ភាសាខ្មែរ
ក្រសួងទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា  
ព្រះរាជាណាចក្រ​អច្ឆរិយ
  • ចាប់ពី ថ្ងៃ​អាទិត្យ ទី06 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អង្គារ ទី08 ខែកញ្ញា ឆ្នាំ2015: PATA Travel Mart 2015
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី10 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​សៅរ៍ ទី12 ខែកញ្ញា ឆ្នាំ2015: International Travel Expo HCMC (ITE HCMC) 2015
  • ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015: ទិវាប្រកាសរដ្ឋធម្មនុញ្ញ
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អាទិត្យ ទី27 ខែកញ្ញា ឆ្នាំ2015: JATA Travel Showcase 2015
 
Blog
Multimedia

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខែ្មរ​យើង​មាន​រយៈពេល ១៥​ថ្ងៃ ដែល​ធម្មតា​ចាប់ផ្តើម​ពី​ចុង ខែកញ្ញា​រហូតដល់​ខែ តុលា។​ ពិធីបុណ្យ​នេះ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រលឹង​ដូនតា ឪពុកម្តាយ  រឺ​សាច់សាលោហិ​តដែល​បាន​ចែក​ស្ថាន​ទៅ ហើយ​នេះ​ជា​ពិធីបុណ្យ​មួយ​ដែល​ប្រជាពលរដ្ឋ​ខែ្មរ​ឲ​តម្លៃ និង​គោរព​ប្រណិប័តន៍​មិន​ដែល​ខកខាន ។

| បន្ត
មុខម្ហូបរបស់​កម្ពុជា

​ប្រហុក​ខ្ទិះ​

ប្រហុក​ខ្ទិះ គឺជា​មុខម្ហូប​ខ្មែរ​មួយ​ដែល​មានឱជារស​ឆ្ងាញ់​ពិសារ​។ ប្រហុក​គឺជា​ប្រភេទ​ត្រីប្រឡាក់ អំបិល​ហើយ​រក្សា​ទុក​ជា​យូរ​ខែ នៅក្នុង​ក្រឡ ឬ​ពាង | បន្ត

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

អ្នកចូលទស្សនា

ម្សិល​មិញ
:
6,617
ថ្ងៃនេះ
:
1,744
សរុប
:
2,838,211
 

សុន្ទរកថា​ ​ឯកឧត្ដម បណ្ឌិត ថោង ខុន ក្នុង​ពិធី​ប្រកាស​ការប្រើប្រាស់​ស្លាក​សញ្ញា “​កេ​រ្តិ៍​” ​លើ​វត្ថុ​សិប្បកម្ម​ទេសចរណ៍​កម្ពុជា

សុន្ទរកថា​
​ឯកឧត្ដម បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​
​ក្នុង​ពិធី​ប្រកាស​ការប្រើប្រាស់​ស្លាក​សញ្ញា “​កេ​រ្តិ៍​”
​លើ​វត្ថុ​សិប្បកម្ម​ទេសចរណ៍​កម្ពុជា​
​សណ្ឋាគារ កាំបូឌីយ៉ាណា ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១២
--------------

- ​ឯកឧត្ដម  Eric Sidgwick ប្រធាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ប្រចាំ​ព្រះរាជ​ណា​កម្ពុជា​
- ​លោក I Izuka Tomohiro លេខា​ទី​២​នៃ​ស្ថានទូត​ជប៉ុន ប្រចាំ​ព្រះរាជ​ណា​កម្ពុជា​
- ​ឯកឧត្ដម លោកជំទាវ ភ្ញៀវ​ជាតិ អន្តរជាតិ លោក លោកស្រី អ្នកនាង​កញ្ញា ជាទី​មេត្រី​!

