ភាសាខ្មែរ
ក្រសួងទេសចរណ៍នៃ​ព្រះរាជាណាចក្រកម្ពុជា  
ព្រះរាជាណាចក្រ​អច្ឆរិយ
  • ចាប់ពី ថ្ងៃ​អាទិត្យ ទី06 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អង្គារ ទី08 ខែកញ្ញា ឆ្នាំ2015: PATA Travel Mart 2015
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី10 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​សៅរ៍ ទី12 ខែកញ្ញា ឆ្នាំ2015: International Travel Expo HCMC (ITE HCMC) 2015
  • ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015: ទិវាប្រកាសរដ្ឋធម្មនុញ្ញ
  • ចាប់ពី ថ្ងៃ​ព្រហស្បតិ៍ ទី24 ខែកញ្ញា ឆ្នាំ2015 ដល់ ថ្ងៃ​អាទិត្យ ទី27 ខែកញ្ញា ឆ្នាំ2015: JATA Travel Showcase 2015
 
Blog
Multimedia

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

ពិធីបុណ្យ​ភ្ជុំបិណ្ឌ

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខែ្មរ​យើង​មាន​រយៈពេល ១៥​ថ្ងៃ ដែល​ធម្មតា​ចាប់ផ្តើម​ពី​ចុង ខែកញ្ញា​រហូតដល់​ខែ តុលា។​ ពិធីបុណ្យ​នេះ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រលឹង​ដូនតា ឪពុកម្តាយ  រឺ​សាច់សាលោហិ​តដែល​បាន​ចែក​ស្ថាន​ទៅ ហើយ​នេះ​ជា​ពិធីបុណ្យ​មួយ​ដែល​ប្រជាពលរដ្ឋ​ខែ្មរ​ឲ​តម្លៃ និង​គោរព​ប្រណិប័តន៍​មិន​ដែល​ខកខាន ។

| បន្ត
មុខម្ហូបរបស់​កម្ពុជា

​ប្រហុក​ខ្ទិះ​

ប្រហុក​ខ្ទិះ គឺជា​មុខម្ហូប​ខ្មែរ​មួយ​ដែល​មានឱជារស​ឆ្ងាញ់​ពិសារ​។ ប្រហុក​គឺជា​ប្រភេទ​ត្រីប្រឡាក់ អំបិល​ហើយ​រក្សា​ទុក​ជា​យូរ​ខែ នៅក្នុង​ក្រឡ ឬ​ពាង | បន្ត

Cambodia Tourism Law - Kingdom of Wonder
Service Category
Weather & Forecast
N/A
N/A°C
Feels Like: N/A°C
Currency Exchange
1 EUR ≈ 5,409.76 KHR
1 USD ≈ 4,062.00 KHR
CNN SPOT Adventure Cambodia SPOT CNN SPOT
FAQ
Child Safe Tourism

អ្នកចូលទស្សនា

ម្សិល​មិញ
:
6,617
ថ្ងៃនេះ
:
3,407
សរុប
:
2,839,874
 

សុន្ទរកថា​បើក​ ​ឯកឧត្តម​ ថោ​ង​ ខុន​ ​នា​ឱកាស​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ទីក្រុង​ស្អាត​ ​និង​ពិធី​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​ ​រវាង​គ.​ជ.​វ.​ទ​.​ ក្រសួងទេសចរណ៍​ និង​ដៃគូ​ពាក់ព័ន្ធ​

សុន្ទរកថា​បើក​
​ឯកឧត្តម​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​
​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​
​នា​ឱកាស​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ទីក្រុង​ស្អាត​
​និង​ពិធី​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​
​រវាង​គ.​ជ.​វ.​ទ​.​.​ ក្រសួងទេសចរណ៍​ និង​ដៃគូ​ពាក់ព័ន្ធ​
​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​

- ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​
​- ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ ពិធីករ​-​ពិធីការនី​ ប្អូនៗ​យុវជន​ យុវនារី​ទាំងអស់​ ជាទី​មេត្រី​!​

