ខេត្តកំពតបាននិងកំពុងខិតខំជំរុញ ប្រែក្លាយទីក្រុងកំពតជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនាបំណាច់ឆ្នាំ២០២១ ​​

ពានបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍និងបណ្ណសរសើរត្រូវបានប្រគល់ជូនម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍មួយចំនួនដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តគោលការណ៍បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍នៅក្រុងកំពត កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ។
ពិធីប្រគល់ពាននិងបណ្ណសរសើរនេះត្រូវបានរៀបចំឡើងក្នុងសិក្ខាសាលា ស្តីពី “បរិស្ថានគ្មានផ្សែងបារីក្នុង វិស័យទេសចរណ៍” ក្នុងគោលបំណងផ្សព្វផ្សាយអំពីច្បាប់ ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងច្បាប់ និងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍អំពីបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យ​ទេសចរ​ណ៍ដល់ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទូទាំងប្រទេសក៏ដូចជាជួយការពារសុខុមាលភាពប្រជាពលរដ្ឋ ក្នុងគោលដៅកាត់បន្ថយផលប៉ះពាល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថានផងដែរ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហោ សារុន រដ្ឋលេខា​ធិការ​ក្រសួងទេស​ច​រណ៍ និងលោក នៃ គង់ អភិបាលរងនៃគណៈអភិបាលខេត្តកំពត ដោយមានការចូលរួមពីតំណាងពីមន្ទីរពាក់ព័ន្ធ​ សាលាក្រុងកំពត សាលាសង្កាត់ក្នុងក្រុងកំពត និងផ្នែកឯកជនដែលជាម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងក្រុងកំពត។
លោក នៃ គង់ អភិបាលរងខេត្តកំពតបានលើកឡើងពីការខិតខំរបស់រដ្ឋបាលខេត្តកំពតក្នុងការលើកស្ទួយវិស័យ​ទេសចរណ៍ និងការរៀបចំបង្កើតឆ្នេរថ្មីដែលជាផលិតផលទេសចរណ៍ថ្មីក្នុងខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមក ទស្សនាកាន់តែច្រើនឡើងថែមទៀត។ លោកក៏បានក្រើនរំលឹកឲ្យអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់ស្តាប់ និងចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជាបច្ច័យជួយបង្កើតបរិស្ថានទេសចរណ៍មួយដែលគ្មានផ្សែងបារីនៅខេត្តកំពត សម្រាប់បម្រើផលប្រយោជន៍រួមដល់យើងទាំងអស់គ្នា។
ជាការលើកទឹកចិត្តដល់ការចូលរួមអនុវត្តបានល្អរបស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍មួយចំនួននៅខេត្តកំពតតាមគោលការណ៍ច្បាប់និងសេចក្តីណែនាំស្តីពីពីបរិស្ថានគ្មានផ្សែងបារី ក្រសួងទេស​ចរ​ណ៍ក៏បានរៀបចំពាននិងបណ្ណសរសើរដើម្បីចែកជូនផងដែរ។