​ជាបឋម តាង​នាម​ក្រសួង​ទេសចរណ៍ និង​ក្នុងនាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មាន​កិត្ដិយស និង​ក្ដី​សោមនស្ស រីករាយ​ក្រៃលែង ដែល​បាន​ចូលរួម​ជាមួយ​ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា ភ្ញៀវ​ជាតិ អន្តរជាតិ ក្នុង​ពិធី​ប្រកាស​ការប្រើប្រាស​ស្លាក​សញ្ញា “​កេ​រ្តិ៍​” លើ​វត្ថុ​សិប្បកម្ម​ទេសចរណ៍​កម្ពុជា​ដ៏​មាន សារៈសំខាន់​នាពេលនេះ​។​

​ខ្ញុំ​សូម​ឆ្លៀត​ឱកាស​នេះ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មូលនិធិ​រដ្ឋាភិបាល​ជប៉ុន សម្រាប់​កាត់បន្ថយ​ភាពក្រីក្រ (JFPR) តាមរយៈ​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ដែល​បាន​រួម​សហការ​គ្នា​ជាមួយ​ក្រសួង​ទេសចរណ៍​ចាប់តាំងពី​ការផ្តួចផ្តើម​រៀបចំ​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​ស្លាក​សញ្ញា និង​ការរៀបចំ សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​ស្លាក​សញ្ញា​សិប្បកម្ម​សម្រាប់​ភ្ញៀវទេសចរ រហូត​ដល់​សម្រេចបាន​ស្លាក​សញ្ញា​ពិតប្រាកដ​មួយ​សម្រាប់​ដាក់ ឬ​បិទ​លើ​វត្ថុ​សិប្បកម្ម ដែល​យើង​នឹង​ប្រកាស​ផ្សព្វផ្សាយ​ឲ្យប្រើ​ប្រា​ស់នា​ពេល​បន្តិចទៀត​នេះ​។​

-​ ​ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា​ជា​ទី​មេត្រី​!

​ជាមួយ​នឹង​និន្នាការ​នៃ​ការធ្វើ​ដំណើរ​ឥតឈប់ឈរ​របស់​ទេស​ចរ​សកលលោក វិស័យ​ទេសចរណ៍ បាន​និង​កំពុង​បន្ដ​ពង្រឹង​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់​ខ្លួន តាមរយៈ​ការចូលរួម​យ៉ាង​សកម្ម​ទាំង​លើ​ផ្នែក​សេដ្ឋកិច្ច សង្គម វប្បធម៌ និង​បរិស្ថាន ខណៈ​ដែល​ចំនួន​ទេសចរ​សកលលោក នឹង​កើនឡើង​ដល់ ១០០០ លាន​នាក់ នៅ​ឆ្នាំ​២០១២​នេះ​។ យោង​តាម​ការព្យាករណ៍​របស់​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ចំនួន​នេះ​នឹង​កើន​ដល់​១៨០០​លាន​នាក់ នៅ​ត្រឹម​ឆ្នាំ​២០៣០ មានន័យ​ថា​មនុស្ស​០៥​លាន​នាក់​ក្នុង​មួយ​ថ្ងៃ នឹង​ធ្វើ​ដំណើរ​ពាសពេញ​ពិភព​ល​លោក​។​
​ ​
​ជាមួយ​នឹង​ចំនួន​ទេសចរ​ដ៏​ច្រើន​សម្បើម​នេះ វិស័យ​ទេសចរណ៍​សកលលោក​បាន​ដើរតួនាទី​ជា ក្បាលម៉ាស៊ីន​ដ៏​សំខាន់​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច ការបង្កើត​ឱកាស​ការងារ ការបង្កើត​មុខរបរ និង​ការអភិវឌ្ឍ​ជា​សកល ដោយ​វិស័យនេះ​តំណាង​ឱ្យ​ប្រមាណ​ជា ៥% នៃ GDP សកលលោក ស្មើ​នឹង​ប្រមាណ​៣០% នៃ​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​ផ្នែក​សេវាកម្ម​សរុប​របស់​ស​កល​លោក និង​បាន​បង្កើត​ការងារ​១​លើ​១២​សម្រាប់ កំលាំង​ពលកម្ម​សកលលោក​។ ទស្សវត្ស​នេះ គឺ​ចាប់ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០២០ នឹង​ត្រូវ​បាន​ចងចាំ​ថា​ជា​ទស្សវត្ស​ដែល​វិស័យ​ទេសចរណ៍ និង​ការធ្វើដំណើរ​ក្លាយ​ជា​វិស័យ​មួយ​ដ៏​ចំបង​គួរ​ឱ្យ​ជឿជាក់ និង​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​ជាតិ និង​ភពផែនដី ពោល​គឺ​ទន្ទឹមពេល​ដែល​សេដ្ឋកិច្ច​សកលលោក​ស្ថិត​ក្នុង​ភាពមិនប្រាកដប្រជា​ជាមួយ​នឹង​វិបត្ដិ​នៅតាម​តំបន់​មួយចំនួន និង​ភាព​អត់​ការងារ​ធ្វើ វិស័យ​ទេសចរណ៍​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ដំណោះស្រាយ​មួយ​ដ៏​មាន​ប្រសិទ្ធិភាព និង​គួរឱ្យ​ជឿជាក់​ក្នុង​ការជំរុញ​កំណើន ការចូលរួម​ដល់​ការពង្រឹង​និរន្ដរភាព និង​ការលើកកម្ពស់​គុណភាព​ជីវិត​។