​ជាបឋម​ តាង​នាម​ឱ្យ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ ក្រសួង​ទេសចរណ៍​ និង​ខ្លួន​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​សូម​សំដែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ ពិធីករ​-​ពិធីការនី​ តំណាង​ស្ថានីយ៍ទូរទស្សន៍​ និង​វិទ្យុ​នានា​ ពិសេស​ប្អូនៗ​យុវជន​ យុវនារី​ទាំងអស់​ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​អញ្ជើញ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ទីក្រុង​ស្អាត​ និង​ពិធី​ចុះអនុស្សារណៈយោគយល់​គ្នា​រវាង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ ក្រសួងទេសចរណ៍​ និង​ដៃគូ​ពាក់ព័ន្ធ​ ដ៏​មាន​សារៈសំខាន់​នា​ថ្ងៃនេះ​។​

​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​បណ្តាញ​ផ្សព្វផ្សាយ​ទាំងរដ្ឋ​ និង​ឯកជន​ ដែល​ជានិច្ចកាល​ផ្តល់​កិច្ចសហការ​ល្អ​ និង​ចូលរួម​គាំទ្រ​យ៉ាង​សកម្ម​ដល់​រាល់​យុទ្ធនាការ​នានា​ក្នុង​បុព្វហេតុ​ទីក្រុង​ស្អាត​។​

​ការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ទីក្រុង​ស្អាត​នា​ពេល​នេះ​គឺ​ដើម្បី​ជំរុញ​ការ​ចូលរួម​ពី​សំណាក់​គ្រប់​ភាគី​ពាក់ព័ន្ធ​ដល់​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ និង​ដើម្បី​ត្រៀមខ្លួន​ឆ្ពោះទៅ​ការ​រៀបចំ​ "​ទិវា​ជាតិ​ទីក្រុង​ស្អាត​"​ ដែល​នឹង​ប្រារ​ព្វ​ធ្វើ​នា​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ ខាង​មុខ​នេះ​ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​។​ លើស​ពី​នេះ​ទៅ​ទៀត​ ការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ក៏​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​សារៈសំខាន់​ និង​តួនាទី​ដ៏​មាន​តំលៃ​របស់​កំលាំង​យុវជន​កម្ពុជា​ និង​បណ្តាញ​ផ្សព្វផ្សាយ​ទាំង​រដ្ឋ​ និង​ឯកជន​ ក្នុង​ការ​ចូលរួម​ឱ្យ​បាន​សកម្ម​ខ្លាំងក្លា​ក្នុង​បុព្វហេតុ​ទីក្រុង​ស្អាត​ ពិសេស​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការ​អនុវត្ត​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ របស់​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ "​ទីក្រុង​ស្អាត​ជាទី​ក្រុង​ដែល​គ្មាន​សំរាម​ជា​ថង់​ប្លា​ស្ទីក​ហើរ​តាម​ខ្យល់​"​ ឱ្យ​បាន​មុន​ឆ្នាំ​២០១៥​។​ ការ​ជួបជុំ​លើក​នេះ​ក៏​ជា​លើក​ទី​ ៣​ ដែល​ក្រសួងទេសចរណ៍​ និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​បាន​រៀបចំ​ ជាមួយ​ពិធីករ​-​ពិធីការនី​ និង​តំណាង​ស្ថានីយ៍​វិទ្យុ​ និង​ទូរទស្សន៍​ទាំងអស់​ ស្រប​តាម​ស្មារតី​ដែល​បាន​ឯកភាព​គ្នា​ក្នុង​ការ​រៀបចំ​ជួបជុំ​ជា​រៀង​រាល់​ ៣​ ខែ​ម្តង​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការ​យល់​ពី​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ និង​ការ​អភិវឌ្ឍ​ វិស័យ​ទេសចរណ៍​ជា​រួម​នៅ​កម្ពុជា​។

​​- ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​
- ​ពិធីករ​-​ពិធីការនី​ ប្អូនៗ​យុវជន​ យុវនារី​ទាំងអស់​ ជាទី​មេត្រី​!

