្តង់ដានេះត្រូវបានអនុម័ត និងដាក់ឱ្យអនុវត្តជាផ្លូវការកាលពីវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៥។
យោងតាមគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ កម្ពុជាបាននិងកំពុងជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតតំបន់អាស៊ាន សំដៅចូលរួមដល់ការជំរុញការកសាងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាន។ នេះបានឆ្លុះបញ្ចាំងពីតួនាទី និងការចូលរួមរបស់កម្ពុជាក្នុងតំបន់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.