​ចំពោះ​កម្រិត​តំបន់​វិញ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ត្រូវបាន​មើលឃើញថា​ជា​គោលដៅ​ទេសចរណ៍​ដ៏​លេចធ្លោ​ប្រកបដោយ​ភាព​ទាក់ទាញ ដោយ​តំបន់​នេះ​អាច​នឹង​ទទួលបាន​ចំណែក​ទីផ្សារ​ប្រមាណ​៣០% នៃ​ចំណែក​ទីផ្សារ​ទេសចរណ៍​សកល​លោក​សរុប​។ គួរកត់សម្គាល់​ថា អាស៊ាន​ដែល​ជា​ផ្នែក​មួយ​នៃ​តំបន់ ដ៏​លេចធ្លោ​នេះ​ទទួលបាន​ទេសចរ​អន្ដ​រ​ជាតិប្រមាណ​៧៩​លាន​នាក់​ក្នុង​ឆ្នាំ​២០១១ ក្នុង​នោះ​ប្រមាណ​៣៤​លាន​នាក់ ជា​ទេសចរ​ផ្ទៃ​ក្នុង​អាស៊ាន ហើយ​នៅក្នុង​ឆ្នាំ​២០១៥ អាស៊ាន​រំពឹងថា នឹង​ទទួលបាន​ទេសចរ អន្ដរជាតិ​ប្រមាណ​ជាង​១០០​លាន​នាក់​។​

​កម្ពុជា​ដែល​ស្ថិតក្នុង​តំបន់​ដែល​កំពុង​មាន​កំណើន​គំហុក​នេះ ក៏​បាន​និង​កំពុង​លេចធ្លោ​ឡើង​ជា​គោលដៅ​ថ្មី​ប្រកបដោយ​សក្ដានុពល​ជាមួយ​នឹង​ឧត្ដមភាព​ប្រៀបធៀប និង​ប្រកួតប្រជែង​ខ្ពស់ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​សម្បត្ដិ​វប្បធម៌ និង​ធនធានធម្មជាតិ​ដ៏​ច្រើន​អនេក ដែល​មាន​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​។ ឈរ​លើ​ទិដ្ឋភាព​ទាំងនេះ រាជរដ្ឋាភិបាល កម្ពុជា​ដែល​មាន សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​គតិបណ្ឌិត បានចាត់ទុក​វិស័យ​ទេសចរណ៍​ជា​វិស័យ​អាទិភាព​មួយ​នៅ​ក្នុង​ការ​អនុវត្ដ​យុទ្ធសាស្ដ្រ​ចតុកោណ ដើរតួ​ជា​មាស​បៃតង និង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ការធានា​និរន្ដរភាព​នៃ​ការអភិវឌ្ឍ​ជាតិ តាមរយៈ​ការបង្កើត និង​បង្កើន​ឱកាស​ការងារ ការបង្កើន​ប្រាក់ចំណូល លើកកម្ពស់​ជីវភាព​រស់នៅ និង​ចូលរួម​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ការជំរុញ​កំណើន​ក្នុង​វិស័យ​ពាក់ព័ន្ធ ព្រម​ទាំង​ការពង្រឹង​ដល់​ការ​គាំពារ​អភិរក្ស​សម្បត្ដិ​វប្បធម៌ និង​ធនធានធម្មជាតិ បាន​យ៉ាង​មាន​ប្រសិទ្ធិភាព សំដៅ​ចូលរួម​ដល់​ការកសាង​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា​។​

​ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១១​នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្ដរជាតិ​ប្រមាណ​ជាង ២,៨៨​លាន​នាក់ ក្នុង​អត្រា​កំណើន​ជាង​១៤% ប្រៀបធៀប​នឹង​ឆ្នាំ​២០១០ ជាមួយ​នឹង​កំណើន​ទេសចរ​ក្នុងស្រុក​ប្រមាណ ៧​លាន​នាក់ (​កើនឡើង​ប្រមាណ​៣%)​។ វិស័យ​ទេសចរណ៍​បាន​នាំមក​នូវ​ចំណូល​ប្រមាណ ១.៩១២ លាន​ដុល្លារ រួមចំណែក​ប្រមាណ​១០%​នៃ GDP និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​៣៥​ម៉ឺន​នាក់ និង​ការងារ​ដោយ​ប្រយោល​រាប់សិប​ម៉ឺន​នាក់​បន្ថែមទៀត​។​

​ដោយឡែក​ក្នុង​រយៈពេល​០៨​ខែ ដើមឆ្នាំ​២០១២​នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្ដរជាតិ​ចំនួន ២.៣៣៤.៧៩៣​នាក់ កើនឡើង​២៤,៥% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១១​។ តាម​ការព្យាករណ៍​សម្រាប់​ឆ្នាំ​២០១២​នេះ កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ដ​រ​ជាតិ​៣,៣​លាន​នាក់  ហើយ​សង្ឃឹមថា នឹង​ទទួលបាន​៤,៥ លាន​នាក់​នៅ​ឆ្នាំ​២០១៥ និង​ប្រមាណ​៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ ជាមួយ​នឹង​ចំណូល​សរុប​ប្រមាណ​៥​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​៨០​ម៉ឺន​នាក់​។

-​ ​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាទី​មេត្រី​!

​ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ប្រកបដោយ​និរន្ដរភាព គុណភាព និង​ការ ទទួលខុសត្រូវ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួង​ទេសចរណ៍​ជា​សេនាធិការ បាននិងកំពុង​យកចិត្ដទុកដាក់​គិត​គូរជា​ចម្បង​ដល់​ការ​លើកកម្ពស់ គុណភាព​សេវាកម្ម និង​ផលិតផល​ទេសចរណ៍ ព្រម ជាមួយនឹង​ការធានា​ឱ្យបាន​នូវ​និរន្ដរភាព និង​តុល្យភាព​ខាង​ផ្នែក​សេដ្ឋកិច្ច សង្គម វប្បធម៌ និង​បរិស្ថាន ពិសេស​ចលនា​ប្រលងប្រណាំង “​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ​” ដែលជា​យុទ្ធនាការ​យ៉ាង​សំខាន់​ជា​យុទ្ធសាស្ត្រ សំដៅ​ពង្រឹង​គុណភាព​ផលិតផល​ទេសចរណ៍ បាន​នឹង​កំពុង​ជំរុញ​យ៉ាងសកម្ម​ដែល​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។
​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត និង​ដាក់​ចេញ​អនុវត្ត​កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១២​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ និង​លើក​ទឹកចិត្ដ​ឱ្យមាន​ការបង្កើត​នូវ​ផលិត​ផល​ទេសចរណ៍​ថ្មីៗ និង​ផ្សេងៗ​ពីគ្នា ទាំង​គោលដៅ​ទាក់ទាញ​ទេសចរណ៍ និង​ផលិត ផល​ទេសចរណ៍ ដែល​ផលិតផល​ទាំងនេះ​ផ្អែកទៅលើ​ធនធានធម្មជាតិ បេតិក​ភ័ណ្ឌ​វប្បធម៌ ជាពិសេស​វត្ថុ​សិប្បកម្ម និង​វត្ថុ​អនុស្សាវរីយ៍​មាន​ច្រើន​ស្ទើរ​ទូ​ទាំង​ប្រទេស ដែល​មាន​តំណរ​គ្នា​តាំងពី​យូរយារ​មកហើយ ហើយ​ដែល​លក់បាន​តម្លៃថោក ប៉ុន្តែ​បើ​យើង​បញ្ចូល​បច្ចេកទេស ឧបករណ៍​ទំនើប និង​ការពង្រឹង​គុណភាព​បន្ថែមទៀត ពលរដ្ឋ​យើង​អាច​ទទួល​បាន​កម្រៃ​ច្រើន​ជាង​នេះ​។ ចំណុច​គួរ​ឲ្យ​កត់សម្គាស់ និង​វាយតម្លៃ​ខ្ពស់​ពី​ទេសចរ​នោះ គឺ​គុណភាព​ផលិតផល ការបិទ​ស្លាក​សញ្ញា និង​ប្រភព​នៃ​ផលិតផល ហើយ​ដាក់​លក់​នៅ​ទីតាំង​សមស្រប (​ផ្សារ​រាត្រី​)​។ ការផលិត វេច​ខ្ចប់ (Packaging) និង​លក់ដូរ​វត្ថុ​អនុ​-​ស្សាវ​រីយ៍​ដែល​មាន​បិទ​ស្លាក​សញ្ញា​ពិតប្រាកដ រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ ទាំង​អ្នក​ផលិត និង​អ្នកលក់ (Pro-Poor Tourism)​។​

​មាត្រា​២៦​នៃ​ច្បាប់​ស្តីពី​ទេសចរណ៍  បានចែង​ថា ក្រសួងទេសចរណ៍​ត្រូវ​ណែនាំ​វិធានការ​សម្រាប់​បង្កើន​ការធានា​គុណភាព សេវាកម្ម​ទេសចរណ៍​ផ្សេងទៀត ដូចជា​ស្លាក​សញ្ញា​ពិសេស ស្លាក​សញ្ញា​បញ្ជាក់​គុណភាព ការទទួលស្គាល់​គុណភាព រង្វាន់ និង​ការលើកទឹកចិត្ត​។ ក្រសួងទេសចរណ៍​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​ឧស្សាហកម្ម​ទេសចរណ៍ និង​ក្រុម​អ្នកពាក់ព័ន្ធ​ផ្សេងៗ ក្នុង​ការរៀបចំ​គំនូស​ប្លង់ ការអភិវឌ្ឍ និង​ការអនុវត្ត​វិធានការ​ទាំងនោះ​។ លក្ខណៈ​ពិសេស​នៃ​ស្លាក​សញ្ញា​ពិសេស ស្លាក​សញ្ញា​បញ្ជាក់​ពី​គុណភាព រង្វាន់ និង​ការលើកទឹកចិត្ត ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​។​
 