ការជ្រើសរើសវាយតម្លៃផ្តល់ជូនសណ្ឋាគារ/ភោជនីយដ្ឋានឆ្នើមដែលទទួលពានបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍គឺផ្អែកទៅលើពិន្ទុនៃកម្រងសំណួរដែលបានរៀបចំឡើង ដោយមានសូចនាករ លក្ខណៈ​វិនិច្ឆ័យត្រឹមត្រូវ យោង​ទៅតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានា​ក្រោម​ច្បាប់ រួមមាន​ អនុក្រឹ​ត្យ ប្រកាស សារាចរ សេចក្តីណែនាំ....។ល។ ចំណុចសំខាន់ៗដែល​មូលដ្ឋាន​អាជីវកម្ម សេវាកម្មទេសចរណ៍ត្រូវប្រកាន់យកមានដូចជា៖ ត្រូវបិទផ្សាយឬដាក់បម្រាមហាមជក់នៅតាមផ្លូវចូល និង​កន្លែង​​សមស្របដែលអាចមើលឃើញច្បាស់ មិនត្រូវដាក់តាំងឬបង្ហាញប្រដាប់គោះបារី ត្រូវបង្គាប់​មិន​ឲ្យ​អ្នកជក់​ឬបង្ហុ​យផ្សែងផលិតផលថ្នាំជក់ក្នុងកន្លែងហាមឃាត់ មិនត្រូវផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ក្នុង​បរិវេណ​មូលដ្ឋានរបស់ខ្លួនទោះក្នុងទម្រង់ណាក៏ដោយ អាចដាក់តាំងបង្ហាញកញ្ចប់ផលិតផលថ្នាំជក់​ធម្ម​តា​​បានតែ​មួយ​កញ្ចប់ក្នុងមួយម៉ាក ត្រូវដាក់តាំងបង្ហាញ ឬលក់តែផលិតផលថ្នាំជក់ណាដែលមានសារ​ព្រមាន​​សុខភាព​ជា​​រូបភាព និងជាភាសាខ្មែរទំហំ៥៥%បោះពុម្ពលើផ្នែកខាងលើផ្ទៃសំខាន់ទាំងពីរនៃកញ្ចប់​ផលិតផល​ថ្នាំជក់។
ឯកឧត្តម ហោ សារុន បានបន្ថែមថា ក្រុមការងារបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ដោយមានការចូលរួមពីក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍បានចុះវាយតម្លៃមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅក្នុងក្រុងកំពតកាលពីខែកក្កដាកន្លងទៅនេះតាមរយៈកម្រងសំណួរដែលដកស្រង់ចេញពីច្បាប់ស្តីពី ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ អនុក្រឹត្យ សេចក្តីណែនាំទាក់ទងនឹងច្បាប់។ ជាលទ្ធផល មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ចំនួន៣០កន្លែងដែលអនុវត្តបានល្អត្រូវបានជ្រើសរើសដើម្បីទទួលពាននិងបណ្ណសរសើរនៅថ្ងៃនេះ​។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ហោ សារុន ក៏បានផ្តាំផ្ញើដល់អាជីវករទាំងអស់ឲ្យប្រកាន់ខ្ចាប់នូវវិធានសុវត្ថិភាពទេសចរណ៍ដែលក្រសួងទេសចរណ៍បានដាក់ចេញក្នុងដំណាក់កាលវិបត្តិនៃជំងឺកូវីដ-១៩ ពោលគឺត្រូវរៀប​ចំកន្លែងលាងសម្អាតដៃនឹងសាប៊ូ បាញ់អាកុលឬជែល ពាក់ម៉ាស់ វាស់កម្តៅ និងរក្សាគម្លាតសុវត្ថិភាពសង្គមឲ្យបានល្អប្រសើរ ព្រមទាំងផ្តល់សេវាដិសណ្ឋារកិច្ចឲ្យបានល្អប្រសើរ ដើម្បីជាមុខមាត់របស់ខេត្តក៏ដូចជាការផ្តល់នូវទំនុកចិត្តដល់ភ្ញៀវទេសចរទាំងអស់ដែលមកកម្សាន្តក្នុងខេត្តផងដែរ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ ក៏មានកិច្ចប្រជុំពិភាក្សាមួយរវាងក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត ដែលបានឯកភាពលើគំនិតផ្តួចផ្តើមក្នុងការប្រែក្លាយទីក្រុងកំពតជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅចុងឆ្នាំ២០២១។ ការចែកពាននិងបណ្ណសរសើរ និងសិក្ខាសាលាថ្ងៃនេះគឺជាសកម្មភាពគាំទ្រមួយ ដើម្បីជំរុញឲ្យទីក្រុងកំពតក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅចុងឆ្នាំ២០២១ ខាងមុខនេះ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.