​ទន្ទឹម​ពេល​នឹង​ការ​សម្រេច​បាន​នូវ​កំណើន​ទេសចរណ៍​គួរ​ជាទី​មោទ​នៈរាជរ​ដ្ឋាភិ​បាល​កម្ពុជា​ដោយមានក្រសួងទេចរណ៍ជា​សេនាធិការបានកំណត់យកការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ប្រកប​ដោយ​​និរន្តរភាព​ និង​ការ​ទទួលខុស​ត្រូវជា​ចក្ខុវិស័យ​ ចំបង​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​។​ ​

ស្រប​ពេល​ដែល​ពិភពលោក​ទាំងមូល​កំពុង​បោះ​ជំហាន​នៅ​ក្នុង​ យុគសម័យ​ បៃតង​ (Green​ Era)​ ការ​អភិវឌ្ឍ​ទេសចរណ៍​បៃតង​ដែល​ជា​គំរូ​អភិវឌ្ឍន៍​គិតគូរ​ដល់​ការ​អភិរក្ស​ថែរក្សា​សម្បត្តិ​វប្បធម៌​ ធនធានធម្មជាតិ​ និង​បរិស្ថាន​ប្រកបដោយ​និរន្តរភាព​ គឺ​ពិតជា​មាន​សារៈសំខាន់​ និង​ចាំបាច់​ស្រប​នឹង​ពេលវេលា​ និង​តម្រូវការ​បច្ចុប្បន្ន​ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​និរន្តរភាព​។​ ក្នុង​ន័យ​នេះ​ ការ​អភិវឌ្ឍ​ទេសចរណ៍​បៃតង​ គឺ​ស្រប​នឹង​គំរូ​អភិវឌ្ឍ​បៃតង​ និង​ស្អាត​ ដែល​ជា​ជំរើស​ដ៏​វៃឆ្លាត​ និង​សក្តិ​សម​បំផុត​នា​ពេល​បច្ចុប្បន្ន​ដោយ​ត្រូវ​ធានា​ឱ្យ​បាន​នូវ​និរន្តរភាព​ និង​តុល្យភាព​ខាង​ផ្នែក​សេដ្ឋកិច្ច​ សង្គម​-​វប្បធម៌​ និង​បរិស្ថាន​។​

​ដើម្បី​ឆ្លើយ​តប​នឹង​និន្នាការ​ថ្មី​នេះ​ ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ "​ទីក្រុង​ស្អាត​ រមណីយដ្ឋាន​ស្អាត​ សេវា​ល្អ​"​ ដែល​ជា​ជម្រើស​ជា​ យុទ្ធសាស្ត្រ​ដ៏​សម​ស្រប​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ទេសចរណ៍​បៃតង​ និង​ចូលរួម​ធ្វើ​ឱ្យ​កម្ពុជា​ឆ្ពោះទៅ​រក​ភាព​ស្អាត​ និង​បៃតង​ "Cambodia​ Clean​ Cambodia​ Green"​។​ ក្នុង​ន័យ​នេះ​ ការ​ខិតខំ​របស់​យើង​ឱ្យ​គ្រប់​ក្រុង​/​ខណ្ឌ​ទាំងអស់​ ទីប្រជុំជន​ រមណីយដ្ឋាន​ទេសចរណ៍​ រហូត​ដល់​ភូមិ​-​ឃុំ​ត្រូវ​ស្អាត​ និង​មាន​ភាព​បៃតង​គឺជា​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា​មានការ​រីក​ចំរើន​រុងរឿង​ដែល​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈទាន​ "​ការ​អភិវឌ្ឍ​បច្ចុប្បន្ន​ គឺ​សំរាប់​យើង​បច្ចុប្បន្ន​ផង​ និង​កូនចៅ​ទៅ​ថ្ងៃ​អនាគត​ផង​"​។​

​ជាការ​ពិត​ណាស់​ថា​ ​ទីក្រុង​ជាផលិតផល​ទេសចរណ៍​ ជាគោលដៅទេសចរណ៍​មួយ​ដ៏​សំខាន់​សំរាប់​ភ្ញៀវ​ទេសចរ​ ពិសេស​ទេសចរ​យុវវ័យ​ ហើយភាពស្អាតបង្កើតនូវភាពទាក់ទាញ​ និង​ភាព​ស្រលាញ់​ចូល​ចិត្ត​របស់​មនុស្ស​គ្រប់ៗ​រូប​រាប់​ទាំង​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​ និង​អន្តរជាតិ​ផង​ដែរ​។​ ភាព​ស្អាត​បង្កើត​បាន​នូវ​ផា​សុខភាព​ អនាម័យ​ដល់​ជីវិត​រស់នៅ​របស់​មនុស្ស​យើង​គ្រប់ៗ​គ្នា​។​ ​

