ក្រសួង​ទេសចរណ៍​យកចិត្តទុកដាក់​ការបណ្តុះបណ្តាល​អ្នកជំនាញ​ទេសចរណ៍​នៅ​ខេត្ត​គោលដៅ​ទេសចរណ៍​តំបន់​ឆ្នេរសមុទ្រ​

ខេត្ត​ព្រះសីហនុ​៖ នា​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក្រសួង​ទេសចរណ៍​បាន​រៀបចំ​សិក្ខាសាលា “​វាយតម្លៃ​តម្រូវការ​បណ្តុះបណ្តាល​បដិ​សណ្ឋារ​កិច្ច (HoKa)” នៅ​សណ្ឋាគារ​ឆ្នេរ​ថ្មី ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត ថោង​ខុន រដ្ន​មន្ត្រី​ក្រសួង​ទេសចរណ៍ ឯកឧត្តម ផៃ ប៊ុន​វណ្ណៈ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​មាន​ការចូលរួម​ពី​វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​នានា​ក្នុង​វិស័យ​ទេសចរណ៍​ប្រមាណ​៦០​រូប ដើម្បី​សិក្សា​ពី​គម្លាត​ជំនាញ​ត្រូវ​ការបណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​វិជ្ជាជីវៈ​ទេសចរណ៍​អាស៊ាន និង​បណ្តុះបណ្តាល​ធនធានមនុស្ស ពិសេស​នៅ​តំបន់​ឆ្នេរសមុទ្រ ដែល​ជា​កត្តា​គន្លឹះ​ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា និង​ការផ្តល់​សេវាកម្ម​ប្រកបដោយ​គុណភាព​ជូន​ភ្ញៀវ​ទេសចរ​។​

​គម្រោង​បណ្តុះបណ្តាល​ជំនាញ ​បដិសណ្ឋារកិច្ច​ប្រចាំ​ខេត្ត ​ព្រះសីហនុ HoKA ធ្វើឡើង​ក្រោម​កិច្ចសហការ​ ជាមួយ​អង្គការ Swiss Contact ដែល​ជា​កម្មវិធី​ថ្មី​មួយ​ក្នុង​ទម្រង់​ការបណ្តុះបណ្តាល​ខាងក្នុង (In-House Training) ដែល​អ្នក​ជំនាញ​ត្រូវ​សិក្សា​ទ្រឹស្តី និង​ការអនុវត្ត​រួមគ្នា​នៅ​អាជីវកម្ម​ផ្ទាល់ ដោយ​ប្រើប្រាស់​នូវ​ស្តង់ដា​សមត្ថភាព​អាស៊ាន​។ កម្មវិធី​នេះ នឹង​ចូលរួម​បង្កើត​ធនធានមនុស្ស​ដែល​មាន​សមត្ថភាព​បន្ថែមទៀត ដើម្បី​ចូលរួម​សម្រេច​នូវ​ចក្ខុវិស័យ “​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​” នៅ​ឆ្នាំ​២០២៥​។​