​បច្ចុប្បន្ន ក្រសួងទេសចរណ៍​កំពុង​អនុវត្ដ​គម្រោង “​ការលើកកម្ពស់​ទីផ្សារ​ផលិតផល​សម្រាប់ ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ភូមិភាគ​កណ្ដាល​ប្រទេស​កម្ពុជា​” គឺជា​គម្រោង​មួយ ដែល​មាន​គោលដៅ​កាត់បន្ថយ ភាពក្រីក្រ ជាពិសេស​លើកស្ទួយ​មុខរបរ​ខ្នាតតូច​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី នៅក្នុង​ភូមិ​គោលដៅ​ចំនួន​១១​នៅក្បែរ និង​នៅ​ជុំវិញ​តំបន់​ប្រាសាទសំបូរព្រៃគុក ខេត្ដ​កំពង់ធំ​។ គម្រោង​នេះ​គ្រប់គ្រង​ដោយ ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ក្រោម​ហិរញ្ញប្បទាន​មូលនិធិ​រដ្ឋាភិបាល​ជប៉ុន​សម្រាប់​កាត់បន្ថយ​ភាព ក្រីក្រ (JFPR)​។ គម្រោង​ត្រូវបាន​រៀបចំ ឡើង​ដើម្បី​បង្កើន​ប្រាក់ចំណូល និង​បង្កើត​ការងារ​ក្នុង​មូលដ្ឋាន​សម្រាប់​គ្រួសារ​ក្រីក្រ តាមរយៈ​ការផលិត និង​ការលក់​វត្ថុ​សិប្បកម្ម​ខ្មែរ និង​ចំណីអាហារ​កែច្នៃ​នៅក្នុង​សហគមន៍​មូលដ្ឋាន​។​

ឯកឧត្ដម លោកជំទាវ លោក លោកស្រី​

​ការរៀបចំ​ពិធី​ប្រកាស​ការប្រើប្រាស់​ស្លាក​សញ្ញា “​កេ​រ្តិ៍​” លើ​វត្ថុ​សិប្បកម្ម​ទេសចរណ៍​កម្ពុជា​នា​ពេល​នេះ គឺជា​ការបង្ហាញ​អំពី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ដែល​បាននិងកំពុង​យកចិត្តទុកដាក់​ក្នុង​ការលើកកម្ពស់​គុណ​ភាព ប្រសិទ្ធភាព ការយកចិត្ដទុកដាក់​គាំទ្រ និង​ការពង្រឹង​ឱ្យ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​នូវ​ប្រពៃណី បេតិកភណ្ឌ​វប្បធម៌​កម្ពុជា​។​

​សិប្បកម្ម គឺជា​វត្ថុ​មួយ​ក្នុងចំណោម​វត្ថុ​ដ៏​តិចតួច​មួយចំនួន ដែល​ឆ្លុះបញ្ចាំង​ពី​ភាព​ជា​លក្ខណៈ ដើម​ពិតប្រាកដ ពី​វប្បធម៌​របស់​ម្ចាស់​ស្រុក​នៃ​គោលដៅ និង​នៅក្នុង​ពិភព​នៃ​សកលភាវូបនីយកម្ម​ដែល​ទេសចរ​កំពុង​ស្វែងរក​បទពិសោធន៍​ដែល​មាន​លក្ខណៈ​ពិសេស​បន្ថែមទៀត​។ ទេសចរ​កំពុង​ស្វែងរក​វត្ថុ​ដែល​មាន​ប្រភព និង​លក្ខណៈ​ដើម​សុទ្ធសាធ​ដែល​ធ្វើឱ្យ​ពួកគេ​មាន​ការចងចាំ​ល្អៗ នៅ​ពេល​មក​សម្រាកលំហែ​កំសាន្ដ​។ ហេតុនេះហើយ ទើប​វត្ថុ​ទាំងនេះ​កាន់តែ​មាន​តម្លៃ​ខ្ពស់ជាង​ប្រភេទ​វត្ថុ​អនុ​ស្សា​-​វ​រីយ៍​ដទៃទៀត ហើយ​ភ្ញៀវទេសចរ​មាន​ឆន្ទៈ​ចំណាយ និង​ឲ្យ​តម្លៃ​ខ្ពស់ ប្រសិន​បើ​វត្ថុ​ទាំងនេះ មាន​គុណភាព​ល្អ និង​មាន​បិទ​ស្លាក​សញ្ញា​ច្បាស់លាស់​។