ជាក់ស្តែង​ ការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​ទេសចរណ៍​ទីក្រុង​ (Urban​ Tourism)​។​ ទេសចរណ៍​ទីក្រុង​ប្រមូលផ្តុំ​ទៅ​ដោយ​វប្បធម៌​-​ប្រពៃណី​ ប្រវត្តិសាស្ត្រ​ និង​ជាម​ជ្ឍ​មណ្ឌល​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​ ដែល​ជា​ផលិតផល​ទេសចរណ៍​មួយ​កំពុង​ពេញ​និយម​សំរាប់​ភ្ញៀវ​ទេសចរ​នា​យុគសម័យ​បច្ចុប្បន្ន​។​ ការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​នឹង​ចូលរួម​ជំរុញ​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ អនាម័យ​ បរិស្ថាន​ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ ពោល​គឺ​អភិវឌ្ឍ​បណ្តា​ទីក្រុង​ទាំងអស់​ឲ្យ​ក្លាយជា​កន្លែង​ដែល​ផ្តល់​នូវ​ភាព​កក់ក្តៅ​យ៉ាង​ពិតប្រាកដ​ក្នុង​ការ​រស់នៅ​ ប្រកប​កិច្ច​ការងារ​ ធ្វើ​អាជីវកម្ម​  ​ពាណិជ្ជកម្ម​ ការ​កម្សាន្ត​ និង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​បៃតង​ (Green​ Destination)​ប្រកបដោយ​គុណភាព​ស្តង់ដា​អន្តរជាតិ​ ពិសេស​ឆ្ពោះទៅ​រក​ការ​កសាង​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា​តាម​រយៈ​៖​

  • - ​ការ​ជំរុញ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​គ្រប់​ផ្នែក​
  • ​- ការ​ពង្រឹង​សន្តិសុខ​-​សុវត្ថិភាព​សង្គម
  • ​- ការ​ពង្រឹងគុណភាព​សេវាកម្ម​សាធារណៈ​ និង​សេវាកម្ម​ទេសចរណ៍​
  • ​- ការ​ចូលរួម​ដល់​ការ​អភិវឌ្ឍ​ទេសចរណ៍​បៃតង​នៅ​កម្ពុជា​
  • - និង​ការ​ចូលរួម​ដល់​ការ​ធ្វើ​សមាហរណកម្ម​កម្ពុជា​ទៅ​ក្នុង​តំបន់​ និង​សកលលោក​។​

- ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​
- ពិធីករ​-​ពិធីការនី​ ប្អូនៗ​យុវជន​ យុវនារី​ទាំងអស់​ ជាទី​មេត្រី​!

​ដើម្បី​ឲ្យ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ទទួល​បាន​ជោគជ័យ​ គឺ​ទាមទារ​ ឲ្យ​មានការ​ចូលរួម​ពី​យើង​ទាំងអស់​គ្នា​ទាំង​ផ្នែក​សាធារណៈ​ ផែ្ន​ក​ឯកជន​ ប្រជា​-​ ពលរដ្ឋ​ និង​ដៃគូ​អភិវឌ្ឍន៍​ (Public-Private-People-Partnership)​ ពោល​គឺ​ "​ទីក្រុង​-​ ស្អាត​ដើម្បី​ទាំងអស់​គ្នា​ ទាំងអស់​គ្នា​ដើម្បី​ទីក្រុង​ស្អាត​"​។​ ក្នុង​ន័យ​នេះ​ ការ​ចូលរួម​ របស់​យុវជន​ យុវនារី​ និង​បណ្តាញ​ផ្សព្វផ្សាយ​គឺជា​កត្តា​គន្លឹះ​ធានា​ដល់​ការ​សំរេច​ ជោគជ័យ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ​ ខ្ញុំ​សូម​សំដែង​នូវ​ការ​គាំទ្រ​ និង​អបអរសាទរ​ការ​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​យោគយល់​គ្នា​ (MOU)​ រវាង​ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ ក្រសួងទេសចរណ៍​ និង​ដៃគូ​ពាក់ព័ន្ធ​ នា​ពេល​បន្តិចទៀត​នេះ​ ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ និង​ការ​អនុវត្ត​យុទ្ធនាការ​នានា​គាំទ្រ​ដល់​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ មាន​ដូច​ជា​៖ ​

  • ការ​បង្កើត​ "​នាទី​ទីក្រុង​ស្អាត​"​ លើ​ទូរទស្សន៍​ និង​វិទ្យុ​អប្សរា​ និង​លើ​ទូរទស្សន៍​បា​យ័​ន‍​ ដោយ​ធ្វើការ​ផ្សាយ​ជា​រៀង​រាល់​ស​ប្តា​ហ៍​
  • ​ការ​អនុវត្ត​កម្មវិធី​ "​ទេសចរ​ម្នាក់​ ដើមឈើ​មួយ​ដើម​"​ នៅ​ខេត្តសៀមរាប​ ក្រោម​កិច្ចសហការ​រួម​គ្នា​រវាង​ក្រសួងទេសចរណ៍​ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ និង​ក្រុមហ៊ុន​ Excellence​ Capital​ Group
  • ​ការ​ផ្សព្វផ្សាយ​អំពី​ទីក្រុង​ស្អាត​លើ​ទស្សនាវដ្តី​ទេសចរ​ណ៌​កម្ពុជា​។​

​ដើម្បី​ឱ្យ​អនុស្សា​រណៈ​យោគយល់​គ្នា​ (MOU)​ នេះ​ អាច​អនុវត្ត​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ ក៏​ដូច​ជា​ដើម្បី​ត្រៀមខ្លួន​ឆ្ពោះទៅ​ការ​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​ នា​ស​ប្តា​ហ៍​ក្រោយ​ ខ្ញុំ​សូម​ស្នើ​នូវ​អនុសាសន៍​មួយ​ចំនួន​ ដូច​ខាងក្រោម​៖

  • ១.ស្នើ​បង្កើត​សកម្មជន​ទីក្រុង​ស្អាត​ (Eco-club)​ នៅ​តាម​សាលារៀន​ គ្រឹះស្ថានសិក្សា​ សហគ្រាស​ រោងចក្រ​ ស្ថានីយ៍​វិទ្យុ​ និង​ទូរទស្សន៍​ ដើម្បី​ឲ្យ​យុវជន​ យុវនារី​ពិធីករ​ និង​ពិធីការនី​ កម្មករ​ កម្ម​ការ​នី​ ក្លាយជា​អ្នក​ផ្សព្វផ្សាយ​ និង​អប់រំ​បន្ត​ក្នុង​បុព្វហេតុ​ទីក្រុង​ស្អាត​ហើយនឹង​ធ្វើការ​ប្រកាស​ និង​បកស្រាយ​ណែនាំ​លំអិត​នា​ឱកាស​ទិវា​ជាតិ​ទីក្រុង​ស្អាត​ នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ តែ​ម្តង​។​
  • ២.ស្នើ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ជំរុញ​ឱ្យ​យុវជន​របស់​សហភាព​សហព័ន្ធ​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​ សហការ​ចូលរួម​ក្នុង​នាទី​ទីក្រុង​ស្អាត​ ដោយ​ធ្វើការ​រាយការណ៍​ និង​ពិភាក្សា​ជុំវិញ​បញ្ហា​ទីក្រុង​ស្អាត​ឱ្យ​បាន​ជាប់​ជា​ប្រចាំ​។​
  • ៣.​ស្នើ​យុវជន​ យុវនារី​ ពិធីករ​ និង​ពិធីការនី​ទាំងអស់​ចូលរួម​ក្នុង​សកម្ម​-​ភាព​ និង​យុទ្ធនាការ​នានា​ក្នុង​បុព្វហេតុ​ទីក្រុង​ស្អាត​ ព្រមទាំង​ផ្សព្វ​-​ផ្សាយ​បន្ត​ទៅ​កាន់​អ្នក​ជុំវិញ​ខ្លួន​។​
  • ៤.​ស្នើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​រដ្ឋ​ និង​ឯកជន​ ជំរុញ​ការ​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ពី​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ ពិសេស​ជួយ​ផ្សព្វផ្សាយ​ពី​ការ​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​ នា​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ស​ប្តា​ហ៍​ក្រោយ​ (​រួម​ទាំង​ Pre-events​ និង​Post-events)​ ដើម្បី​បំផុស​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

​- ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​
​- ពិធីករ​-​ពិធីការនី​ ប្អូនៗ​យុវជន​ យុវនារី​ទាំងអស់​ ជាទី​មេត្រី​!

​ជា​ថ្មី​ម្តងទៀត​ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ចូលរួម​ដ៏​មាន​សារៈសំខាន់​របស់​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ ពិធីករ​-​ពិធីការនី​ តំណាង​ស្ថានីយ៍ទូរទស្សន៍​ និង​វិទ្យុ​នានា​ ពិសេស​ប្អូនៗ​យុវជន​ យុវនារី​ទាំងអស់​ ដែល​ជា​និច្ចកាល​បាន​រួម​សហការ​យ៉ាង​ជិត​ស្និត​ជាមួយ​ ក្រសួងទេសចរណ៍​ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ ក្នុង​ការ​ជំរុញ​ធ្វើ​ឱ្យ​គ្រប់​ក្រុង​ ខណ្ឌ​ ទីប្រជុំជន​ និង​រមណី​ដ្ឋា​ន​ទេសចរណ៍​ទាំងឡាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្លាយជា​ "​ទីក្រុង​ស្អាត​ជាទី​ក្រុង​ដែល​គ្មាន​សំរាម​ជា​ថង់​ប្លា​ស្ទីក​ហើរ​តាម​ខ្យល់​"​ ឱ្យ​បាន​មុន​ឆ្នាំ​២០១៥​។​ សូម​ពាំនាំ​ខ្លឹមសារ​នៃ​វគ្គ​បណ្តុះបណ្តាល​ដ៏​មាន​សារៈ​ សំខាន់​ នា​ពេល​នេះ​ទៅ​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ដល់​សាធារណៈជន​ និង​អ្នក​ពាក់ព័ន្ធ​ទាំង​-​ អស់​ ដើម្បី​ប្រមូល​ការ​គាំទ្រ​បំផុសគំនិត​ស្រលាញ់​ភាព​ស្អាត​ និង​បៃតង​ សំដៅ​ ជំរុញ​ការ​ចូលរួម​ក្នុង​បុព្វហេតុ​ទីក្រុង​ស្អាត​ ពោល​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​បណ្តា​ទីក្រុង​ ទាំងអស់​ប្រកបដោយ​ម​ជ្ឍ​ដ្ឋា​ន​រស់នៅ​ល្អ​ប្រសើរ​សំរាប់​ប្រជាពលរដ្ឋ​ និង​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​ និង​ផ្តល់​ភាព​កក់ក្តៅ​ដល់​ភ្ញៀវ​-​ទេចរ​ជាតិ​ និង​អន្តរជាតិ​។​

​ជាទី​បញ្ចប់​ ខ្ញុំ​សូម​គោរព​ជូនពរ​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ ពិធីករ​-​ពិធីការនី​ តំណាង​ស្ថានីយ៍ទូរទស្សន៍​ និង​វិទ្យុ​នានា​ និង​ប្អូនៗ​យុវជន​ យុវនារី​ទាំងអស់​ជួប​ប្រទះ​សេចក្តីសុខ​គ្រប់​ប្រការ​ និង​សូម​ទទួល​បាន​ពុទ្ធ​ពរ​ទាំង​ បួន​ប្រការ​ គឺ​អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ខ្ញុំ​សូម​ប្រកាស​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ទីក្រុង​ស្អាត​ និង​ពិធី​ចុះ​អនុ​ស្សា​រណៈ​យោគយល់​គ្នា​រវាង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ ក្រសួងទេសចរណ៍​ និង​ដៃគូ​ពាក់ព័ន្ធ​ ចាប់ពី​ពេល​នេះ​តទៅ​។​

សូម​អរគុណ​! ​