​នាពេល​បច្ចុប្បន្ន​នេះ កម្ពុជា​បាន​ផលិត​វត្ថុ​សិប្បកម្ម​ប្រកបដោយ​គុណភាព​ខ្ពស់​មួយចំនួន ប៉ុន្ដែ​ការ​សំខាន់​គឺថា ផលិតផល​ទាំងនេះ​ទាមទារ​ឱ្យ​មាន​ការកែលំអ​និង​ធ្វើឱ្យ​ប្លែកៗ​ដើម្បី​បន្ដ ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​ទិញ​កាន់តែច្រើន​។ លើសពីនេះទៅទៀត ត្រូវធ្វើ​ការលើកតម្កើង​ជំនាញ​បច្ចេកទេស និង​មុខ​វិជ្ជាជីវៈ​របស់​អ្នក​ផលិត​សិប្បកម្ម រួមជាមួយ​និង​ការបង្កើត​ស្លាក​សញ្ញា​សិប្បកម្ម​សម្រាប់អ្នកទេសច​រ ដែល​ទាំងនេះ​ទើប​ធ្វើឱ្យ​អនាគត​សិប្បកម្ម​ក្នុងស្រុក​សម្រាប់​ផ្គត់ផ្គង់​ភ្ញៀវទេសចរ ក៏​ដូចជា​អ្នក​ផលិត​ទាំងឡាយ​កាន់តែ​មាន​គុណភាព សោ​ភណ្ឌ​ភាព និង​ភាព​ទាក់ទាញ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​ជាថ្មី​ម្ដងទៀត តាង​នាម​ក្រសួង​ទេសចរណ៍ ខ្ញុំ​សូម​សំដែង​នូវ​ការកោតសរសើរ​ដ៏​ជ្រាលជ្រៅ ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ផ្នែក​សាធារណៈ ឯកជន អង្គការ​ជាតិ និង​អន្ដរជាតិ ដែល​បាន​ចូលរួម​សហការ និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ពិសេស​ផ្នែក​សិប្បកម្ម​នៅ​កម្ពុជា​។ ជាងនេះទៅទៀត ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​មូលនិធិ​រដ្ឋាភិបាល​ជប៉ុន​សម្រាប់​កាត់បន្ថយ​ភាពក្រីក្រ (JFPR) និង​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ដែល​ជួយ​ឧបត្ថម្ភ​ដល់​គម្រោង​លើក​កំពស់​ទីផ្សារ​ផលិតផល​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក ខេត្ដ​កំពង់ធំ ព្រមទាំង​រៀបចំ  អនុវត្ដ​គម្រោង​សាកល្បង​ស្ដីពី​ការអភិវឌ្ឍ​យុទ្ធសាស្ដ្រ​ស្លាក​សញ្ញា​សិប្បកម្ម​នេះ​នៅ​ខេត្ដ​កំពង់ធំ ហើយ​ខ្ញុំ​សូមឲ្យ​ជួយ​ឧបត្ថម្ភ​ដល់​គម្រោ​ង​នេះ​ជា​បន្ដ​ទៀត​នៅ​ខេត្ដ​កំពង់ធំ និង​នៅ​តំបន់​មួយចំនួន​ទៀត​ទូទាំង​ប្រទេស សំដៅ​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​រួមចំណែក​ដល់​កំណើន​សេដ្ឋ​-​កិច្ច​ជាតិ និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​ជាទី​បញ្ចប់ ខ្ញុំ​សូម​ជូនពរ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា សូម​ទទួលបាន​នូវ​ពុទ្ធពរ ទាំង ០៤ ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ខ្ញុំ​សូម​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​នូវ​ស្លាកស​ញ្ញា “​កេ​រ្តិ៍​” លើ​វត្ថុ​សិប្បកម្ម និង​វត្ថុ​អនុស្សាវរីយ៍​ទេសចរណ៍​កម្ពុជា ចាប់ពី​ពេលនេះ​តទៅ​៕

​សូម​អរគុណ​!